ជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ បង្កើតគណៈកម្មការស៊ើបអង្កេតករណីដោះលែងជនជាតិចិន៨នាក់ នៅខេត្តស្ទឹងត្រែង
05, Jun 2024 , 10:05 am        
រូបភាព
លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីការដោះលែងជនជាតិចិន ៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលទើបចេញផ្សាយនៅថ្ងៃទី៥ មិថុនានេះ។



លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហផ្ទៃ បានបញ្ជាក់ថា មូលហេតុបង្កើតគណៈកម្មការចំពោះកិច្ច ដោយសារមើលឃើញពីភាពមិនប្រក្រតី ក្នុងការអនុវត្តនីតិវិធីដោះលែងជនជាតិចិន ទាំង៨នាក់ ដែលឆ្លងដែនចូលទឹកដីកម្ពុជាខុសច្បាប់។ «ដើម្បីធ្វើឱ្យប្រាកដប្រជាថា តើរឿងនេះ វាបែបណា ហើយជនជាតិចិននោះ មានពាក់ព័ន្ធអ្វីខ្លះទៀតនោះ ទើបយើងត្រូវបង្កើតគណៈកម្មការចម្រុះមួយបន្ទាន់ ក្នុងការស៊ើបអង្កេតស្រាវជ្រាវប្រមូលព័ត៌មានទាំងអស់នេះ»។ នេះបើតាមលោក ទូច សុឃៈ ប្រាប់សារព័ត៌មានតាមបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី៥ មិថុនា។
 
ចំពោះលទ្ធផលក្នុងការស៊ើបអង្កេតស្រាវជ្រាវនេះ ក្រសួងមហាផ្ទៃ មិនអាចបង្ហាញជាសាធារណៈបានទេ ដើម្បីរក្សាភាពសម្ងាត់ កុំឱ្យប៉ះពាល់ដល់នីតិវិធីស៊ើបអង្កេត។ ក្រោយស៊ើបអង្កេតប្រមូលព័ត៌មាន បានគ្រប់ជ្រុងជ្រោយហើយ គណៈកម្មការចំពោះកិច្ច ត្រូវធ្វើរបាយការណ៍ទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិនិត្យ និងសម្រេចលើវិធានការបន្ទាប់។ នេះជាការបញ្ជាក់របស់លោក សុឃៈ។

ទាក់ទងនឹងករណីលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជាវិញ លោក សុឃៈ បានអះអាងថា មានភាពថយចុះ គួរឱ្យកត់សម្គាល់។ «សម្រាប់កម្ពុជាវិញ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា (លួចឆ្លងដែនចូលកម្ពុជា) មានការថមថយ បន្ទាប់ពីយើងអនុវត្តច្បាប់អន្តោប្រវេសន៍ បន្ទាប់ពីយើងរឹតបន្តឹងតាមច្រកទ្វារទាំងគោក ទឹក និងអាកាសជាដើម។ ប៉ុន្តែយើងទទួលស្គាល់ថា ជនល្មើស និងអ្នកដែលមានបំណង នៅក្នុងការលបលួចឆ្លងដែននៅតែមាន ដើម្បីគេចវេះពីសមត្ថកិច្ចជំនាញ ពីព្រោះព្រំដែនយើង មិនបានធ្វើរបងដូចផ្ទះរបស់យើងទេ ព្រោះវាតែងតែមានច្រកនេះ ច្រកនោះ ដែលអាចឆ្លងកាត់បាន»។ លោក សុឃៈ បន្ថែម។
 
បើតាមអ្នកនាំពាក្យរូបនេះ សមត្ថកិច្ច នឹងបន្តអនុវត្តច្បាប់អន្តោប្រវេសន៍ និងរឹតបន្តឹងតាមច្រកព្រំដែនបន្ថែមទៀត។ លោក សុឃៈ បានបន្ថែមថា ដោយសារតែក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ខ្លាំង លើករណីឆ្លងដែនខុសច្បាប់នេះហើយ ទើបបានជាបង្កើតគណៈកម្មការចំពោះកិច្ចមួយ ក្នុងការស៊ើបអង្កេតស្រាវជ្រាវ លើការដោះលែងជនជាតិចិន ទាំង៨នាក់ នៅក្នុងខេត្តស្ទឹងត្រែង។
 
 
គណៈកម្មការចំពោះកិច្ចនេះ ត្រូវស៊ើបអង្កេត ស្រាវជ្រាវ និងប្រមុលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិន៨រូប ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល។ គណៈកម្មការចំពោះកិច្ចនេះ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស្រាវជ្រាវករណីចេញដីកាបង្គាប់ឱ្យដោះលែងរបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹង និងពន្ធនាគារខេត្តស្ទឹងត្រែង ដែលបានចេញលិខិតដោះលែង ដោយមិនធ្វើលិខិតប្រគល់-ទទួលជនជាតិចិនឱ្យមន្រ្តីនគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បីបណ្ដេញចេញពីកម្ពុជា។
 
គណៈកម្មការចំពោះកិច្ចនេះ ត្រូវធ្វើរបាយការណ៍បូកសរុបអំពីលទ្ធផល នៃការស្រាវជ្រាវដល់ថ្នាក់ដឹកនាំពិនិត្យ សម្រេច និងការអនុវត្តភារកិច្ចផ្សេងៗ តាមការប្រគល់របស់ថ្នាក់ដឹកនាំ។
 
គណៈកម្មការចំពោះកិច្ចនេះមានលោក កង សាខន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក ១១នាក់ផ្សេងទៀត។ គណៈកម្មការចំពោះកិច្ចនេះ មានសិទ្ធប្រើប្រាស់មន្ត្រីក្រោមឱវាទតាមការចាំបាច់។ អនុប្រធាន និងសមាជិកគណៈកម្មការចំពោះកិច្ចនេះ ត្រូវទទួលភារកិច្ចតាមការចាត់ចែងរបស់ប្រធាន។ ក្នុងករណីប្រធានអវត្តមាន អនុប្រធានមានសិទ្ធិកោះអញ្ជើញ និងដឹកនាំកិច្ចប្រជុំ ជំនួសប្រធានគណៈកម្មការចំពោះកិច្ច៕

Tag:
 ស សុខា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com