ជាតិ
សេដ្ឋកិច្ច
កម្ពុជាដាក់ផែនការនាំចេញអង្ករទៅអាមេរិកឱ្យបាន២ម៉ឺនតោន​
05, Jun 2024 , 9:09 pm        
រូបភាព
លោក សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក ចូលរួមក្នុងកិច្ចពិភាក្សាការងារអំពីវិស័យស្រូវអង្ករកម្ពុជា និងការនាំចេញអង្ករទៅអាមេរិក ជាមួយលោក Patrick Murphy តំណាងក្រុមហ៊ុន Otis McAllister។ រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា
លោក សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក ចូលរួមក្នុងកិច្ចពិភាក្សាការងារអំពីវិស័យស្រូវអង្ករកម្ពុជា និងការនាំចេញអង្ករទៅអាមេរិក ជាមួយលោក Patrick Murphy តំណាងក្រុមហ៊ុន Otis McAllister។ រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា
សហព័ន្ធស្រូវអង្ករកម្ពុជា ដាក់គោលដៅបង្កើនការនាំចេញអង្ករពី ៣ពាន់ ដល់ ២ម៉ឺនតោនទៅកាន់ទីផ្សារអាមេរិក។បច្ចុប្បន្នក្រុមហ៊ុនបញ្ជាទិញរបស់អាមេរិកកាន់តែច្រើន ​កំពុងឈ្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករពីកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក សុង សារ៉ន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា នៅថ្ងៃទី៥ ខែឧសភានេះ ។



លោក សុង សារ៉ន កាលពីថ្ងៃទី៤ ខែមិថុនា បានជួបជាមួយ លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister របស់អាមេរិក ដើម្បីពិភាក្សាការងារអំពីវិស័យស្រូវអង្ករកម្ពុជា និងការនាំចេញអង្ករទៅអាមេរិក។ 
 
ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជារូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក កម្ពុជាបានជួបជជែកជាមួយក្រុមហ៊ុនបញ្ជាទិញអង្ករធំៗរបស់អាមេរិកចំនួន៣ហើយ ក្នុងចំណោម១០ក្រុមហ៊ុន ដែលទំនាក់ទំនង និងសម្របសម្រួលពី ស្ថានកុងស៊ុលពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងឡងប៊ិច សហការជាមួយសហព័ន្ធស្រូវអង្ករ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ នាពេលថ្មីៗនេះក្រុមហ៊ុន Otis McAllister បានបង្ហាញពីបំណងចង់បានទំនិញអង្ករពីកម្ពុជា ទៅចែកចាយនៅអាមេរិក ដោយសារតែ កម្ពុជាជាប្រទេសមួយផលិតអង្ករក្រអូបមានគុណភាពខ្ពស់។
 
ក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចេញអង្ករប្រមាណ៣ពាន់តោនទៅកាន់អាមេរិក។ យ៉ាងណា ទំហំនេះគឺនៅតិចតួចនៅឡើយ ដូច្នេះ កម្ពុជាបានដាក់គោលដៅបង្កើនការនាំចេញឱ្យបាន២ម៉ឺនតោន ក្នុងមួយឆ្នាំ។ 
 
លោក សុង សារ៉ន បានបន្ថែមដូច្នេះថា៖« ទៅអាមេរិក យើងបាននាំចេញតិចតួចទេ ប្រហែល៣ពាន់តោនក្នុងមួយឆ្នាំ។ អ្វីដែលយើងចង់បានគឺខ្ទង់២ម៉ឺនតោនក្នុងមួយឆ្នាំ។ យើងដឹងថា ក្នុងមួយឆ្នាំអាមេរិកបាននាំចូលអង្ករជាង១លានតោន ដូច្នេះ គោលដៅនេះគឺជាតិចប៉ុណ្ណោះ តែយើងនឹងព្យាយាមធ្វើឱ្យបាន ហើយសង្ឃឹមថា អង្ករកម្ពុជានឹងទទួលបានការចាប់អាម្មណ៍កាន់តែច្រើនថែមទៀត បន្ទាប់ពីក្រុមហ៊ុនធំៗមួយចំនួននោះ មានទំនុបចិត្តហើយ»។ 
 
យោងតាមទិន្នន័យរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ១ ៧០០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ។​ ដោយឡែក ការនាំចេញស្រូវ-អង្ករ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលប្រមាណ ៨៦៣លានដុល្លារ៕
 

Tag:
 សហព័ន្ធស្រូវអង្ករកម្ពុជា
  សុង សារ៉ន
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com