ជាតិ
កម្ពុជា សម្បូរសត្វស្លាបស្អាតៗ តែទាមទារឱ្យគ្រប់គ្នាជួយអភិរក្ស
02, Jun 2024 , 7:39 pm        
រូបភាព
ភ្នំពេញ៖ ពិព័រណ៍សត្វស្លាបនៅកម្ពុជា ដែលរៀបចំនៅជាន់ផ្ទាល់ដី នៃមជ្ឈមណ្ឌលបុប្ផាណា នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ តាមរយៈពិព័រណ៍សត្វស្លាប ដែលមានសត្វស្លាបចំនួន ២៧ប្រភេទ ដែលរស់នៅតំបន់នានា នៅទូទាំងប្រទេសកម្ពុជា បញ្ជាក់ថា នៅកម្ពុជា មានសល់សត្វស្លាបដ៏ស្រស់ស្អាតជាច្រើនប្រភេទ។ ទោះជាយ៉ាងណា សត្វទាំងនោះ ក៏កំពុងប្រឈមខ្លាំងនឹងការថយចុះចំនួន ដោយសារការគំរាមកំហែងពីការបាត់បង់ទីជម្រក ចំណី ការបរបាញ់ខុសច្បាប់ និងការប្រែប្រួលអាកាសធាតុជាដើម ដែលទាមទារការចូលរួមថែរក្សា និងអភិរក្សពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរក្សាវត្តមានសត្វស្លាបដ៏ស្រស់ស្អាត ទាំងនោះ មានវត្តមានកាន់តែច្រើន។


សកម្មភាពធ្វើបទបង្ហាញពីសត្វស្លាបនៅកម្ពុជា ក្នងមជ្ឈមណ្ឌលបុប្ផាណា ពីលោក ស៊ុយ សេងលីម (បុរសកាន់មេក្រូ)
 
លោក ស៊ុយ សេងលីម ជាអ្នកថតរូបសត្វស្លាបអាជីព បានចំណាយពេលជាង១០ឆ្នាំ ដើម្បីត្រាច់ចរថតរូបសត្វស្លាបដ៏ស្រស់ស្អាត នៅជុំវិញប្រទេសកម្ពុជា។ សត្វទាំងនោះ មានទាំង សត្វកម្រ សត្វជិតផុតពូជ និងសត្វដែលនៅសេសសល់ច្រើន។
 
ជ្រើសរើសយករូប ដែលពេញចិត្តប្រមាណតែជិត៣០ផ្ទាំង ចេញពីរូបថតប្រមាណ៤០០រូប បុរសសម្បុរស មុខមានប្រជាប្រិយ សេងលីម ថាគោលបំណងធំ នៃការតាំងពិព័រណ៍នេះ គឺដើម្បីបង្ហាញ សោភ័ណភាពសត្វស្លាប ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ពិព័រណ៍នេះ ក៏មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសត្វស្លាប និងជំរុញឱ្យមានការស្រឡាញ់ ចូលចិត្តចំពោះបេតិកភណ្ឌធម្មជាតិ របស់ប្រទេសជាតិ។ 
 
ឆ្លងកាត់ដំណើរផ្សងព្រេង ចេញពីវាលចូលព្រៃ ចេញពីព្រៃ ឡើងភ្នំ ប្រមាណមួយទសវត្សរ៍ បុរសស្រឡាញ់ការថតរូបម្នាក់នេះ ថាកម្ពុជានៅមានសត្វស្លាបស្អាតៗជាច្រើន។ ចំណែកសម្រស់ធម្មជាតិ និងជីវចម្រុះល្អៗ ក៏នៅរាយប៉ាយទូទាំងប្រទេសដែរ។
 
បានឃើញផ្ទាល់ភ្នែក នូវសម្បត្តិធម្មជាតិ ដ៏ស្រស់ត្រកាសបែបនេះ លោក សេងលីម ស្នើ ប្រជាជនខ្មែរ ចូលរួមអភិរក្ស សត្វស្លាប ព្រៃឈើ និងជីវចម្រុះទាំងអស់គ្នា ដើម្បីឱ្យសត្វ ទាំងនោះ បន្តមានវត្តមានកាន់តែច្រើនឡើង។

លោក ស៊ុយ សេងលីម អ្នកថតរូបសត្វស្លាបអាជីព
 
«សត្វស្លាបមានតួនាទីសំខាន់ ក្នុងការជួយឱ្យមានលំនឹង ក្នុងប្រព័ន្ធអេកូឡូស៊ី ហើយថែម ទាំងជួយ វិស័យទេសចរណ៍ផង។ ខ្ញុំមិនអាចកំណត់ថា ត្រូវទៅប៉ុន្មានដង ទើបថតបានរូបទេ។ ចួនទៅច្រើនដង ទើបអាចថតបាន ព្រោះសត្វខ្លះមិនងាយបង្ហាញខ្លួន»។ នេះជាការបញ្ជាក់បន្ថែម របស់លោក ស៊ុយ សេងលីម។
 
លោក ផន ភារិទ្ធ ហៅ មីល័រ គឺជាអ្នកបណ្ដុះបណ្ដាលផ្នែកថតរូប ហើយក៏ជាអ្នកថតរូប ឯក រាជ្យ មួយរូបដែរ។ អ្នកជំនាញរូបនេះ ក៏យល់ឃើញដូចម្ចាស់ស្នាដៃពិព័រណ៍ដែរថា ការថតសត្វស្លាប ជាចំណែកនៃការផ្សព្វផ្សាយ ពីជីវចម្រុះនៅកម្ពុជា។ បុរសសម្បុរស្រអែមមាឌមាំ រូបនេះ ថាសត្វស្លាប ជួយសក្ដានុពលទេសចរណ៍ ជួយសេដ្ឋកិច្ចសហគមន៍ និងជួយដល់ សេដ្ឋកិច្ចសង្គមទាំងមូល។ 
 
អ្វីដែលបុរសវ័យកណ្ដាលរូបនេះ មើលឃើញទៀតនោះ គឺការតាំងពិព័រណ៍នេះ ជាផ្នែកមួយ ជួយឱ្យប្រជាជនខ្មែរ ស្គាល់សត្វជាអត្តសញ្ញាណជាតិ ស្គាល់សត្វដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជា ដែលនៅបរទេស មិនមានសត្វទាំងនោះ។ លោកថា ប្រជាជនខ្មែរ គួរតែមានមោទកភាព ពេលឃើញសត្វស្លាបក្នុងប្រទេស នៅសល់ច្រើន ហើយទាំងអស់គ្នា ត្រូវចូលរួមអភិរក្សសត្វស្លាបទាំងនោះ។ 

លោក ផន ភារិទ្ធ ហៅ មីល័រ ជាអ្នកបណ្ដុះបណ្ដាលផ្នែកថតរូប ហើយក៏ជាអ្នកថតរូប ឯករាជ្យ
 
លោក មីល័រ ពន្យល់បន្ថែម៖«ពិព័រណ៍នេះ បង្ហាញការអប់រំដល់ក្មេងៗ ឱ្យចេះស្រឡាញ់ និង មានមនោសញ្ចេតនាដល់សត្វ។ សត្វស្លាបនៅកម្ពុជា ប្រឈមខ្លាំងលើទីជម្រក ដោយសារពួកវារស់នៅក្នុងព្រៃ។ ប្រសិនបាត់ជម្រក សត្វទាំងនោះ នឹងមិននៅស្រុកខ្មែរទៀតទេ។ ប្រ ជាពលរដ្ឋខ្មែរ ត្រូវតែចូលរួមការពារជម្រករបស់សត្វទាំងនោះឱ្យបានត្រឹមត្រូវ កុំឱ្យមានការ បាត់បង់ ដើម្បីកុំឱ្យមានការស្ដាយក្រោយ។ ការបរបាញ់សត្វស្លាប គឺជារឿងខុសច្បាប់។ សូមឈប់បរបាញ់ ឈប់ដាក់អន្ទាក់ ដើម្បីឱ្យសត្វស្លាប នៅកម្ពុជាសម្បូរឡើងវិញ។ សូម ចូលរួមអភិរក្សសត្វស្លាប ព្រោះវាអាចលើកមុខមាត់ប្រទេសជាតិ»។ 
 
ចំណែកលោក ម៉េង ហួរ ជាអ្នកធ្វើការក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ក៏ជាអ្នកចូលចិត្តថតរូបសត្វស្លាបដែរ។ បានចាប់ផ្ដើមដើរថតរូបសត្វស្លាប តាំងពីប្រមាណ៥ឆ្នាំមុន តំបន់ ដែលលោកចូលចិត្តទៅថតជាងគេ គឺក្នុងរាជធានីភ្នំពេញ ខេត្តកំពត កោះកុង សៀមរាប និងតាមខេត្តផ្សេងៗទៀត ដែលមានតំបន់ព្រៃឈើ។ 
 
បានចូលរួមស្ដាប់បទបង្ហាញរបស់ម្ចាស់ស្នាដៃពិព័រណ៍ លោក ម៉េង ហួរ ថាការតាំងពិព័រណ៍ នេះ គឺជាសកម្មភាពដ៏ល្អ ក្នុងការបង្ហាញដល់យុវជនជំនាន់ក្រោយ និងសាធារណជន បានដឹងពីសារសំខាន់នៃសត្វស្លាប។ 

លោក ម៉េង ហួរ ជាអ្នកធ្វើការក្នុងក្រុមហ៊ុនឯកជន ក៏ជាអ្នកចូលចិត្តថតរូបសត្វស្លាប
 
បុរសសម្បុរស្រអែម រាងស្គមរូបនេះ ថាសត្វស្លាបក៏ជាផ្នែកមួយនៃសក្ដានុពលទេសចរណ៍ ដែរ។ ប៉ុន្តែអ្វីដែលលោកសង្កេតឃើញនោះ គឺកម្ពុជា ពុំទាន់បានបង្កើតកន្លែងទេសចរណ៍គយគន់សត្វ បានសម្បូរបែបនៅឡើយ។
 
«នៅប្រទេសជិតខាង វិស័យថតសត្វស្លាប រីកចម្រើនខ្លាំង រហូតដល់អាចរកចំណូលបាន ពី ការនាំភ្ញៀវទៅមើលសត្វទាំងនោះ។ ចំណូលដែលរកបាន គេគិតទៅតាមប្រភេទសត្វស្លាប ទីតាំងដែលសត្វទាំងនោះរស់នៅជាដើម។ ស្រុកខ្មែរវិស័យទេសចរណ៍ ក្នុងការមើលសត្វ ស្លាប នៅមានតិច។ ការបរបាញ់មានច្រើន និងការរំខានទីជម្រករបស់សត្វក៏ច្រើន។ ខ្ញុំចង់ ឱ្យពលរដ្ឋ ព្យាយាមសិក្សា និងទាញប្រយោជន៍ ដោយប្រយោលពីសត្វស្លាប ដើម្បីបាន ចំណូលចូលសហគមន៍ ចៀសវាងការបរបាញ់ ឬទាញ់ប្រយោជន៍ សម្រាប់តែបុគ្គល ផ្ទាល់ ខ្លួន»។ នេះជាការទទូចរបស់បុរស ដែលស្រឡាញ់សត្វព្រៃ និងសត្វស្លាប។
 
លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ថាការតាំង ពិព័រណ៍សត្វស្លាប នៅកម្ពុជានេះ នឹងជួយឱ្យយុវជនកម្ពុជា ស្រឡាញ់ធនធានធម្មជាតិកាន់ តែច្រើនឡើង ពិសេសផ្នែកជីវចម្រុះ។ បន្ថែមពីនោះ លោកថា ប្រសិនសាធារណជន មាន បំណងស្ដាប់បាឋកថា ស្ដីពីសត្វស្លាបនៅកម្ពុជា ទាក់ទងនឹងទីជម្រក និងឥរិយាបទរស់នៅ ក៏ដូចជាការរកចំណី របស់សត្វស្លាបទាំងនោះ ម្ចាស់ស្នាដៃពិព័រណ៍ ក៏អាចបង្ហាញជូនបានដែរ។

លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា
 
«ខ្ញុំគិតថា យុវជនគួរចំណាយពេលខ្លះ ស្វែងយល់ពីរតនសម្បត្តិរបស់ខ្មែរ ដែលមានដូចជាសត្វស្លាបនេះជាដើម។ សត្វខ្លះមានតែនៅកម្ពុជាប៉ុណ្ណោះ ហើយប្រទេសផ្សេងមិនមានទេ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក ជា សុភាព។
 
ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌលបុប្ផាណា ពិព័រណ៍នេះបានដាក់បង្ហាញ ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ហើយនឹងបន្តរហូតដល់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤។ សាធារណជន អាចចូលទស្សនាពិព័រណ៍ ពីម៉ោង៨ព្រឹក រហូតដល់៦ល្ងាច រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ។ ចំណែកថ្ងៃសៅរ៍ ពិព័រណ៍បើកពីម៉ោង២រសៀល ដល់ម៉ោង៦ល្ងាច។ ពិព័រណ៍នេះ ផ្ដល់ឱកាសឱ្យសាធារណជន ស្វែងយល់អំពីអន្តរកម្ម នៃប្រព័ន្ធអេកូឡូស៊ី ជម្រកសត្វស្លាប និងបច្ចេកទេសថតរូបសត្វព្រៃ ជាពិសេសផ្ដោតលើសត្វស្លាបព្រៃ របស់កម្ពុជា។
 
បើតាមឯកសាររបស់លោក ស៊ុយ សេងលីម ម្ចាស់ស្នាដៃពិព័រណ៍ នៅប្រទេសកម្ពុជា សម្បូរ ទៅដោយទីជម្រក សម្រាប់សត្វព្រៃជាច្រើនប្រភេទ មានដូចជាព្រៃស្រោង ព្រៃរបោះ ព្រៃ កោងកាង និងតំបន់ដីសើម។ យោងតាមកំណត់ត្រា សត្វស្លាបមានប្រហែល៦០០ប្រភេទ កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយមានអនុប្រភេទសត្វស្លាបជាច្រើន ដូចជា ចកវ៉កកម្ពុជា មាន់ក្រិច និងចាបតេតកម្ពុជា ដែលទើបរកឃើញថ្មីៗនេះ។ នេះបានបង្ហាញ ឱ្យឃើញថា ប្រទេសកម្ពុជា សំបូរទៅដោយជីវចម្រុះ គួរឱ្យកត់សម្គាល់។

កុមារជាជនបរទេសកំពុងទស្សនាពិព័រណ៍
 
សូមបញ្ជាក់ថា លោក ស៊ុយ សេងលីម គឺជាស្ថាបនិកគម្រោងអប់រំ និងអភិរក្សសត្វស្លាប នៅកម្ពុជា (BCEC)។ គម្រោងនេះ ត្រូវបានបង្កើតឡើង ក្នុងខែមីនា ឆ្នាំ២០១២។ គោលដៅ របស់លោក សេង លីម គឺដើម្បីចូលរួមអប់រំ នៅតាមសាលារៀន និងតាមទីសាធារណៈ ពី ក្រុមបក្សីនៅកម្ពុជា។ 
 
ដំណើរឆ្ពោះទៅកាន់ការថតរូប របស់លោក ស៊ុយ សេងលីម បានចាប់ផ្ដើមក្នុងទសវត្សរ៍ ឆ្នាំ ២០០០ នៅពេលដែលលោក បានជួបអ្នកកាសែតជនជាតិបារាំងម្នាក់។ អ្នកកាសែតជាតិ បារាំងរូបនោះ បានបណ្ដុះចំណង់ចំណូលចិត្តរបស់លោក ឱ្យចាប់ផ្ដើមស្រឡាញ់ការថតរូប ។ 
 
ការស្រឡាញ់នោះ ក៏បានរីកដុះដាល ទៅជាការប្ដេជ្ញាចិត្តមួយ ក្នុងការក្លាយជាអ្នកថតរូប សត្វព្រៃ ជាពិសេសផ្ដោតលើ សត្វព្រៃដ៏សម្បូរបែប ក្នុងប្រទេសកម្ពុជា។ ដោយមើលឃើញ ការធ្លាក់ចុះនៃជីវចម្រុះ នៅស្រុកមុខកំពូល ក្នុងខេត្តកណ្ដាល ដែលជាស្រុកកំណើតខ្លួន លោក សេង លីម បានចាប់ផ្ដើមគម្រោងថតរូប ដើម្បីលើកកម្ពស់ការយល់ដឹង អំពីការបាត់ បង់ទីជម្រក។ 

ផ្ទាំងរូបថតសត្វស្លាប ដែលតាំងពិព័រណ៍
 
ក្នុងនាមជាស្ថាបនិក នៃគម្រោងអប់រំ និងអភិរក្សសត្វស្លាបកម្ពុជា (BCEC) លោកបានប្រើ ប្រាស់ចំណេះ និងជំនាញផ្សេងៗរបស់ខ្លួន ក្នុងការតស៊ូមតិសម្រាប់ការអប់រំសត្វព្រៃ ឆ្ពោះ ទៅរកការអភិរក្ស។ នេះគឺជាកិច្ចខិតខំប្រឹងប្រែង និងជាការលះបង់មួយ ដែលលើស ពីការ ថតរូប។ លោក ស៊ុយ សេងលីម បានចែករំលែក ចំណេះដឹង របស់លោក អំពីសត្វស្លាប ជីវសាស្ត្រសត្វស្លាប និងទីជម្រករបស់វា តាមរយៈការធ្វើបទបង្ហាញ នៅសកលវិទ្យាល័យ និងអង្គការនានា។
 
លោក ស៊ុយ សេងលីម គ្រោងបោះពុម្ព សៀវភៅជាភាសាខ្មែរ ក្នុងគោលបំណងបំផុស គំនិតយុវជនជំនាន់ក្រោយ ឱ្យចូលរួមអភិរក្សសត្វព្រៃកាន់តែសកម្ម។ លោក សេងលីម សង្ឃឹមថាការប្រឹងប្រែងរបស់ខ្លួន នឹងជំរុញឱ្យមានការស្រលាញ់ និងយកចិត្តទុកដាក់ កាន់ តែខ្លាំង ចំពោះរតនសម្បត្តិធម្មជាតិ របស់កម្ពុជា និងជំរុញឱ្យមានការ ខិតខំប្រឹងប្រែង អភិរក្សប្រកបដោយប្រសិទ្ធភាព៕

សកម្មភាពសាធារណជន ឈរស្ដាប់ការធ្វើបទបង្ហាញពីសត្វស្លាបនៅកម្ពុជា ដោយលោក ស៊ុយ សេងលីម
 
 

Tag:
 សត្វស្លាប
  សត្វ
  កម្ពុជា
  អភិរក្ស
© រក្សាសិទ្ធិដោយ thmeythmey.com