ជាតិ
ព្រឹទ្ធសភា សម្រេចបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយប្រទេសចំនួន១១
31, May 2024 , 4:08 pm        
រូបភាព
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ រូបពី ព្រឹទ្ធសភា
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ រូបពី ព្រឹទ្ធសភា
ភ្នំពេញ៖ ព្រឹទ្ធសភា បានសម្រេចបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយប្រទេសចំនួន១១ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើផ្នែកនិតិប្បញ្ញត្តិ។ សម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅថ្ងៃទី៣១ឧសភានេះ ដឹកនាំកិច្ចប្រជុំ ដោយសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា។

 
ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភានៃបណ្តាប្រទេសទាំង១១នោះ រួមមាន ព្រឹទ្ធសភាប្រទេសបារាំង, សភាប្រឹក្សានយោបាយប្រជាជនចិន, រដ្ឋសភាតួកគី, ព្រឹទ្ធសភាប្រទេសថៃ, រដ្ឋសភានៃប្រទេសវៀតណាម, រដ្ឋសភាឡាវ, ក្រុមប្រឹក្សាសហព័ន្ធនៃរុស្ស៉ី, ព្រឹទ្ធសភាជប៉ុន, រដ្ឋសភាប្រទេសកូរ៉េ, ព្រឹទ្ធសភានៃសាធារណ-រដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល-ប៊ែលហ្ស៊ិក។
 
ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបង្កើតក្រុមសមាជិកព្រឹទ្ធសភាកម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភា ចំនួន៥ រួមមានសភាប្រើភាសាបារាំង (Assemblée Parlementaire de la Francophonie – APF), សហភាពអន្តរសភា (Inter-Parliamentary Union – IPU), វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Parliamentary Forum – APPF), សភាតំបន់អាស៊ី (Asian Parliamentary Assembly – APA), បណ្តាញសភានៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement Parliamentary Network – NAM-PN)។
 
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក៏បានបង្កើតក្រុមសមាជិកព្រឹទ្ធសភាកម្ពុជា សម្រាប់ត្រៀមសហការជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភាចំនួន៤ រួមមាន អន្តរសភាអាស៊ាន (ASEAN Inter-Parliamentary Assembly – AIPA), កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (Cambodia - Laos - Viet Nam (CLV) Parliamentary Summit), ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (Asia-Europe Parliamentary Partnership – ASEP) និងសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace – IPTP)។ 
 
សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធខាងលើ ជាកិច្ចប្រជុំលើកទី២ ដែលសម្ដេច ហ៊ុន សែន បានដឹកនាំប្រជុំ ដោយបានចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ, ចាត់តាំងក្រុមសមាជិកាព្រឹទ្ធសភា, ចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា និងចាត់តាំងគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា៕ 

Tag:
 ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com