ជាតិ
ប្រកួតរាំបែបកីឡា មុនព្រឹត្តិ​ការណ៍​​ កីឡាអូឡាំពិកក្រុងប៉ារីស៍
31, May 2024 , 9:09 am        
រូបភាព
ភ្នំពេញ៖ វិទ្យាស្ថានបារាំងនៅកម្ពុជា នឹងរៀបចំការប្រកួត រាំបែបកី​ឡា​ ឬហៅថា (breakdance) ដើម្បីអបអរការដាក់បញ្ចូល​វិញ្ញាសានេះ ទៅក្នុងចំណោម​កីឡានានា ដែលត្រូវ​បានបន្ថែម​ទៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក​ឆ្នាំ២០២៤។ ការប្រកួតនេះ ប្រព្រឹត្តទៅនៅថ្ងៃទី៣១ ឧសភា និងថ្ងៃទី០១ មិថុនា ឆ្នាំ២០២៤ មុនការប្រារព្ធ ព្រឹត្តិការណ៍អូឡំាពិក ក្រុងប៉ារីស៍ឆ្នាំ២០២៤ និងក្នុងក្របខ័ណ្ឌនៃរដូវកាលវប្បធម៌ «រាំតាមខ្ញុំ»។

 
Breaking គឺជាប្រភេទរបាំ ដែលមានកំណើត នៅសហរដ្ឋអាមេរិក ក្នុងតំបន់Bronx ក្នុងអំឡុងឆ្នាំ១៩៧០។ របាំនេះជាផ្នែកមួយនៃវប្បធម៌ hip-hop។ ការរាំបែបកីឡានេះ អនុញ្ញាតឱ្យគេផ្សារភ្ជាប់រវាងកីឡា វប្បធម៌ និងតន្ត្រី ដោយសម្តែងការយល់ឃើញ ជា​លក្ខ​​​ណៈវប្បធម៌ ក្នុងអំឡុងពេលប្រឈមមុខគ្នា ដោយសន្តិភាពរវាងក្រុមយុវជន។ របាំនេះបានលេចឡើងនៅមជ្ឈដ្ឋានអូឡាំពិក ក្នុងអំឡុងកីឡាអូឡាំពិកយុវជន ឆ្នាំ២០១៨ នៅទីក្រុងប៊ុយណូហ្ស៊ែរ។ 
 
ការប្រកួតនេះ បានរៀបចំឡើង ដោយវិទ្យាស្ថានបារាំងនៅកម្ពុជា ដោយការចុះឈ្មោះចូលរួមធ្វើឡើង ពីថ្ងៃទី០៩ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា។ ការប្រកួតនេះ បើកឱ្យចូលរួមដោយសេរី និងដោយមិនគិតថ្លៃ សម្រាប់យុវជន យុវនារីកម្ពុជា ដែលមានអាយុលើសពី១៨ឆ្នាំ និងសម្រាប់ជនបរទេស ដែលបានស្នាក់នៅកម្ពុជា ចាប់ពី៥ឆ្នាំឡើងទៅ។ 
 
ការប្រកួតរាំទាំងអស់ តម្រូវឱ្យមានក្រុមពីរ រាំតទល់គ្នា ដោយមួយក្រុមៗ មានបេក្ខជនពីរនាក់។ អ្នកចូលរួមប្រកួត មាន២វគ្គ ដែល​មួយវគ្គៗ មានរយៈពេលមួយនាទី សម្រាប់ការជម្រុះ និងជ្រើសរើស ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បន្ទាប់មក បេក្ខជនដែលត្រូវបានជ្រើសរើស ត្រូវឡើងទៅជុំបន្ត ដែលមានបីវគ្គ ហើយមួយវគ្គៗ មានរយៈពេលមួយនាទី សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ។
 
បេក្ខជន ឬបេក្ខនារី​ពីរនាក់ ដែលរាំបានល្អជាងគេ ក្នុងការប្រកួតនឹងទទួលបានរង្វាន់ សម្រាប់ការធ្វើដំណើរ ទៅទីក្រុងប៉ារីស៍រយៈពេល១២ថ្ងៃ នៅក្នុងអំឡុងរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២៤។ សំបុត្រយន្តហោះទៅមក ការស្នាក់នៅសណ្ឋាគាររយៈពេល៩យប់ និងការទស្សនាទីកន្លែងវប្បធម៌នានា នៅទីក្រុងប៉ារីស៍ ដែលពាក់ព័ន្ធជាមួយនឹងរបាំ (រួមមានរោងល្ខោន Opéra ក្រុងប៉ារីស៍ មជ្ឈមណ្ឌលវប្បធម៌ Cent Quatre  និងមជ្ឈមណ្ឌលរបាំបារាំង)។ 
 
ក្នុងក្របខ័ណ្ឌនៃកម្ម​វិធីមហោស្រពសិល្បៈ CAMPING ពួកគេក៏នឹងបានចូលរួម ព្រឹត្តិការណ៍ប្រកួតរាំអន្តរជាតិ TROPHÉE MASTERS២០២៤ ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែតុលាផងដែរ។ រង្វាន់ផ្សេងទៀត រួមមានបាសប៊្លូធូស ប័ណ្ណអំណោយសម្រាប់ទិញទំនិញ នៅហាងសម្ភារៈកីឡា Décathlon និងរង្វាន់ផលិត​ផលអាហារ៕

Tag:
 សិល្បៈ
  វិទ្យាស្ថានបារាំង
  រាំ
  ព្រឹត្តិការណ៍
  កីឡា
  អូឡាំពិក
  ក្រុងបារីស៍
© រក្សាសិទ្ធិដោយ thmeythmey.com