ដោយ៖ឈាង បុប្ផា/ RFI ខេមរភាសា
នៅអូស្ត្រាលី ជនបរទេសដែលស្នាក់នៅក្នុងទឹកដីអូស្ត្រាលីយ៉ាងហោច១ឆ្នាំ និងមិនដែលធ្លាប់ធ្វើទាហានទាល់តែសោះ នឹងអាចមានសិទ្ធិចុះឈ្មោះបម្រើកងទ័ពអូស្ត្រាលី។ នេះបើតាមការប្រកាសរបស់រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី នៅថ្ងៃអង្គារទី ៤មិថុនា។ មានប្រជាជនត្រឹមជាង ២៦លាននាក់ អូស្ត្រាលីកំពុងប្រឈមនឹងវិបត្តិខ្វះទ័ព ជាពិសេសនៅក្នុងកាលៈទេសៈដែលអូស្ត្រាលីត្រូវការកម្លាំងការពារជាតិ ដើម្បីប្រជែងកម្លាំងគ្នាជាមួយប្រទេសដទៃ ជាពិសេស ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ជាមួយប្រជាជនសរុប ២៦លាននាក់ អូស្ត្រាលីមានកងទ័ពតែប្រមាណ ៩ម៉ឺននាក់ប៉ុណ្ណោះ ដើម្បីការពារប្រទេសដែលមានផ្ទៃដីដ៏ធំល្វឹងល្វើយនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ ប្រឈមនឹងការខ្វះកម្លាំងទ័ពជាង៤ពាន់នាក់ និងការលំបាកនៅក្នុងការរើសកងទ័ពនៅក្នុងចំណោមពលរដ្ឋអូស្ត្រាលី រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី លោករីឆាត ម៉ាល Richard Marles នៅថ្ងៃអង្គារបានប្រកាសថា រដ្ឋាភិបាលសម្រេចបើកទ្វារទទួលយកជនបរទេសឲ្យចូលបម្រើក្នុងជួរកងទ័ពអូស្ត្រាលី។
បើតាមប្រមុខការពារជាតិអូស្ត្រាលី ជនបរទេសដែលអាចចុះឈ្មោះក្នុងជួរកងទ័ពអូស្ត្រាលី គឺជាអ្នកដែលបានស្នាក់នៅជាអចិន្រ្តៃយ៍នៅអូស្ត្រាលីយ៉ាងហោច ១ឆ្នាំ មិនធ្លាប់បម្រើទ័ពនៅប្រទេសណាផ្សេង នៅក្នុងរយៈពេល២ឆ្នាំកន្លងមក។
រដ្ឋមន្រ្តីកិច្ចការយុទ្ធជន និងកងទ័ពអូស្ត្រាលីលោក Matt Keogh បាននិយាយថា រាល់ជនបរទេសដែលស្ម័គ្រចិត្តចូលបម្រើកងទ័ពអូស្ត្រាលីរយៈពេលយ៉ាងតិច៩០ថ្ងៃ នឹងអាចមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិអូស្រ្តាលី។ ទាក់ទងនឹងរយៈពេល៩០ថ្ងៃនេះ ក្រសួងការពារជាតិអូស្ត្រាលីនៅមិនទាន់បញ្ជាក់អះអាងយ៉ាងណាទេ គ្រាន់តែថា ជនបរទេសដែលចុះឈ្មោះធ្វើទាហាននៅអូស្ត្រាលី នឹងអាចមានសិទ្ធិទទួលបានសញ្ជាតិអូស្ត្រាលី។
មួយវិញទៀត មិនមែនសុទ្ធតែជនបរទេសទាំងអស់ ដែលរស់នៅអូស្ត្រាលី ដែលមានសិទ្ធិចុះឈ្មោះក្នុងជួរកងទ័ពអូស្ត្រាលីនោះទេ។ បើតាមរដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី នៅក្នុងដំណាក់កាលដំបូងនៃការរើសបញ្ចូលជនបរទេសក្នុងជួរកងទ័ព រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ជនជាតិរបស់ប្រទេស៥ ដែលជាសមាជិករបស់ក្រុមប្រទេស Five Eyes ដែលមានដូចជា អាមេរិក អង់គ្លេស កាណាដា នូវែលសេឡង់ អូស្រ្តាលី។ ជាក់ស្តែង ចាប់ពីខែ កក្កដា ខែក្រោយ គេចាប់ទទួលយកការដាក់ពាក្យរបស់ជនជាតិនូវែលសេឡង់ មុនគេ។ បន្ទាន់មកទៀត ចាប់ពីដើមឆ្នាំក្រោយ ឆ្នាំ ២០២៥ ជនជាតិអាមេរិក កាណាដា អង់គ្លេសដែលមានលំនៅឋានអចិន្ត្រៃយ៍នៅអូស្ត្រាលីនឹងអាចចុះឈ្មោះក្នុងជួរកងទ័ពអូស្ត្រាលី។ ទៅថ្ងៃអនាគត អូស្ត្រាលីគ្រោងនឹងបើកទូលាយ ដោយទទួលយកជនសាសន៍ មកពីប្រទេសផ្សេងទៀត នៅប៉ាស៊ីហ្វិក។
អូស្ត្រាលីសង្ឃឹមទាក់ទាញច្រើនជាងគេ ប្រជាជននូវែលសេឡង់ដែលកំពុងរស់ តាំងទីនៅអូស្ត្រាលី។ រដ្ឋមន្រ្តីនូវែលសេឡង់វិញបាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីនៅថ្ងៃអង្គារទី ៤មិថុនា ថា នូវែលសេឡង់មិនរំពឹងថា នយោបាយរបស់អូស្ត្រាលីនឹងធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ការរើសបញ្ចូលទ័ពរបស់នូវែលសេឡង់។
នៅអូស្រ្តាលីឯណោះវិញ អ្នកតំណាងរបស់ក្រុមប្រឆាំង នៅក្រសួងការបរទេសរិះគន់វិធានការរបស់ក្រសួងការពារជាតិថា ជាបរាជ័យរបស់រដ្ឋាភិបាលក្នុងការរើសបញ្ចូលជនជាតិអូស្ត្រាលីក្នុងជួរកងទ័ពជាតិ។ ប្រជាជនអូស្ត្រាលីមិនចង់ស្ម័គ្រចិត្តចូលធ្វើទាហាន ពាក់ឯកសណ្ឋានដ៏មានកិត្តិយស ក៏ដោយសារតែពួកគេខ្វះការជឿទុកចិត្តលើនយោបាយការពារជាតិអូស្ត្រាលី។
បើតាមក្រុមប្រឆាំង រដ្ឋាភិបាលអូស្ត្រាលីគួរលើកទឹកចិត្តប្រជាជនរបស់ខ្លួនឲ្យចូលបម្រើទ័ព ជាជាងផ្តោតអាទិភាពលើការរើសជនបរទេសឲ្យចូលការពារជាតិអូស្ត្រាលី។
ជាមួយនឹងការបើកទូលាយទទួលយកជនបរទេសក្នុងជួរកងទ័ពរបស់ខ្លួន អូស្ត្រាលីសង្ឃឹមបង្កើនចំនួនទាហានរើសថ្មីប្រមាណ ៣៥០នាក់ក្នុងមួយឆ្នាំៗ ពោលគឺកើនឡើង៥ដង បើប្រៀបធៀបនឹងសព្វថ្ងៃ។
នៅក្នុងបរិបទនៃការប្រណាំងប្រជែង សម្ញែងសាច់ដុំយោធាដាក់គ្នានៅអាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅចំពោះមុខការប្រឈមនឹងមហាអំណាចចិន អូស្ត្រាលីបានបង្កើនថវិកាកងទ័ព វិនិយោគទឹកប្រាក់រាប់ពានដុល្លារ ដូចជាការទិញនាវាចម្បាំងពីអាមេរិកនិងអង់គ្លេសជាដើម។
ប៉ុន្តែ អូស្ត្រាលីនៅជួបវិបត្តិខ្វះកងទ័ពនៅក្នុងវិស័យការពារដែនអាកាស ជើងទឹក។ វិទ្យាស្ថាននយោបាយយុទ្ធសាស្រ្តអូស្ត្រាលីព្រមានថា អូស្ត្រាលីដែលមានទាហានតែ៩ម៉ឺននាក់ រាប់ទាំងទាហានបម្រុង អាចជួបការលំបាកក្នុងការពារប្រទេស នៅពេលត្រូវប្រឈមនឹងមហាអំណាចចិនជាដើម ដែលមានកងទ័ពដល់ទៅជាង២លាននាក់។ ចំពោះរដ្ឋមន្រ្តីការពារ