ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំចេញស្វាយចន្ទីជាង ៦៦.៧ម៉ឺនតោន គិតជាប្រាក់ជាង​ ៨៥១លានដុល្លារ​
04, Jun 2024 , 2:45 pm        
រូបភាព
កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ បានចំនួន​ ៧១៦ ០០០តោន ចាប់ពីខែមករាដល់ឧសភា ក្នុងនោះ ​បរិមាណគ្រាប់ស្វាយចន្ទីចំនួន ៦៦៧ ០០០ តោន​ត្រូវបាននាំចេញទៅប្រទេស​វៀតណាម។ នេះបើយោងតាមទិន្នន័យរបស់ សមាគមស្វាយចន្ទីកម្ពុជា(ស.ស.ក) នៅថ្ងៃទី៤ ខែមិថុនា​។

 
ទិន្នន័យដដែលបញ្ជាក់ថា ទំហំនាំចេញ គិតជាទឹកប្រាក់ ស្មើនឹងប្រមាណ ៨៥១លានដុល្លារ ខណៈបរិមាណនាំចេញកើនឡើងប្រមាណ ៣៨ភាគរយ ធៀបនឹងរយៈ​ពេលដូចគ្នា​ឆ្នាំ​២០២៣ ដែលមានត្រឹម ៤៨៣ ០០០តោន ឬស្មើ ៦៦០លានដុល្លារ។ គិតជាទឹកប្រាក់ពីការ​នាំ​ចេញស្វាយចន្ទីវិញ គឺកើនជិត៣០ភាគរយ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បញ្ជាក់ថា ​ការកើនឡើងនេះ គឺដោយ​សារ​​ផ្ទៃដីដាំដុះស្វាយចន្ទីកើនឡើង គួបផ្សំនឹងសមាជិកសមាគមបានត្រៀមខ្លួន និង​ទទួល​បាន​ដំណោះស្រាយទប់ទល់នឹងបាតុភូតអែលនីញ៉ូទាន់ពេលពីស.ស.ក ​ដែល​ធ្វើឱ្យទិន្ន​​ផល​ស្វាយ​ចន្ទី​ល្អប្រសើរ។ ជាមួយគញនា ​សមាជិកសមាគម បាននាំគ្នាហាលគ្រាប់ស្វាយចន្ទី ទុក តាមការអំពាវនាវ របស់ ស.ស.ក ក្នុងគ្រាដែលតម្លៃស្វាយចន្ទីធ្លាក់ចុះខ្លាំង នៅចន្លោះ​ខែ​កុម្ភៈ និងដើមខែមីនា។ ការណ៍នេះ បានធ្វើឱ្យលំហូរគ្រាប់ឆៅ​នៅលើ​ទីផ្សារវៀតណាម​ធ្លាក់ចុះ ៣២ភាគរយ ហើយដល់ពាក់កណ្តាលខែមីនា ទើបតម្លៃងើបឡើងវិញ។
 
ក្រៅពីកត្តាខាងក្នុង បណ្ដាប្រទេសផលិតគ្រាប់ចន្ទីធំៗនៅតំបន់អាហ្វ្រិក ក៏រងការ​ខូច​ខា​ត​ខ្លាំងដោយសារវិបត្តិអាកាសធាតុ ហើយប្រទេសខ្លះ បានដាំដុះតាមយថាផល។ ក្នុង​បរិបទ​នេះ កូតឌីវ័រ ដែលជាប្រទេសផលិតស្វាយចន្ទីធំជាងគេលើពិភពលោក ​បានផ្អាក​ការ​នាំ​ចេញ​បណ្ដោះអាសន្ន ដើម្បីផ្គត់ផ្គង់រោងចក្រកែច្នៃក្នុងស្រុក ដែលនាំឱ្យតម្លៃកើន​ឡើង​បន្តិច​។ បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃមធ្យម ១ ៧៣០ដុល្លារ ក្នុងមួយតោន។
 
«នៅអាហ្វ្រិកខាងលិច ដែលជាប្រទេសផលិតស្វាយចន្ទីធំៗ ក៏ជួបប្រទះបញ្ហាអាកាសធាតុ ដែល​ធ្វើឱ្យខូចផល​ដែរ ក្នុងនោះកូតឌីវ័រ ដែលជាប្រទេសផលិតស្វាយចន្ទីធំ​ជាងគេលើ​ពិភព​លោក ក៏បានផ្អាកការនាំចេញបណ្ដោះអាសន្ន ដើម្បីផ្គត់ផ្គង់រោងចក្រកែច្នៃក្នុងស្រុក ដែលនាំឱ្យតម្លៃកើនឡើងបន្តិច»។ លោក ​លោក អួន ស៊ីឡុត បន្ថែមបែបនេះ។ 
 
សមាគមស្វាយចន្ទីកម្ពុជា បានដាក់គោលដៅកាត់បន្ថយ ការនាំចេញគ្រាប់​ស្វាយ​ចន្ទី ទៅ វៀត​ណាម ឱ្យបាន៧០ភាគរយ ក្នុងទិសដៅបង្កើនការកែច្នៃក្នុងស្រុក​។ បច្ចុប្បន្ន កម្ពុជានាំ​ចេញ​គ្រាប់ស្វាយចន្ទីទាំងជាប់សំបក ក្នុងរង្វង់ពី ៧០ម៉ឺនតោន ទៅ៨០ម៉ឺនតោន ក្នុងមួយឆ្នាំ ក្នុងថ្លៃចន្លោះពី១ដុល្លារ ទៅ១,៥ដុល្លារ ក្នុង១គីឡូក្រាម ដែលមានទំហំទឹកប្រាក់​​ប្រហែល​១ពាន់លានដុល្លារ។ ប៉ុន្តែបើមានការកែច្នៃគ្រាប់ស្វាយចន្ទី ហើយនាំចេញដោយខ្លួនឯង វិស័យមួយនេះ​នឹងមាន​សក្តានុពល​ខ្លាំងជាងមុន ដោយនាំមកនូវតម្លៃបន្ថែម រហូត ៣ ទៅ៤ដង៕   

Tag:
 ស្វាយចន្ទី
  អួន ស៊ីឡុត
  សមាគមស្វាយចន្ទីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com