RFI
អន្តរជាតិ
លោក ម៉ាក្រុង ការពារជំហររំលាយសភានិងអំពាវនាវគ្រប់និន្នាការទប់ទល់នឹងបក្សស្តាំនិយមជ្រុល ![លោក ម៉ាក្រុង បន្តការពារជំហររំលាយសភា និងអំពាវនាវគ្រប់និន្នាការនយោបាយរួមគ្នាជាធ្លុងមួយ ទប់ទល់នឹងបក្សស្តាំនិយមជ្រុល។ AP](https://image.thmeythmey.com/pictures/2024/06/13/download.jpg)
លោក ម៉ាក្រុង បន្តការពារជំហររំលាយសភា និងអំពាវនាវគ្រប់និន្នាការនយោបាយរួមគ្នាជាធ្លុងមួយ ទប់ទល់នឹងបក្សស្តាំនិយមជ្រុល។ AP
×![]()
ដោយ៖ហេង ឧត្តម/ RFI ខេមរភាសា
ប្រធានាធិបតីបារាំង បានអំពាវនាវគ្រប់និន្នាការនយោបាយឲ្យរួបរួមគ្នាជាធ្លុងមួយ ដើម្បីទប់ទល់នឹងគណបក្សស្តាំនិយមជ្រុល ក្នុងការបោះឆ្នោតរដ្ឋសភាខាងមុខនេះ។ សេចក្តីអំពាវនាវនេះ ធ្វើឡើង៣ថ្ងៃបន្ទាប់ពីការចាញ់សំឡេងឆ្នោតសភាអឺរ៉ុប កាលពីថ្ងៃទី៩មិថុនា ដែលបានធ្វើឲ្យប្រធានាធិបតីបារាំងក្រពុលមុខ និងសម្រេចចិត្តប្រើអំណាចប្រមុខរដ្ឋរំលាយសភាចោល និងបញ្ជាឲ្យរៀបចំការបោះឆ្នោតសភាជាថ្មី។ កាលបរិច្ឆេទបោះឆ្នោតជុំទី១ នៅថ្ងៃទី៣០មិថុនា ហើយជុំទី២ ថ្ងៃទី៧កក្កដា ខាងមុខ។ ការសម្រេចចិត្តរំលាយសភាពីសំណាក់ប្រមុខរដ្ឋ បានត្រូវរងការរិះគន់និងការមិនសប្បាយចិត្ត សូម្បីតែក្នុងរង្វង់គណបក្សកាន់អំណាចខ្លួនឯងផង។ ប្រឈមនឹងបញ្ហានេះ លោក ម៉ាក្រុង បានចាប់កាន់ក្បាលមេក្រូ បញ្ជាក់ជំហររបស់ខ្លួន និងថ្លែងការពារចំពោះការសម្រេចចិត្តដ៏ទាន់ហន់របស់លោក។
បើតាមលោក អេម៉ានុយអែល ម៉ាក្រុង, ការបោះឆ្នោតសភា នៅមុនអាណត្តិ ជាការផ្តល់ការសម្រេចចិត្តជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋ ហើយនិងដើម្បីទាក់ទាញប្រជាជនបារាំងឲ្យបោះឆ្នោតផ្តល់ទំនុកចិត្តសាជាថ្មីដល់គណបក្សកាន់អំណាចរបស់លោក។ លោកប្រមុខរដ្ឋ ម៉ាក្រុង ថាការបោះឆ្នោតសភា នៅពេលជាង១០ថ្ងៃទៀតនេះ មានសារៈសំខាន់ខ្លាំងណាស់ ដែលវានឹងកំណត់ជោគវាសនាដឹកនាំប្រទេស។ ចំពោះលោកប្រធានាធិបតី គឺលោកមិនចង់ឃើញអំណាចដឹកនាំប្រទេសឆ្នាំ២០២៧ ធ្លាក់ទៅកណ្តាប់ដៃគណបក្សស្តាំនិយមជ្រុលនោះឡើយ។ ដ្បិតថា បក្សស្តាំនិយមជ្រុលនឹងសើរើសំណុំរឿងជនអន្តោប្រវេសន៍ និងសន្តិសុខសុវត្ថិភាព ដែលបង្កការភ័យខ្លាចជាខ្លាំង។ ចំពោះលោកម៉ាក្រុង ប្រសិនបើគេខ្លាចការឡើងក្តាប់អំណាចរបស់ក្រុមស្តាំនិយមជ្រុល គឺត្រូវតែទៅបោះឆ្នោតទប់ទល់ក្រុមនេះ តាំងពីឥឡូវនេះឲ្យហើយ។ មិនតែប៉ុណ្ណោះ លោក ម៉ាក្រុង ថែមទាំងចោទប្រកាន់ ក្រុមស្តាំនិយមជ្រុល ថាស្និទ្ធនឹងលោក វ្ល៉ាឌីមៀរ ពូទីន ហើយនិងគ្មានជំនោរនយោបាយច្បាស់លាស់ចំពោះរុស្ស៊ី ព្រមទាំងចង់ដើរចេញពីអង្គការសម្ព័ន្ធយោធាអូតង់ ទៀតផង។
ចំពោះប្រធានាធិបតីម៉ាក្រុង, ការបោះឆ្នោតសភាថ្មី នៅចុងខែមិថុនានេះ ក៏ដើម្បីរក្សាតម្លៃសាធារណៈរដ្ឋបារាំង ហើយជាពិសេសនោះ ដើម្បីទប់ទល់នឹងបក្សស្តាំនិយមជ្រុល គណបក្សរួបរួមជាតិរបស់លោកស្រី ម៉ារីន ឡឺប៉ែន និងលោក ហ្សកដង បារដេលឡា។ ក្នុងគោលបំណងនេះ លោកប្រធានាធិបតី ម៉ាក្រុង បានអំពាវនាវគ្រប់និន្នាការនយោបាយ មិនថា បក្សនយោបាយនិន្នាការឆ្វេងនិយម សង្គមនិយម និងបរិស្ថាននិយម ឲ្យមករួបរួមគ្នាជាធ្លុងមួយ ហើយនិងប្រាប់ឲ្យម្ចាស់ឆ្នោតបន្តគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក គឺ លោក ហ្កាប៊្រីយែល អាតតាល់ ។
ក្នុងសន្និសីទសារព័ត៌មាន នៅក្រុងប៉ារីស ថ្ងៃពុធ ទី១២មិថុនា លោកប្រធានាធិបតីបារាំង បានលាតត្រដាងផែនការសំខាន់ៗ ដើម្បីទាក់ចិត្តម្ចាស់ឆ្នោត តួយ៉ាង ការពារបរិស្ថានសេដ្ឋកិច្ច ដោយត្រូវកសាងរ៉េអាក់ទ័រផលិតថាមពលនុយក្លេអ៊ែរ ថ្មីចំនួន៧ បន្ថែម ដើម្បីឯករាជ្យថាមពលបារាំង ហើយនិងកាត់បន្ថយថាមពលផូស៊ីល ចូលរួមចំណែករក្សាបរិស្ថានអាកាសធាតុ។
លោក ម៉ាក្រុង សន្យាតម្កើងកម្រិតជីវភាពប្រជាជន កាត់បន្ថយអតិផរណាទំនិញ ហើយនិងការពារគោលការណ៍គ្មានសាសនា និងបង្កើតឲ្យមានកិច្ចពិភាក្សាគ្នាឲ្យផុសផុលពីប្រធានបទនេះ។ បើតាមប្រសាសន៍របស់លោក ម៉ាក្រុង, រដ្ឋាភិបាលថ្មី ប្រសិនបើបក្សលោកឈ្នះឆ្នោត គឺនឹងហាមឃាត់ក្មេងៗក្រោម១១ឆ្នាំមិនឲ្យប្រើទូរសព្ទ ហើយនិងហាមក្មេងៗក្រោម១៥ឆ្នាំ មិនឲ្យប្រើប្រព័ន្ធបណ្តាញសង្គម ដើម្បីជាកិច្ចការពារយុវជនបារាំង។ នៅចំពោះមុខបណ្តាអ្នកកាសែត លោក ម៉ាក្រុង ក៏បានសារភាពកំហុស និងបង្ហាញការទទួលខុសត្រូវ ចំពោះការកសាងសំណង់លំនៅដ្ឋានសម្រាប់យុវជន មានភាពយឺតយ៉ាវ។
ឆ្លើយតបនឹងក្រុមអ្នកទាមទារចង់ឲ្យប្រធានាធិបតីចុះពីតំណែងព្រោះតែចាញ់សំឡេងឆ្នោតនៅសភាអឺរ៉ុបនោះ, លោក ម៉ាក្រុង បានប្រតិកម្មក្នុងន័យថា នេះជាការទាមទារដ៏ឆ្កួតលីលា៕
© រក្សាសិទ្ធិដោយ thmeythmey.com