ជាតិ
ធនាគារពិភពលោក អនុម័តថវិកាជិត៨០លានដុល្លារ សម្រាប់លើកកម្ពស់ការអប់រំនៅកម្ពុជា
31, May 2024 , 3:12 pm        
រូបភាព
ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទាន ៧៩, ៥ លានដុល្លារ កាលពីថ្ងៃទី៣០ ឧសភា សម្រាប់ពង្រីក និងលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ នៅទូទាំងប្រទេសកម្ពុជា។



កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ មានឥណទានចំនួន៦០លានដុល្លារ ដែលបានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោក សម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយ១៩,៥លានដុល្លារ បានមកពីអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ។ ទឹកប្រាក់ទាំងនេះ សម្រាប់ប្រើប្រាស់លើការពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័យ កាលពីខែមករា ឆ្នាំ២០២២។
 
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បាននិយាយថា ប្រទេសកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ នាពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែនៅតែមានបញ្ហាប្រឈមដ៏ធំនោះ គឺលទ្ធផលនៃការសិក្សារបស់សិស្សនៅមានកម្រិតទាប ហើយលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពក៏នៅខ្វះសមធម៌ដែរ។
 
«ការផ្ដល់ហិរញ្ញប្បទានបន្ថែមនេះ គឺដើម្បីពង្រឹងថែមទៀតនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់ សម្រាប់ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។ នេះបើតាមប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា។
 
ដោយឡែកលោកស្រី Laura Frigenti នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ បានប្ដេជ្ញាចិត្តជួយកម្ពុជា ពង្រីកការទទួលបានការអប់រំប្រកបដោយគុណភាព ទៅដល់កុមារជាច្រើនទៀត ជាពិសេសកុមារក្រីក្របំផុត។ លោកស្រី បានបន្ថែមថា៖«មូលនិធិបន្ថែមនេះ នឹងផ្ដល់ជា​ឱកាសសម្រាប់បង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធអប់រំ និងពន្លើឿនការងើបឡើងវិញនៃការសិក្សា បន្ទាប់ពីមានការប៉ះពាល់បង្កដោយការរាតត្បាតជំងឺកូវីដ-១៩»។
 
កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ នឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀត នៅទូទាំងប្រទេស ក្នុងនោះមានអនុវិទ្យាល័យចំនួន៥០០, សាលាបឋមសិក្សាចំនួន១០០០ និងសាលាមត្តេយ្យចំនួន៩០។ សកម្មភាពសំខាន់ៗរួមមាន៖ ពង្រីកការគ្រប់គ្រងតាមសាលារៀន , ផ្ដល់ឱកាសបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍វិជ្ជាជីវៈបន្ថែមទៀត សម្រាប់គ្រូបង្រៀន ថ្នាក់ដឹកនាំ និងបុគ្គលិកសាលា, សាងសង់ និងជួសជុលថ្នាក់រៀន បន្ទប់ពិសោធន៍ និងអគារសិក្សាបន្ថែមទៀត ក្រោមការរចនា ដែលធន់នឹងអាកាសធាតុ, សាកល្បងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាអប់រំ ដើម្បីបង្កើនម៉ោងសិក្សាប្រកបដោយគុណភាព, ធ្វើទំនើបកម្មសៀវភៅសិក្សា និងបង្កើតមគ្គុទេសក៍ គ្រូបង្រៀនស្របតាមកម្មវិធីសិក្សាជាតិ ,  ពង្រឹងការធ្វើផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃ ។
 
គម្រោងនេះ សង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កភាពងាយស្រួលដល់កុមារ មកពីក្រុមជួបការលំបាក គ្រួសារក្រីក្រ ឬសហគមន៍ជនជាតិដើមភាគតិច រួមទាំងតំបន់ដាច់ស្រយាល ឬរស់នៅក្នុងពិការភាព ដើម្បីបានទៅសាលារៀន និងទទួលបានឱកាសសិក្សាប្រកបដោយគុណភាព៕

Tag:
 ធនាគារពិភពលោក
  ហិរញ្ញប្បទាន
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com