RFI
អន្តរជាតិ
អឺរ៉ុប​គ្រោង​ដាក់ពន្ធថ្មីបន្ថែម​លើរថយន្តអគ្គិសនីចិន ម៉ាកខ្លះដល់ទៅ​ជាង​៣៨% បន្ថែមលើពន្ធនាំចូល
13, Jun 2024 , 9:59 pm        
រូបភាព
អ្នកទស្សនានៅស្តង់រថយន្តម៉ាក BYD ក្នុងឱកាស China Auto Show ទីក្រុងប៉េកាំង ថ្ងៃទី២៦ មេសា​ ២០២៤ AP - Tatan Syuflana
អ្នកទស្សនានៅស្តង់រថយន្តម៉ាក BYD ក្នុងឱកាស China Auto Show ទីក្រុងប៉េកាំង ថ្ងៃទី២៦ មេសា​ ២០២៤ AP - Tatan Syuflana
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
 
គណកម្មការអឺរ៉ុបបានប្រកាស​ឲ្យដឹងថា នៅរវាងខែកក្កដាខាងមុខ គេអាចនឹងអនុវត្តពន្ធថ្មីមួយទៀត បន្ថែមលើ​ពន្ធ​នាំចូល​ ទៅលើ​រថយន្តអគ្គិសនីរបស់ចិន។ កម្រិត​ពន្ធបន្ថែមនេះ អាចមានដល់ទៅ​៣៨,១%។ ការសម្រេច​​បន្ថែមពន្ធនេះ គឺជាលទ្ធផល​នៃការ​ស៊ើបអង្កេតអស់រយៈពេល​៩ខែ បន្ទាប់​ពី​អឺរ៉ុបសង្ស័យថាក្រុមហ៊ុនផលិត​រថយន្តចិនខ្លះ បានទទួលនូវជំនួយថវិកាពីរដ្ឋចិន ទើបអាចផលិ​តនាំចេញមកលក់នៅទីផ្សារអឺរ៉ុប ក្នុងតម្លៃមួយថោក​ដែល​គ្មាននរណាអាចធ្វើ​តាម​បាន​។

 
គណកម្មការអឺរ៉ុបបានសម្រេច​ ថានឹង​បង្កើតពន្ធបន្ថែម​មួយ​ទៀត ទៅលើរថយន្តអគ្គិសនីនាំចូលពីចិន មកលក់​ក្នុងទីផ្សារអឺរ៉ុប​។ ពន្ធបន្ថែមនេះ គឺជា "ពន្ធ​ប៉ះប៉ូវ​ឲ្យ​មានភាពយុត្តិធម៌" ដែល​នឹងមាន​កម្រិតខុសគ្នា ​ទៅតាមក្រុមហ៊ុន​រថយន្តចិននីមួយ​ៗ។ ជាក់ស្តែង សម្រាប់ក្រុមហ៊ុនរថយន្តម៉ាក BYD ពន្ធនេះនឹងមានកម្រិត​ ១៧,៤% រថយន្តម៉ាក Geely មាន​២០% ចំណែករថយន្តម៉ាក SAIC មានដល់ទៅ​ ៣៨,១%។
 
គណកម្មការអឺរ៉ុបបាន​ឲ្យដឹងដែរថា ក្រុម​ហ៊ុន​ផលិត​រថយន្តចិន ដែល​សហការជាមួយ​អឺរ៉ុប​ នៅក្នុង​ការ​ស៊ើបអង្កេត​ស្តីពី​ការ​ទទួល​បានជំនួយ​ពីរដ្ឋចិន គឺក្រុមហ៊ុននោះនឹងត្រូវបង់ពន្ធ​បន្ថែមនេះ ក្នុងកម្រិត​២១%។ រីឯក្រុមហ៊ុនដែលមិនសហការ នោះនឹងត្រូវបង់ពន្ធក្នុងកម្រិត​ ៣៨,១%។
 
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ទី​ផ្សារអឺរ៉ុបត្រូវជន់ជោរដោយ​រថយន្តអគ្គិសនីនាំចូលពីចិន ដែលលក់ក្នុងតម្លៃថោកខ្លាំង បើប្រៀបធៀបទៅនឹង​រថយន្តផលិតនៅអឺរ៉ុប​។​ តាមធម្មតា​ រថយន្តចិនដែល​នាំចូលមកលក់នៅអឺរ៉ុប ត្រូវបងពន្ធនាំចូល​ចំនួន​១០% ទៅលើតម្លៃលក់​។ កាលពីខែតុលា សហភាពអឺរ៉ុប​បាន​បើកការស៊ើបអង្កេតធំមួយ ដោយសង្ស័យ​ថា គឺរដ្ឋចិនបានជួយ​ឧបត្ថម្ភក្រុមហ៊ុន​ផលិតរថយន្តខ្លះ ដើម្បីអាចវាយ​លុកចូលទីផ្សារអឺរ៉ុប​ក្នុងតម្លៃថោក​។
 
ការសម្រេចបន្ថែមពន្ធ​លើរថយន្តអគ្គិសនីចិននេះ អាចនឹង​នាំឲ្យ​អឺរ៉ុបប្រមូល​ប្រាក់​បាន ច្រើនពាន់​លានអឺរ៉ូក្នុងមួយឆ្នាំៗ។ តែយ៉ាងណាក៏ដោយ វិធានការនេះ ប្រាកដជានឹងរកនូវការវាយ​បកវិញពីសំណាក់ភាគីចិន។ យ៉ាងណាមិញ គ្រាន់តែ​ពេលអឺរ៉ុប​បានចាប់ផ្តើម​បើកកាស៊ើបអង្កេតភ្លាម កាលពីខែមករា ចិនបានចេញវិធានការ​ដាក់ពិន័យ​លើស្រាគ្រប់ប្រភេទនាំចូលពីអឺរ៉ុប​។ ហើយនៅ​ថ្ងៃទី​១២មិថុនា ក្រោយ​ដឹងដំណឹង​ថាអឺរ៉ុបគំរាមបន្ថែមពន្ធលើរថយន្តអគ្គីសនីចិន ក្រសួងការបរទេសចិនបានប្រតិកម្ម​ ចាត់ទុកថាជាវិធានការ​បំពាននឹង​គោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី ហើយ​ថាចិន​​នឹងចាត់វិធានឆ្លើយតបវិញ ឲ្យសក្តិសមបំផុត។
 
គួរបញ្ជាក់ដែរថា នៅ​​សហរដ្ឋអាមេរិកឯនោះវិញ កាលពីថ្ងៃទី​១៤ឧសភា លោក ចូ បៃដិន​ បានសម្រេចដំឡើងពន្ធនាំចូល​រថយន្តអគ្គិសនីចិន ដែលពីមុនមានត្រឹម​២៥% ឡើងដល់​១០០%។ វិធានការពិន័យ​បន្ថែមពន្ធលើរថយន្តអគ្គិសនី​ចិននេះ ក៏ជាប្រភពបញ្ហា​បង្កឲ្យ​មានការខ្វែងគំនិតគ្នាដែរ រវាងប្រទេសសមាជិកអឺរ៉ុប។ អាល្លឺម៉ង់ ស៊ុយអែត និងហុងគ្រី ដែលខ្លាចចិនសងសិកលើទំនិញខ្លួន បានព្យាយាមរារាំងកុំឲ្យអឺរ៉ុប​ធ្វើដូច្នេះ​ ខណៈបារាំង អ៊ីតាលីនិងអេស្ប៉ាញវិញ ព្យាយាម​ជំរុញថាត្រូវតែបន្ថែមពន្ធលើរថយន្តអគ្គិសនី​​ចិន ដើម្បី​ឲ្យភាពយុត្តិធម៌សម្រាប់រថយន្តអឺរ៉ុប។ ទោះជាយ៉ាងណា គណកម្មការអឺរ៉ុបបានបញ្ជាក់ថា គេនឹងចរចាជាមួយភាគីចិន​បន្ថែមទៀត ដើម្បីស្វែងរកការស្រុះស្រួលគ្នាណាមួយ​ ហើយ​ក្នុងករណីពុំត្រូវគ្នា ទើបវិធានការពន្ធថ្មីនេះចាប់អនុវត្តពីថ្ងៃទី​៤កក្កដា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com