ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
លទ្ធផលនៃការបោះឆ្នោតរយៈពេលដ៏វែងរបស់ឥណ្ឌាបានបង្ហាញ កាលពីថ្ងៃអង្គារទី ៤មិថុនាថា គណបក្ស Bharatiya Janata Party (BJP) របស់លោកណារិនដ្រា ម៉ូឌីបានទទួលសំឡេងគាំទ្រច្រើនជាងគណបក្សប្រឆាំង។ ដោយគ្មានការសង្ស័យ លោកណារិនដ្រា ម៉ូឌី នៅជាក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលឥណ្ឌាមួយអាណត្តិបន្តទៀត។ តើជ័យជំនះឆ្នោតដែលអនុញ្ញាតឲ្យលោកណារិនដ្រា ម៉ូឌីដឹកនាំប្រទេសដែលមានប្រជាជនច្រើនជាងគេ នៅក្នុងពិភពលោក ផ្តល់សញ្ញាយ៉ាងណាចំពោះឥណ្ឌា និងពិភពលោកទាំងមូល?
បន្ទាប់ពីដឹកនាំឥណ្ឌាអស់រយៈពេល១០ឆ្នាំជាប់គ្នា លោកណារិនដ្រា ម៉ូឌីបានទទួលជ័យជំនះសាជាថ្មី នៅក្នុងការបោះឆ្នោតសភាជាតិ ដើម្បីដឹកនាំក្បាលម៉ាស៊ីនរដ្ឋាភិបាលឥណ្ឌានៅអាណត្តិទី៣។ បើតាមការប្រកាសលទ្ធផលឆ្នោតរបស់គណៈកម្មការបោះឆ្នោតឥណ្ឌា គណបក្ស Bharatiya Janata Party (BJP) របស់លោកនាយករដ្ឋមន្រ្តីណារិនដ្រា ម៉ូឌី និងគណបក្សសម្ព័ន្ធមិត្តរបស់លោក រួមគ្នាទទួលបានអាសនៈនៅសភា យ៉ាងតិច ២៩២ ក្នុងចំណោមអាសនៈសរុប៥៤៣។
លោកណារិនដ្រា ម៉ូឌីឈ្នះឆ្នោត ដឹកនាំឥណ្ឌាដែលមានប្រជាជនច្រើនជាងគេ នៅក្នុងពិភពលោក។ តើវាមានន័យយ៉ាងដូចម្តេចចំពោះឥណ្ឌា និងពិភពលោកទាំងមូល?
នៅឥណ្ឌា ជ័យជំនះរបស់គណបក្ស(BJP) របស់លោកម៉ូឌី មិនមែនជារឿងភ្ញាក់ផ្អើលឡើយ។ គណបក្សរបស់លោកម៉ូឌីទទួលបានការគាំទ្រច្រើនពីសហគមន៍អ្នកកាន់សាសនាហិណ្ឌូ ដែលមានចំនួនភាគច្រើននៅឥណ្ឌា។ ម្យ៉ាង ក្នុងអាណត្តិដឹកនាំរបស់លោកម៉ូឌី ឥណ្ឌាបានស្គាល់កំណើនសេដ្ឋកិច្ច និងបានក្លាយជាតួអង្គសំខាន់មួយនៅក្នុងឆាកអន្តរជាតិ។
ប៉ុន្តែទន្ទឹមនឹងការទទួលបានសំឡេងគាំទ្រក្នុងចំណោមពួកហិណ្ឌូ កូដប្រជាប្រិយភាពរបស់លោកម៉ូឌី ធ្លាក់ចុះខ្លាំងទៅវិញ ក្នុងចំណោមអ្នកកាន់សាសនាអ៊ីស្លាម ឬគ្រិស្តសាសនាកំពុងរងការធ្វើទុក្ខបុកម្នេញ កាន់តែច្រើនឡើងៗ នៅក្នុងអាណត្តិដឹកនាំរបស់លោកម៉ូឌី។
និយាយត្រលប់មកវិញ ក្នុងអាយុ៧៣ឆ្នាំ លោកណារិនដ្រា ម៉ូឌី ទទួលបានសំឡេងឆ្នោតច្រើនជាងគណបក្សប្រឆាំង ដើម្បីបន្តកាន់អំណាចនៅឥណ្ឌាមួយអាណត្តិទៀតមែនពិត ប៉ុន្តែ ជ័យជំនះរបស់លោកលើកនេះ គឺបានដោយប្រផិតប្រផើយ មិនភ្លូកទឹកភ្លូកដីដូចអាណត្តិមុនឡើយ។ ផ្ទុយពីការរំពឹងទុកចង់បានរបស់លោកណារិនដ្រា ម៉ូឌី គណបក្ស (BJP)របស់លោក និងបក្សសម្ព័ន្ធ បរាជ័យ មិនបានទទួល៤០០អាសនៈ ដែលគ្រប់គ្រាន់ឲ្យលោកម៉ូឌីអាចអំណាចទៅទាមទារផ្លាស់ប្តូររដ្ឋធម្មនុញ្ញឥណ្ឌា។
គ្មានសំឡេងភាគច្រើននៅសភាដើម្បីធ្វើព្យុះធ្វើភ្លៀង ផ្លាស់ប្តូររដ្ឋធម្មនុញ្ញតាមការប៉ងចង់បានរបស់ខ្លួនមែន ប៉ុន្តែ គេជឿថា លោកណារិនដ្រា ម៉ូឌីនឹងមិនចោលមហិច្ឆតារបស់លោកដើម្បីដឹកនាំប្រទេសរបៀបផ្តាច់ការ ដូចជាការប្រព័ន្ធតុលាការបង្រ្កាបអ្នកប្រឆាំង ដើម្បីប៉ះប៉ូវដល់ការធ្លាក់ចុះសំឡេងឆ្នោតលើកនេះ។
ឥណ្ឌាដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេក្នុងពិភពលោក ប៉ុន្តែ បានធ្លាក់ខ្លួនជាប្រទេសផ្តាច់ការ បិទសំឡេងអ្នកនយោបាយប្រឆាំង និង ដឹកនាំដោយអ្នកជាតិនិយម ដូចជាលោកម៉ូឌី។ ប៉ុន្តែ រឿងនេះមិនសំខាន់ និងរំខានដល់ប្រទេសប្រជាធិបតេយ្យផ្សេងទៀត ដូចជាអាមេរិក និងអឺរ៉ុបនោះទេ។ អាមេរិកធ្លាប់បដិសេធមិនផ្តល់ទិដ្ឋាការឲ្យលោកម៉ូឌីទៅអាមេរិកនៅឆ្នាំ ២០០៥ ដោយសារតែការសង្ស័យលោកម៉ូឌីជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តអំពើហិង្សាសម្លាប់ប្រជាជនកាន់អ៊ីស្លាមជាង ១០០០នាក់នៅរដ្ឋហ្គូចារ៉ាត់Gujarat កាលពីឆ្នាំ ២០០២។ ប៉ុន្តែ ក្រោមការដឹកនាំរបស់លោកម៉ូឌី ឥណ្ឌាដែលចេះបោះជំហាន មានទាំងទម្ងន់សេដ្ឋកិច្ច និងនយោបាយនៅក្នុងពិភពលោក បានក្លាយជាសម្ព័ន្ធមិត្ត ដែលអាមេរិកត្រូវការចាំបាច់ដើម្បីយកទៅទប់ទល់កម្លាំងចិន និងរុស្ស៊ី។ ជាក់ស្តែង ទោះជាអន់ចិត្តនឹងឥណ្ឌាដែលបដិសេធមិនកាត់ផ្តាច់ប្រភពចំណូលដល់រុស្ស៊ី តាមរយៈការបន្តទិញសព្វាវុធ និងប្រេងក្នុងតម្លៃថោកពីរុស្ស៊ីក្តី ប៉ុន្តែ រដ្ឋបាលលោកចូ បៃដិនបានអញ្ជើញលោកម៉ូឌី ទៅសេតវិមាន ដើម្បីបន្តសហការ ល្អូកល្អឺនជាមួយ រដ្ឋាភិបាលរបស់លោកម៉ូឌី។
ប្រទេសនៅអឺរ៉ុបភាគច្រើន ដូចជាបារាំងជាដើម បានបិទភ្នែក មើលមិនឃើញការរំលោភសិទ្ធិមនុស្ស មិនរិះគន់អំណាចផ្តាច់ការរបស់រដ្ឋាភិបាលលោកម៉ូឌី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ក្នុងនាមឥណ្ឌាជាអតិថិជនសំខាន់ដែលទិញយន្តហោះចម្បាំង និងកំពុងចុះកិច្ចសន្យាទិញនាវាមុជទឹករបស់បារាំង ប្រធានាធិបតីបារាំងលោកម៉ាក្រុងធ្លាប់បានអញ្ជើញនាយករដ្ឋមន្រ្តីឥណ្ឌាឲ្យចូលរួមក្នុងពិធីបុណ្យជាតិបារាំង។
នៅក្រោមការដឹកនាំរបស់លោកម៉ូឌី ជំហរនយោបាយរបស់រដ្ឋាភិបាលឥណ្ឌាជាមួយប្រទេសគូប្រជែងរបស់អាមេរិក ដូចជាចិន និងរុស្ស៊ីទំនងគ្មានការផ្លាស់ប្តូរ។ ជាមេដឹកនាំជាតិនិយម ឥណ្ឌារបស់លោកម៉ូឌីនឹងប្រកាន់ជំហរតឹងជាមួយចិន ជាពិសេសនៅតំបន់ជម្លោះព្រំដែន ដែលមហាអំណាចយក្សអាស៊ីទាំងពីរកំពុងឈ្លោះដណ្តើមគ្រប់គ្រងរៀងៗខ្លួន។ ជាគូសត្រូវគ្នានៅព្រំដែន ប៉ុន្តែ ចិនជាដៃគូសេដ្ឋកិច្ចធំទី២របស់ឥណ្ឌា។ ជាមួយរុស្ស៊ី វិញ លោកណារិនដ្រា ម៉ូឌីដែលធ្លាប់បានផ្ញើសារអបអរជ័យជំនះរបស់លោកពូទីនឈ្នះឆ្នោតក្លាយជាប្រធានាធិបតីនៅប៉ុន្មានខែមុននេះ នឹងឆ្លៀតឱកាសដែលពិភពលោក បែកបាក់គ្នាជា២បក្សពួកដោយសារសង្រ្គាមអ៊ុយក្រែន និងសង្រ្គាមហ្កាហ្សា ដើម្បីទិញប្រេងក្នុងតម្លៃថោកសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចឥណ្ឌា។
ឥណ្ឌា កូនអុករបស់លោកម៉ូឌី ចេះលើកដំឡើងខ្លួនឲ្យមានតម្លៃ មានទម្ងន់នយោបាយដែលមិនអាចមើលរំលង និងមិនរងការដាក់សម្ពាធពីលោកខាងលិច បើទោះឥណ្ឌានៅរាប់រករុស្ស៊ីដែលធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ មិនត្រឹមតែជួយប្រែមុខមាត់របស់ឥណ្ឌា លោកម៉ូឌីខ្លួនឯងដែលជាអ្នកជាតិនិយមខ្លាំងបំផុត និងកាន់តែផ្តាច់ការ រើសអើង ក៏បានក្លាយខ្លួនជាមនុស្សដែលគេស្វាគមរាប់រក។