RFI
អន្តរជាតិ
របាយការណ៍វិទ្យាសាស្ត្រថា ការកើនឡើងកំដៅផែនដី​ដោយសារសកម្ម​ភាពមនុស្ស មានល្បឿនលឿន​ណាស់
06, Jun 2024 , 7:29 pm        
រូបភាព
កម្រឹតសីតុណ្ហភាពពិភពលោក ឡើងក្តៅខ្លាំងក្នុងឆ្នាំ​២០២៣​ © RFI
កម្រឹតសីតុណ្ហភាពពិភពលោក ឡើងក្តៅខ្លាំងក្នុងឆ្នាំ​២០២៣​ © RFI
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
 
ការកើនឡើងនូវកំដៅផែនដី ដែលបណ្តាល​មកពី​​សកម្មភាពរបស់មនុស្ស មានល្បឿនលឿនខ្លាំងមិនធ្លាប់មានទេ។ នេះគឺជាការសន្និដ្ឋានរបស់​ក្រុមអ្នកវិទ្យាសាស្ត្រល្បីៗជាច្រើននាក់ ដែលបានរួមគ្នា​ធ្វើ​របាយការថ្មីមួយ ចេញផ្សាយកាលពីថ្ងៃ​ពុធទី៥មិថុនា។ អ្នកវិទ្យាសាស្ត្របានទាញសញ្ញាអាសន្ន​ថា ល្បឿននៃការកើនឡើងសីតុណ្ហភាពផែនដីនេះ កំពុងតែមកបំផ្លាញក្តីសង្ឃឹម ក្នុងការ​ទប់​ស្កាត់​ការកើនឡើងកំដៅផែនដី មិន​ឲ្យលើសពី​២°c នៅរវាង​ ចុងសតវត្សរ៍ទី​២១នេះ​។

 
ក្នុងរវាង​ពីឆ្នាំ​២០១៤ដល់២០២៣ ការកើនឡើងកំដៅផែនដី ដែលបណ្តាល​មកពីសកម្មភាពរបស់មនុស្ស បានមានល្បឿនកើនឡើងយ៉ាងលឿនរហ័ស។ ពោលគឺក្នុងរវាង​១០ឆ្នាំមកនេះ សីតុណ្ហភាពផែនដី បាន​ឡើងកម្តៅ ចំនួន ០,២៦°c បន្ថែមទៀត ដោយសារតែសកម្មភាពមនុស្ស​​។ នេះបើផ្អែកតាមរបាយការណ៍ថ្មីមួយ របស់ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រល្បីឈ្មោះ ចំនួនជាង​៦០នាក់ ចេញផ្សាយ​ថ្ងៃទី៥មិថុនា នៅក្នុងទស្សនាវត្តី Earth System Science Data ​។
 
បើប្រៀបធៀបទៅ​សម័យ​បុរេ​ឧស្សាហកម្ម ការកើនឡើងកំដៅផែន​ដី​បង្កឡើងដោយសកម្មភាពមនុស្ស គឺ​បាន​កើនឡើងចំនួន ១,១៩°c ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះ។ ពោលគឺកើនខ្ពស់ជាង​របាយការណ៍ចុងក្រោយ ចេញ​ផ្សាយកាលពីឆ្នាំមុន ដែលមាន ១,១៤°c ក្នុងរវាងពីឆ្នាំ​២០១៣-២០២២។ ក្នុងឆ្នាំ២០២៣ ការកើនឡើងកំដៅផែនដី ដែលជាចំណែក​បង្កឡើងដោយ​សកម្មភាពមនុស្ស គឺមានទំហំដល់ទៅ ១,៣១°c។
 
សូមបញ្ជាក់ថា តាមរយៈរបាយការណ៍ថ្មីនេះ ក្រុមអ្នកវិទ្យាសាស្ត្រមានបំណង ផ្តល់​ឲ្យ​នូវ​ទិន្នន័យ​ធ្វើបច្ចុប្បន្នភាព រៀងរាល់​មួយឆ្នាំម្តង ដើម្បីជាបច្ច័យចូលរួម​ដល់ការចរចានានា ក្នុងក្របខណ្ឌអន្តរជាតិ ទាក់ទិននឹងការដោះស្រាយវិបត្តិអាកាសធាតុ​។ យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ ទសវត្សបច្ចុបន្ននេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះអាចជាឱកាសចុងក្រោយ​ហើយសម្រាប់​មនុស្សជាតិយើង ក្នុងការទាញទប់​សីតុណ្ហភាពផែនដី មិន​ឲ្យឡើងលើស​២°c នៅរវាងឆ្នាំ​២១០០ ដូចអ្វីដែល​បាន​កំណត់​ដោយ​កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។
 
លោក ​Pierre Friedlinstein អ្នកស្រាវជ្រាវអាកាសធាតុនៅសកលវិទ្យាល័យ Exeter និង CNRS ដែលចូលរួមសរសេររបាយការណ៍ខាងលើ​ បាន​លើកឡើងថា លទ្ធផលតួលេខបានបង្ហាញ​ថា ពេលវេលាអាសន្នខ្លាំងណាស់ ពិភពលោក​ត្រូវតែជជែកគ្នារកវិធីកាត់​បន្ថយ​ឧស្ម័នផ្ទះកញ្ចក់ឲ្យខាងតែបាន​។ លោកស្រី Valérie Masson-Delmotte អ្នកជំនាញ​អាកាសធាតុម្នាក់ទៀត បាន​អះអាងថា ការកើនឡើងកម្តៅផែនដីដែលបង្កមកពី​សកម្មភាពមនុស្ស គឺវាបាន​បង្កើនហានិភ័យធ្ងន់ធ្ងរនៃវិបត្តិអាកាសធាតុ​ គ្រោះមហន្តរាយធម្មជាតិ​កាន់តែកាចសាហាវ និងញឹកញាប់នៅទូទាំងពិភពលោក ដែលមានដូចជា​ទឹកជំនន់ គ្រោះរាំងស្ងួត រលកកំដៅ​មហាប្រល័យ និងភ្លើងឆេះព្រៃជើម​។
 
គួរបញ្ជាក់ថា ការកើនឡើងកំដៅផែនដី គឺជាលទ្ធផល​នៃ​ឧស្ម័​ន​ផ្ទះកញ្ចក់ ដែលកាន់តែមានកម្រាស់ក្រាស់ ហ៊ំព័ទ្ធជុំវិញផែនដី។ ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ភាគច្រើន​ផ្សំដោយ​ឧស្ម័នកាបូនិកនោះ គឺភាគច្រើនលើសលប់ កើតចេញពី​សកម្មភាពរបស់មនុស្ស តាមរយៈការប្រើប្រាស់ថាមពលហ្វូស៊ីល ដែលមានដូចជា ធ្យូងថ្ម ប្រេងឥន្ធនៈ និង​ឧស្ម័ន​ជាដើម​។ រវាង​ពី​ឆ្នាំ​២០១៣ដល់​២០២២ ការដុតចំហេះថាមពលហ្វូស៊ីល បានបញ្ចេញ​ជាឧស្ម័ន​កាបូនិក ចំនួន ៥៣ពាន់​លានតោនជាមធ្យមក្នុង១ឆ្នាំ​ៗ៕

© រក្សាសិទ្ធិដោយ thmeythmey.com