ភ្នំពេញ៖ ៦ខែនេះ សមត្ថកិច្ចបានបង្កើនការបង្ក្រាបក្រុមក្មេងទំនើង ដោយបានបញ្ជូនទៅតុលាការជាង៤០០នាក់ ខណៈដែលពន្ធនាគារចង្អៀតណែន។
សមត្ថកិច្ចបានបង្ក្រាបសកម្មភាពក្មេងទំនើង ប្រមាណ៨០០ករណី នា៦ខែនេះ ពោលគឺកើនឡើង២០០ករណី បើធៀបនឹងឆ្នាំ២០២៣ ។ ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង ប្រមាណ២០០០នាក់ ហើយក្នុងនោះ១៥០០នាក់ ត្រូវបានសមត្ថកិច្ចអប់រំ ធ្វើកិច្ចសន្យា និងប្រគល់ទៅអាណាព្យាបាលវិញ។ យ៉ាងណាក៏ដោយ មានក្មេងទំនើងជាង៤០០នាក់ ត្រូវបាន បញ្ជូនទៅតុលាការ ដោយសង្ស័យថា ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងព្រហ្មទណ្ឌ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន។
ជុំវិញករណីនេះ លោក យង់ គឹមអេងប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការបង្ក្រាបក្មេងទំនើងជារឿងល្អប្រសើរ ប៉ុន្តែការបញ្ជូនពួកគេជាច្រើនរយនាក់ ទៅតុលាការគឺជារឿងគួរឱ្យព្រួយបារម្ភទៅវិញ។ លោក សង្កត់ធ្ងន់ថា ក្មេងដែលបញ្ជូនទៅតុលាការទាំងនោះ អាចប៉ះពាល់ដល់អនាគតរៀនសូត្ររបស់ពួកគេ ដែលស្ថិតក្នុងវ័យសិក្សា។
«ការចាប់បញ្ជូនទៅតុលាការមិនមែនជាជម្រើសល្អទេ! ជម្រើសល្អ គឺគួរមានមណ្ឌលអប់រំកែប្រែពួកគាត់ដូចការសិក្សា។ បើសិនជាដាក់ទោសពួកគេ តើដាក់ទោសបែបណា លើករណីទំនើង?...ការដាក់ទោសមិនមែនជាវិធានការចុងក្រោយ ក្នុងការផ្លាស់ប្ដូរឥរិយាបថរបស់គាត់(ក្មេងទំនើង)ទេ ប៉ុន្តែវាជាដំណាក់កាលចុងក្រោយ ទប់ស្កាត់បទល្មើស»។ នេះជាការលើកឡើងរបស់លោក គឹមអេង ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី៣ មិថុនា ។
លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព។ រូបពីហ្វេសប៊ុករបស់លោក គឹមអេង
លោក គឹមអេង ស្នើឱ្យមានការជជែកគ្នាឱ្យបានផុសផុលលើការអនុវត្តច្បាប់លើក្រុមក្មេងទំនើង ពិសេស ការចោទប្រកាន់លើក្រុមក្មេង ដែលរងគ្រោះពីឥទ្ធិពលអវិជ្ជមានក្នុងសង្គម។ ជាមួយគ្នានេះ លោកស្នើឱ្យអាជ្ញាធរពិនិត្យមើលបរិយាកាសសង្គមឡើងវិញ ដូចជាករណីផ្សព្វផ្សាយគ្រឿងស្រវឹង បទល្មើសគ្រឿងញៀន និងសីលធម៌សង្គម ។ ដើម្បីដោះស្រាយបញ្ហាសង្គមខាងលើ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ថា រដ្ឋាភិបាលគួរបង្កើតកន្លែងលេងកីឡា កន្លែងជួបជុំយុវជនឱ្យបានច្រើន ដើម្បីឱ្យពួកគេ មានពេលបានគិតគូរពីសង្គម ហើយជៀសឆ្ងាយពីគ្រឿងញៀន។
ទាក់ទិននឹងការឃុំខ្លួនបុគ្គណាម្នាក់នៅពន្ធនាគារ មិនមែនជាសិទ្ធិអំណាចរបស់ក្រសួងមហាផ្ទៃឡើយ។ ការឃុំខ្លួន គឺជាសេចក្ដីសម្រេចរបស់តុលាការ ហើយមន្ត្រីពន្ធនាគាររបស់ក្រសួងមហាផ្ទៃ បានត្រឹមតែអនុវត្តតាមការសម្រេចរបស់តុលាការប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ តុលាការពុំមែនឃុំខ្លួន ពិសេសក្មេងៗនោះទេ គឺលុះត្រាតែតុលាការរកឃើញថា បុគ្គលនោះ បានប្រព្រឹត្តបទល្មើស ទើបសម្រេចឃុំខ្លួន ហើយបន្តការស៊ើបអង្កេត។ នេះជាការបកស្រាយរបស់លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ។
លោកពន្យល់បន្ថែមថា ការសម្រេចឃុំខ្លួនរបស់តុលាការ គឺអាចផ្អែកលើចរិតនៃបទល្មើស។ «សង្គមកំពុងប្រឈមនឹងបញ្ហាគ្រឿងញៀន ក្រុមក្មេងទំនើង! បើយើងមិនសម្រេចក្នុងការឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីទេ ហើយយើងដោះលែង។ វាច្បាស់ណាស់ កុមារ អនីតិជន ឬជនដទៃទៀត មើលឃើញពីការលើកលែង ការយោគយល់។ ដូច្នេះ អំពើប្រព្រឹត្តនឹងកើតឡើងច្រើន ក្នុងមូលដ្ឋានសង្គម»។ នេះជាការយល់ឃើញរបស់លោក សុឃៈ ដែលបន្ថែមថា តុលាការសម្រេចឃុំខ្លួន ក៏ព្រោះហេតុផលទាំងអស់នេះ ។ លោកអះអាងថា ទាំងសមត្ថកិច្ច ទាំងតុលាការ ពុំចង់ឃុំខ្លួនក្មេងទំនើងច្រើននាក់បន្ថែមទៀតទេ ខណៈពន្ធនាគារកំពុងចង្អៀតណែន។
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ រូបពី ហ្វេសប៊ុក លោក សុឃៈ
គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្នុងពន្ធនាគារ មានអនីតិជនចំនួន ២.២១៤ នាក់ ។ កុមារតូចៗ និងអនីតិជន ត្រូវបានដាក់ឱ្យជាប់នៅក្នុងពន្ធនាគារជាច្រើនកន្លែងទូទាំងប្រទេស ដែលមានលក្ខណៈចង្អៀតណែន និងកង្វះបរិក្ខារ និងធនធានគ្រប់គ្រាន់។ ចំនួនកុមារ និងអនីតិជន ដែលកំពុងរស់នៅក្នុងពន្ធនាគារ កំពុងបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់អង្គការលីកាដូ ។
អង្គការនេះ បានអំពាវនាវដល់ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ស្ថាប័នតុលាការ និងស្ថាប័នអនុវត្តច្បាប់ដទៃទៀត សូមបញ្ឈប់ការប្រើប្រាស់ការឃុំខ្លួនក្នុងពន្ធនាគារ លើកុមារ និងអនីតិជន ហើយសូមប្រើប្រាស់ជម្រើសទោសផ្សេងទៀតជាបន្ទាន់ និងជាលក្ខណៈប្រព័ន្ធ ជំនួសឱ្យការឃុំខ្លួនក្នុងពន្ធនាគារ។
អ្នកនាពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ យល់ព្រមទទួលយកសំណូមពរ របស់អង្គការលីកាដូ ប៉ុន្តែស្ថានភាពសង្គម គឺត្រូវឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី ដើម្បីការពារសន្តិសុខសង្គម មូលដ្ឋាន និងកុមារផងដែរ៕