RFI
អន្តរជាតិ
ការសិក្សាថា១ភាគ៨នៃកុមារពិភពលោករស់ប្រឈមនឹងរូបភាពអាសអាភាស តាមអ៊ីនធឺណិត
01, Jun 2024 , 7:39 pm        
រូបភាព
ដោយ៖ អៀង សុខម៉ិញ/ RFI ខេមរភាសា
 
១ភាគ៨នៃកុមារពិភពលោករស់ប្រឈមនឹងរូបភាពអាសអាភាស តាមអ៊ីនធ័រនែត ASSOCIATED PRESS - KATSUMI KASAHARA ការសិក្សាអង់គ្លេសចេញផ្សាយ កាលពីចុងខែឧសភាបានបង្ហាញថា ក្នុងឆ្នាំ២០២៣កន្លងទៅ មានក្មេងយ៉ាងហោចណាស់ម្នាក់ក្នុងចំណោម៨នាក់ បានមើល-បានឃើញរូបភាពអាសអាភាសផ្លូវភេទ។ ជាការប្រឈម ដោយមិនដឹងខ្លួន ដោយគ្មានការព្រមព្រៀងនិង ដោយការឆ្លៀតកេងចំណេញ។


 
នេះជាលើកទីមួយហើយដែលមានការសិក្សាវាយតម្លៃអំពីទំហំនៃបញ្ហាប្រឈមនឹងរូបភាពអាសអាភាសតាមបណ្តាញអ៊ីនធ័រនែត នៅលើពិភពលោក។ ដឹកនាំដោយវិទ្យាស្ថានChildlight នៃសាកលវិទ្យាល័យEdinbourgនៅអេកូស ការសិក្សាបានអះអាងថា ក្នុងអំឡុងមួយឆ្នាំកន្លងទៅ មានកុមារម្នាក់ក្នុងចំណោម៨នាក់នៅលើពិភពលោក ត្រូវជាប្រមាណ៣០២លាននាក់ បានប្រឈម ដោយមិនដឹងខ្លួន ដោយគ្មានការព្រមព្រៀង នឹងរូបភាពអាសអាភាសផ្លូវភេទ ក្នុងទម្រង់ជារូបថត ជាវីដេអូ។ 
 
ការថតរូបក្មេងបែបស៊ិចស៊ី ការស៊ែរចែកចាយរូបភាព ឬរូបមានខ្លឹមសារជាល្បែងផ្លូវភេទ ដោយគ្មានការព្រមព្រៀងពីម្ចាស់ជាក្មេងមិនទាន់ពេញវ័យ ក៏រាប់បញ្ចូលក្នុងការសិក្សានេះដែរ។ រូបភាពប្រឈមខ្លះទៀត មានទម្រង់ជាសារសរសេរបែបញែញុះញង់ផ្លូវភេទ ឬសុំឱ្យបញ្ចេញកាយវិការសកម្មភាពអាសអាភាសផ្លូវភេទ ពីសំណាក់មនុស្សធំពេញវ័យឬពីក្មេងវ័យស្របាលគ្នា។ នេះបើតាមការសិក្សាដដែលដែលបន្ថែមទៀតថា ក្មេងខ្លះទៀត ត្រូវលង់នឹងការសំឡុតឱ្យបញ្ចេញរូបថតកេរ្ត៍ខ្មាស និងប្រើបញ្ញាសិប្បនិម្មិតនៅពីក្រោយដើម្បីបិទបាំងរូបភាពពិតទៅជារូបភាពកែច្នៃ។ ការសំឡុតជំរិតដោយប្រើរូបថតបញ្ចេញកេរ្ត៍ខ្មាសលើក្មេងជំទង់ កើនឡើងយ៉ាងខ្លាំង។ សកម្មភាពសំឡុតជំរិតនេះ ជាទង្វើរបស់ក្រុមឧក្រិដ្ឋជនជាបណ្តាញនៅបរទេស ជាពិសេសនៅក្នុងប្រទេសអាហ្វ្រិកខាងលិច និងអាស៊ីអាគ្នេយ៍។
 
ករណីកុមាររងគ្រោះឬក្មេងប្រឈមនឹងរូបភាពអាសអាភាសតាមបណ្តាញអ៊ីនធឺណិតមានជារៀងរាល់មួយវិនាទី ពោលគឺជំងឺរាតត្បាតពិភពលោក ដែលលាក់មុខតាំងពីយូរយារមកហើយ។ នេះបើតាមប្រសាសន៍របស់លោក ប៉ូល ស្តិនហ្វៀល ប្រធានវិទ្យាស្ថានChildlight ដែលធ្វើការជាមួយប៉ូលិសអឺរ៉ុបអាំងទែរប៉ូល និងភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអង់គ្លេសNCA។ បាតុភូតក្មេងប្រឈមនឹងបញ្ហារូបភាពអាសអាភាសផ្លូវភេទតាមបណ្តាញអ៊ីនធឺណិតនេះមានកើតឡើងនៅក្នុងគ្រប់ប្រទេស និងរីកធំធាត់ជាលំដាប់ទៅតាមស្ថានភាពប្រទេសនីមួយៗ។ ជាឧទាហរណ៍ ក្មេងជិត២០%នៅអឺរ៉ុបខាងលិច និង១២,៥% នៅលើពិភពលោក។ ដូច្នេះចាំបាច់ត្រូវមានដំណោះស្រាយថ្នាក់ពិភពលោក ទើបបាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com