ដោយ៖ម៉ម ពិសី/ RFI ខេមរភាសា
ចិននិងរុស្ស៊ីមានគម្រោងសាងសង់ បណ្តាញបំពង់បង្ហូរឧស្ម័នដ៏វែងមួយ ឈ្មោះថា Power of Siberia 2 ដែលតភ្ជាប់ពីតំបន់ស៊ីបេរី ឆ្ពោះទៅកាន់ខេត្តស៊ីនជាំងរបស់ចិន។ ស្របពេលដែលប្រទេសអឺរ៉ុបបានឈប់ទិញឧស្ម័នរុស្ស៊ី គម្រោងដ៏ធំមហាសាលនេះ នឹងអនុញ្ញាតឲ្យរុស្ស៊ី អាចទទួលបាននូវប្រភពចំណូលដ៏ច្រើនសន្ធឹក។ តែយ៉ាងណា គម្រោងដ៏ធំនេះហាក់នៅឆ្ងាយសន្លឹម មិនដូចការសង្ឃឹមរបស់រុស្ស៊ីទេ ព្រោះភាគីចិនដែលមានប្រៀប កំពុងតែអូសជើង និងដាក់លក្ខខណ្ឌកេងចំណេញខ្លាំងបំផុត។
ក្រុមហ៊ុនGazprom ដែលជាក្រុមហ៊ុនឧស្ម័នជាតិរបស់រុស្ស៊ី មានគម្រោងជាមួយចិន សាងសង់បណ្តាញបំពង់បង្ហូរឧស្ម័ន ឈ្មោះថា Power of Siberia 2 តភ្ជាប់ពីតំបន់ស៊ីបេរី ឆ្ពោះទៅខេត្តស៊ីនជាំង។ Power of Siberia 2 មានប្រវែងសរុប៦០០០គីឡូម៉ែត្រ ពោលគឺវែងលើសបណ្តាញបំពង់ Power of Siberia 1 ដែលសាងសង់រួចកាលពី៥ឆ្នាំមុន ដល់ទៅ៣ដង។ នៅពេលសាងសង់រួច បំពង់បង្ហូរឧស្ម័ន Power of Siberia 2 នឹងមានសមត្ថភាពនាំឧស្ម័នលក់ទៅឲ្យចិន ក្នុងទំហំ៥ម៉ឺនលានម៉ែត្រគូបក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា គម្រោងនេះជាក្តីសង្ឃឹមធំណាស់ សម្រាប់រុស្ស៊ី ដែលកំពុងតែត្រូវការប្រាក់ជាខ្លាំង ក្នុងអំឡុងពេលនេះ។ ក្រុមហ៊ុនGazprom ជាប្រភពចំណូលមួយដ៏សំខាន់របស់រដ្ឋរុស្ស៊ី ក៏ប៉ុន្តែប្រមាណ១ឆ្នាំមកនេះ ក្រុមហ៊ុនGazprom ហាក់កំពុងឆ្លងកាត់ការលំបាកខ្លាំងណាស់ផ្នែកហិរញ្ញវត្ថុ នេះបើផ្អែកតាមកាសែត Financial Times ដែលបានពិនិត្យ របាយការណ៍មួយរបស់ Gazprom។ តួលេខបូកសរុបឆ្នាំ២០២៣ បង្ហាញថាក្រុមហ៊ុនGazprom ខាតប្រាក់ចំនួនដល់ទៅ ៦៩០០លានដុល្លារ។ វិបត្តិខ្វះចំណូល ដោយសារតែបណ្តាប្រទេសអឺរ៉ុប បាននាំគ្នាឈប់ទិញឧស្ម័នរបស់រុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន។
ប្រឈមនឹងបញ្ហានេះ រុស្ស៊ីត្រូវតែរកមធ្យោបាយ រកអតិថិជនថ្មីដែលអាចទិញឧស្ម័នរបស់រុស្ស៊ីក្នុងទំហំធំ ឲ្យបានឆាប់បំផុត។ ដោយផ្អែកលើកត្តាចំនួនប្រជាជន និងកត្តាភូមិសាស្ត្រ គឺអតិថិជនថ្មីនេះ គ្មាននរណាល្អជាងចិនទេ សម្រាប់រុស្ស៊ី។ ហេតុដូច្នេះហើយ បានជារុស្ស៊ីបានប្រឹងប្រែងជំរុញឲ្យចិនចុះហត្ថលេខា កសាងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ជាមួយខ្លួន។
ថ្វីបើភាគីរុស្ស៊ី ធ្លាប់អួតថា ការដ្ឋានសាងសង់អាចនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤នេះ តែធាតុពិតជាក់ស្តែង អ្នកសង្កេតការណ៍ជាច្រើនបានលើកឡើងថា គ្មានសង្ឃឹមទេ។ ចិនដឹងថាខ្លួនមានប្រៀប កំពុងតែប្រើយុទ្ធសាស្ត្រអូសបន្លាយពេលវេលា។ លោក Thierry Bros អ្នកជំនាញវិស័យថាមពលដែលតាមដានគម្រោងនេះ បានលើកឡើងថា ចិនអាចត្រូវការឧស្ម័នបន្ថែមពីរុស្ស៊ី ខ្ទង់ប្រហែលជាឆ្នាំ២០៣៥ឯណោះ ព្រោះថាបច្ចុប្បន្ននេះ ចិនមិនខ្វះអ្នកផ្គត់ផ្គង់ឲ្យទេ។ ម្លោះហើយ ចិនប្រើវិធី ធ្វើឲ្យអ្នកផ្គត់ផ្គង់ឲ្យខ្លួន ប្រកួតប្រជែងគ្នា។ ជាក់ស្តែងចិនទើបតែចុះកិច្ចសន្យាទិញឧស្ម័នរបស់អ៊ីរ៉ាក់ ធ្វើឲ្យរុស្ស៊ីកាន់តែចាញ់ប្រៀប។
បន្ថែមពីនេះ ភាគីចិនបានដាក់លក្ខខណ្ឌច្រើនខ្លាំងណាស់ ទៅលើភាគីរុស្ស៊ី។ ប្រើប្រៀបធៀបទៅតម្លៃ ដែលរុស្ស៊ីធ្លាប់លក់ឲ្យប្រទេសអឺរ៉ុប គឺរុស្ស៊ីលក់ឲ្យចិនថោកជាងរួចទៅហើយរាល់ថ្ងៃនេះ។ តែចាប់ពីពេលនេះទៅ ចិនបានទាមទារថា រុស្ស៊ីត្រូវតែលក់ឧស្ម័នឲ្យខ្លួន ក្នុងតម្លៃមួយស្មើនឹងតម្លៃលក់ទៅឲ្យប្រជាជនរុស្ស៊ីក្នុងស្រុក។ ជាងនេះទៀត ចិនបានទាមទារថា ក្រុមហ៊ុន Gazprom ត្រូវជាអ្នកចំណាយថ្លៃសាងសង់ បណ្តាញបំពង់បង្ហូរ Power of Siberia 2 ទាំងស្រុង។ បើតាមសម្តីលោក Thierry Bros មានន័យថា ក្រុមហ៊ុន Gazprom ច្បាស់ជាត្រូវខាតដើមហើយគ្រានេះ។
ពាក្យថា “មិត្តភាពគ្មានទីបំផុតរវាងចិននិងរុស្ស៊ី” ដែលលោកស៊ី ជីនពីងបានប្រកាសនោះ បែបពិបាកលេបបន្តិចហើយ សម្រាប់លោកពូទីន។ យ៉ាងណាក៏ដោយ ជម្រើសមានតិចណាស់ សម្រាប់ភាគីរុស្ស៊ី។ រដ្ឋរុស្ស៊ីមានហ៊ុនពាក់កណ្តាលក្នុង ក្រុមហ៊ុន Gazprom ដូច្នេះរុស្ស៊ីមិនអាចបណ្តោយឲ្យក្រុមហ៊ុននេះរលំបានទេ។ ជាងនេះទៀត វិស័យនាំចេញឧស្ម័នគឺជាប្រភពការងារដ៏សំខាន់ សម្រាប់ប្រជាជនរុស្ស៊ីនៅតាមតំបន់ដាច់ស្រយ៉ាលដែលមិនសូវមានសកម្មភាពសេដ្ឋកិច្ច។ បើអត់ការងារធ្វើ កំហឹងប្រជាជនរុស្ស៊ីទល់នឹងការដឹកនាំរបស់លោកពូទីនក៏នឹងកាន់តែមានខ្លាំង។
កាលពីថ្ងៃចន្ទ ទី៣មិថុនា នៅពេលអ្នកកាសែតចោទសួរអំពីការវិវឌ្ឍន៍នៃគម្រោង Power of Siberia 2 លោក Dmitri Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បានឆ្លើយឲ្យតែផុតពីមាត់ ថាកុំភ័យគម្រោងនេះ ចិននឹងរុស្ស៊ីប្រាកដជាត្រូវរ៉ូវគ្នាមិនខានទេ។ ជាការកត់សំគាល់ជាក់ស្តែង គឺភាគីរុស្ស៊ីដឹងខ្លួនថា គម្រោងនេះមិនអាចចេញរួចឆាប់ៗនេះទេ ដោយសារតែចិនវាយឫក។
យ៉ាងណាមិញ ពេលលោកពូទីនធ្វើដំណើរទៅប៉េកាំង កាលពីខែឧសភាថ្មីៗនេះ លោក Alexei Miller អគ្គនាយកGazprom មិនទាំងទៅជាមួយផង។ មានន័យថា រុស្ស៊ីគ្មានសង្ឃឹមថាអាចមាន កិច្ចព្រមព្រៀងចុងក្រោយអនុម័តគម្រោងនេះទេ។ តែលោក Thierry Bros បានពន្យល់ថា ទោះជាយ៉ាងណា ចិនក៏មិនចង់ឲ្យរបបរបស់លោកពូទីនរង្គោះរង្គោះដែរ។ ដូច្នេះនៅដំណាក់កាលចុងក្រោយណាមួយ របបរបស់លោកពូទីន ស្លន់ស្លោរញីរញ័រ ជួបការលំបាកខ្លាំង នោះចិននឹងអាចឆ្លើយថាព្រម លើគម្រោង Power of Siberia 2៕