ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន ម៉ាណែត ប្រជុំជាមួយប្រព័ន្ធអង្គការUN ​​ដើម្បីកំណត់​បញ្ហាពី​ការ​ចាក​ចេញ​​ពី​​ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
06, Jun 2024 , 6:59 pm        
រូបភាព
 សម្តេច ហ៊ុន ម៉ាណែត ជួបប្រជុំប្រចាំឆ្នាំ​ ជាមួយប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២៤។ រូបភាព៖ ហ្វេសប៊ុក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សម្តេច ហ៊ុន ម៉ាណែត ជួបប្រជុំប្រចាំឆ្នាំ​ ជាមួយប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២៤។ រូបភាព៖ ហ្វេសប៊ុក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សម្តេច ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ ជាមួយនឹង​ប្រព័ន្ធអង្គការ​សហ​ប្រជាជាតិ ​ដើម្បី​ពិនិត្យ និងកំណត់បញ្ហាប្រឈម ដែលអាចកើតឡើងជាយថាហេតុរបស់​កម្ពុជា ពីការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងអនុវត្តវិធានការគាំទ្រចាំបាច់​ដើម្បី​ធានា​ការចាកចេញប្រកបដោយ រលូន និងចីរភាព។

 
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៣ មិថុនា សម្របសម្រួលដោយក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពី​រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ ចំនួន១២​ និងស្ថាប័នដែលជាប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចំនួន១៧។ ​​ 
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី៤មិថុនា ជំនួបពិភាក្សានេះជាព្រឹត្តិការណ៍ដំបូងសម្រាប់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការប្តេជ្ញាធ្វើដំណើររួមជាមួយប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំនៅ កម្ពុជា និងភ្នាក់ងារអង្គការសហប្រជាជាតិក្នុងតំបន់ ប្រកបដោយភាពស្វាហាប់ និងស៊ីចង្វាក់។ 
 
 សម្តេច ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ​ ជាមួយប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២៤។ រូបភាព៖ ហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 
ជំនួបពិភាក្សា ប្រឆ្នាំ២០២៤ បានដំណើរការក្រោមមូលបទ «ពង្រីកសមត្ថភាពផលិត​សំដៅ​ឈានទៅការចាកចេញប្រកបដោយចីរភាពរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច» អមដោយ​ប្រធានបទចំនួន ​២ គឺ«ជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអប់រំ» និង «ពន្លឿនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់យុវជន»។ ​
 
សូមរំឭកថា កាលពីឆ្នាំ២០២១ ​កម្ពុជាបំពេញបាននូវលក្ខណៈវិនិច្ឆ័យទាំង៣ លើកទីមួយ ដើម្បី​ត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ លក្ខណៈវិនិច្ឆ័យទាំង៣ ដែលវាយតម្លៃដោយ គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ របស់អង្គការសហ​ប្រជា​ជាតិ រួមមាន ១.ប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ ត្រូវ​ធំ​ជាង​១ ២២២ដុល្លារ ខណៈកម្ពុជាមានប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ ស្មើនឹង ១ ៣៧៧ដុល្លារ នៅឆ្នាំ២០២១។ ២. សន្ទស្សន៍ធនធានមនុស្ស ត្រូវមានតម្លៃស្មើ ឬធំជាង​៦៦ ​ហើយកម្ពុជា​ទទួល​បានពិន្ទុ ៧៤,៣។ ទី៣. សន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ច និង​បរិស្ថាន ​ត្រូវមាន​តម្លៃ​ស្មើឬតូចជាង ៣២ ហើយកម្ពុជាទទួលបានពិន្ទុ ៣០,៦។
 
​នៅឆ្នាំ២០២៤នេះ គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ នឹង​​វាយតម្លៃអំពីលក្ខណៈ​វិនិច្ឆ័យទាំង៣ ជាថ្មី​ ខណៈ​សន្និសីទអង្គការសហ​ប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ លើកទី៦០ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២-១៤ មិថុនានេះ នៅទីក្រុងហ្សឺណែវ ប្រទេស​ស្វីស នឹងវាយតម្លៃអំពីស្ថានភាពនៃភាពងាយ​រងគ្រោះ​របស់កម្ពុជា។ 
បើសិនជា​កម្ពុជា ​ជោគជ័យនៅក្នុងការវាយតម្លៃលើកទីពីរនេះ ​កម្ពុជាមានពេល ៣ឆ្នាំ ឬ ៥ឆ្នាំ សម្រាប់ត្រៀមខ្លួនចាកចេញពីចំណាត់​ក្រុមប្រទេស​អភិ​វឌ្ឍន៍​​តិចតួច។ មានន័យ​ថា​នៅឆ្នាំ២០២៧ ឬឆ្នាំ២០​២៩ កម្ពុជានឹងចាកចេញ​ពីចំណាត់​ក្រុម​ប្រ​ទេសអភិវឌ្ឍន៍តិចតួច៕

© រក្សាសិទ្ធិដោយ thmeythmey.com