ជាតិ
សៀវភៅអំពីសួនសិក្សា និងផ្ទះបាយសិក្សាកម្រិតបឋមសិក្សាត្រូវបានដាក់ឱ្យប្រើប្រាស់
14, Jun 2024 , 3:19 pm        
រូបភាព
ដោយ៖ ជៃ ភានិត

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យប្រើប្រាស់«សៀវភៅណែនាំសកម្មភាពរៀនកម្មវិធីសួនសិក្សា និងផ្ទះបាយសិក្សាក្នុងប្រទេសកម្ពុជា» និង «សៀវភៅណែនាំផែនការសកម្មភាពក្នុងសួនសិក្សានិងផ្ទះបាយសិក្សា សម្រាប់កម្រិតបឋមសិក្សា ថ្នាក់ទី៤-៦» ជាផ្លូវការនៅថ្ងៃទី ១៣ ខែមិថុនា។



អង្គការភ្លែនអន្តរជាតិ ដែលទទួលជំនួយពីរដ្ឋាភិបាលអូស្ត្រាលី ក្រោមកិច្ចសហការរបស់មូលនិធិ The Stephanie Alexander Kitchen Garden បានគាំទ្រ និងរៀបចំសៀវភៅអំពីសួនសិក្សា និងផ្ទះបាយសិក្សាកម្រិតបឋមសិក្សាទាំងពីរនេះឡើង ដើម្បីជួយឱ្យអភិវឌ្ឍន៍ការអប់រំនៅកម្ពុជា។ 
 
ក្នុងសិក្ខាសាលាផ្សព្វផ្សាយនិងប្រកាសដាក់ឱ្យប្រើប្រាស់ជាសៀវភៅអំពីសួនសិក្សា និងផ្ទះបាយសិក្សាលោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា  បានលើកឡើងថា សៀវភៅទាំងពីរនេះ បានឆ្លុះ​បញ្ចាំងពីការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ក៏ដូចជា​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំជាវិស័យ​អាទិភាពទី១ ។ 
  


«សៀវភៅណែនាំ សកម្មភាពរៀនកម្មវិធីសួនសិក្សានិងផ្ទះបាយសិក្សាក្នុងប្រទេសកម្ពុជា» និង «សៀវភៅណែនាំផែនការ សកម្មភាពក្នុងសួនសិក្សានិងផ្ទះបាយសិក្សា សម្រាប់កម្រិតបឋមសិក្សា ថ្នាក់ទី៤ ថ្នាក់ទី៥ និង ថ្នាក់ទី៦» ជាឯកសារជំនួយដល់ការបង្រៀនមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និងសិក្សាសង្គម ថ្នាក់ទី៤ ទី៥ និងថ្នាក់ទី៦ ដ៏មានសារៈសំខាន់នេះ»។ នេះជាការអះអាងរបស់ លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ។ 
 
អនុរដ្ឋលេខាធិការក្រសួងអប់រំរូបនេះ ក៏បានកោតសរសើរដល់មន្ត្រីជំនាញ អង្គការភ្លែនអន្តរជាតិ អង្គការដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ និងចូលរួមអភិវឌ្ឍវិស័យអប់រំតាមរយៈកម្មវិធីសួនសិក្សា ដើម្បីជាឧត្តម​ប្រយោជន៍ក្នុងវិស័យអប់រំនៅកម្ពុជា។
 
លោកស្រី ទន់ សាអ៊ីម ចាត់ទុក សៀវភៅអំពីសួនសិក្សា និងផ្ទះបាយសិក្សាកម្រិតបឋមសិក្សានេះ  នឹងក្លាយជាឯកសារជំនួយស្មារតីដ៏មានសារៈសំខាន់សម្រាប់គ្រូ ក្នុងការបង្រៀន ដែលជាវិធីសាស្ត្រថ្មីមួយ សសម្រាប់គ្រូនិង សិស្សបានអនុវត្តជាក់ស្ដែង មានតម្លាភាព និងមានភាពសប្បាយរីករាយ ៕ 





Tag:
 សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com