ជាតិ
សេដ្ឋកិច្ច
កម្ពុជាបានអនុម័តគម្រោងវិនិយោគ២៥កន្លែង មានទុនជាង២៤៦លានដុល្លារ ក្នុងខែឧសភា កម្មករផ្នែកវាយណភណ្ឌកាត់ដេរកម្ពុជា។ រូបភាព៖ លោក វៃ សំណាង អភិបាលខេត្តកំពង់ស្ពឺ
× ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន២៤កន្លែង និងគម្រោងពង្រីកផលិតកម្មចំនួន១គម្រោង ដែលមានទុនវិនិយោគសរុបជាង២៤៦លានដុល្លារ នៅក្នុងខែឧសភា ឆ្នាំ២០២៤។ គម្រោងទាំងនេះ អាចបង្កើតការងារបាន ប្រមាណ១៥ពាន់កន្លែង។
គម្រោងវិនិយោគ ដែលលេចធ្លាជាងគេប្រចាំខែនេះ រួមមាន គម្រោងអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគជាង៦៥លានដុល្លារ និងអាចបង្កើតការងារបាន៣៥កន្លែង។ ការបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ ដែលមានទីតាំងស្ថិតនៅភូមិតាន ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ និងអាចបង្កើតការងារបាន៣១៧កន្លែង។
គម្រោងបង្កើតរោងចក្រផលិតបំពង់ទីបដែក មានទីតាំងស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគជាង ១៦លានដុល្លារ និងអាចបង្កើតការងារបាន២២៩កន្លែង។ ការបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ផ្លូវជាតិលេខ៦ ក្នុងទុនវិនិយោគ ២៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន៦៨៤កន្លែង។
គួរបញ្ជាក់ថា ក្នុងខែឧសភានេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ១ ដោយបានរួមចំណែកជិត៥០ភាគរយនៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកគ្របដណ្តប់ ជិត ៣១ភាគរយនៃទុនវិនិយោគសរុប៕
Tag:
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ការវិនិយោគ
តំបន់សេដ្ឋកិច្ចពិសេស
© រក្សាសិទ្ធិដោយ thmeythmey.com