ជាតិ
សង្គមជាតិ
វេទិកាទឹកពិភពលោក ជាឱកាសសម្រាប់កម្ពុជា ស្វែងយល់ពីបញ្ហាអាកាសធាតុ និងគ្រប់គ្រងទឹក
07, Jun 2024 , 9:29 am        
រូបភាព
ភ្នំពេញ៖ បញ្ហាអាកាសធាតុ រួមទាំងដំណោះស្រាយជាច្រើនទាក់ទងនឹងវិស័យទឹក ត្រូវបានលើកយកមកពិភាក្សាក្នុងវេទិកាទឹកពិភពលោកលើកទី១០ ដែលរៀបចំឡើងកាលពីថ្ងៃទី១៨-២៥ ខែឧសភា នៅប្រទេសឥណ្ឌូណេស៊ី។ វេទិកាដ៏ធំនេះ ជាឱកាសសម្រាប់កម្ពុជារៀនសូត្រ និងទទួលយកបទពិសោធន៍ជាច្រើនលើការគ្រប់គ្រងទឹក។



លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក​​ និងឧតុនិយម ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជា លើការគ្រប់គ្រងទឹក និងបម្រែបម្រួលអាកាសធាតុ រួមទាំងបញ្ហាប្រឈមផ្សេងៗ។ លើសពីនេះ វេទិកាទឹកពិភពលោក ក៏ជាឱកាសសម្រាប់កម្ពុជាអាចរៀនសូត្រ​ និងទទួលយកបទពិសោធន៍ពីប្រទេសដទៃ លើបញ្ហាគ្រប់គ្រងទឹក និងដំណោះស្រាយផ្សេងៗ ដើម្បីឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ នាពេលបច្ចុប្បន្ន។
 
លោក ថោ ជេដ្ឋា អះអាងថា ដ្បិតកម្ពុជាមិនទាន់ប្រឈមបញ្ហាអាកាសធាតុធ្ងន់ធ្ងរ ប៉ុន្តែការរៀនសូត្រ និងទទួលយកបទពិសោធន៍ពីប្រទេសដទៃ ក៏ជារឿងសំខាន់សម្រាប់កម្ពុជា អាចត្រៀមខ្លួនទប់ស្កាត់បញ្ហានាពេលអនាគត។ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួតនៅរដូវប្រាំង និងទឹកជំនន់នារដូវវស្សា ជាបញ្ហាប្រឈមចំពោះមុខ ដែលកម្ពុជាកំពុងជួបប្រទះ ។ ក្រសួងក៏កំពុងមមាញឹកដោះស្រាយបញ្ហានេះផងដែរ។ 
  


លោករដ្ឋមន្រ្តីបានលើកឡើងយ៉ាងដូច្នេះថា៖«កម្ពុជារងគ្រោះទឹកជំនន់ និងភាពរាំងស្ងួត​​ ប៉ុន្តែប្រទេសមួយចំនួនទៀតរងគ្រោះធ្ងន់ជាងយើងទៅទៀត គឺ​ជញ្ជួយដី ដែលជាបញ្ហាធ្ងន់ធ្ងរឈានដល់ការបាត់បង់ទ្រព្យសម្បត្តិច្រើន​ និងអាយុជីវិត និងតំបន់ផ្សេងៗរងគ្រោះដោយសារក្ដៅខ្លាំងពេក អត់មានភ្លៀងយូរឆ្នាំ។ បទពិសោធន៍ទាំងអស់នេះហើយដែលធ្វើឱ្យយើងយកមកប្រៀបធៀបថា តើយើងត្រូវគិតយ៉ាងណាទៅអនាគតចំពោះកម្ពុជា»។
 
លើសពីនេះ កម្ពុជាក៏មានឱកាសជួបជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ការគាំទ្រ និងកិច្ចសហការក្នុងវិស័យទឹកផងដែរ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ធនាគារពិភពលោកបានចាប់អារម្មណ៍ធ្វើជាដៃគូអភិវឌ្ឍន៍រយៈពេលវែងជាមួយកម្ពុជា ពិសេសបញ្ហាគ្រប់គ្រងទឹក និងដំណោះស្រាយអាកាសធាតុ ដូចជាបញ្ហាគ្រោះរាំងស្ងួត និងទឹកជំនន់ ជាដើម។ ធនាគារពិភពលោកបានសហការជាមួយក្រសួងធនធានទឹក អនុវត្តគម្រោងសុវត្ថិភាពទឹក និងការស្ដារអាងទឹកនៅកម្ពុជា។ 
  


លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា គម្រោងស្ដារអាងទឹកនេះ មានសារៈសំខាន់ ក៏ព្រោះតែអាងទឹកធំតូចនៅទូទាំងប្រទេស ភាគច្រើនគោកទឹក ដែលជាហេតុធ្វើឱ្យមានបញ្ហាខ្វះទឹកនារដូវប្រាំង។ ជាងនេះទៅទៀត កម្ពុជាក៏រងសម្ពាធបាតុភូតអែលនីណូ (El Nino) ធ្វើឱ្យអាកាសធាតុក្ដៅខ្លាំងក្នុងរយៈពេលវែង ដូច្នេះហើយវាជារឿងចាំបាច់បំផុត ដែលកម្ពុជាត្រូវស្តារទំនប់អាងទឹកឡើងវិញ។ 
 
«អាងទឹកភាគច្រើនគោករាក់អស់ហើយ ជាពិសេសក្នុងឆ្នាំនេះយើងឃើញជាក់ស្ដែងតែម្ដង ដោយសារយើងរងគ្រោះដោយសម្ពាធ​បាតុភូតអែលនីណូ (El Nino) អាកាសធាតុក្ដៅបំផុត ធ្វើឱ្យធាតុអាកាសនៅកម្ពុជាក្ដៅរយៈពេលវែង​ ជាមេរៀនទីមួយហើយដែលបង្ហាញថាការរីងស្ងួតនូវអាងទឹកទាំងអស់នៃអាងទឹក១៦០០នេះបែបណា»។ នេះជាការលើកឡើងរបស់លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម៕

Tag:
 វេទិកាទឹកពិភពលោក
 អាកាសធាតុ
 ថោ ជេដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com