ជាតិ
ឆ្នាំ២០២៣ កម្ពុជា​ទទួល​អំណោយឈាមជាង១៤ម៉ឺនប្លោក ពីសាធារណជន
14, Jun 2024 , 9:59 pm        
រូបភាព
ពលរដ្ឋចូលរួមបរិច្ឆាគឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល
ពលរដ្ឋចូលរួមបរិច្ឆាគឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល
ដោយ៖ ជ ដារី
 
ក្នុងឆ្នាំ២០២៣ កម្ពុជា​ទទួលបានអំណោយឈាម ចំនួន ១៤៣,១៤៣ប្លោក ពីសាធារណជន ដែលចំនួននេះ កើនឡើង ២៥.០៥ភាគរយ ​ធៀបកាលពីឆ្នាំ២០២២។ នេះបើតាមលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
 
​នៅក្នុង​ពិធីអបអរ​ទិវាពិភពលោក ​នៃ​អ្នកបរិច្ចាគឈាម ១៤ មិថុនា ២០២៤ ដែលកម្ពុជា ប្រារព្ធឡើង ក្រោមប្រធានបទ«ខួប២០ឆ្នាំ នៃការបរិច្ចាគឈាម សូម​អរគុណសប្បុរ​សជន​បរិច្ចាគឈាម» ​នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹង ទៀតថា  នៅក្នុងឆ្នាំ២០២៣ដដែល មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានផ្គត់ផ្គង់ឈាម និង​សមាស​ភាព​ឈាម​មានចំនួន ១៤៩,២៧៤ប្លោក ដល់មន្ទីរពេទ្យនានាដែលមានតម្រូវការ ផងដែរ ដែលចំនួននេះ​កើនឡើង ២៩.៨១ភាគរយ ធៀបនឹងឆ្នាំ២០២២។ 
 
 លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល
 
ប្រឈមមុខនឹងតម្រូវការដែលបន្តមានកំណើននេះ លោក ឈាង រ៉ា ​​​ បានអំពាវនាវឱ្យប្រជា​ពលរដ្ឋ និងសាធារណជន ​បន្តចូល​រួម​បរិច្ចាគ​ឈាមឱ្យបានច្រើនបន្ថែមទៀត ដើម្បី ធានា​ដល់បរិមាណផ្គត់ផ្គង់ឈាម គ្រប់គ្រាន់តាម​តម្រូវ​ការ​សង្គ្រោះ​អ្នកជំងឺ។ «អ្នកផ្តល់ឈាម គឺ​ជាវីរៈ​បុរស ហើយការផ្តល់ឈាម គឺជាការ ជួយសង្រ្គោះជីវិត ផ្តល់ជីវិត ផ្តល់ការស្រឡាញ់ និង​ការសាមគ្គី»។ លោក ឈាង រ៉ា បន្ថែមដូច្នេះ។
 
​ក្រៅពីទទូចទៅដល់ប្រជាពលរដ្ឋ លោករដ្ឋក្រសួងសុខាភិបាល ក៏បានបញ្ជាក់បន្ថែមដែរថា ក្រសួងសុខាភិបាលបានជំរុញ ឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម មជ្ឈមណ្ឌល​ផ្តល់​ឈាមខេត្ត បង្កើន​យុទ្ធនាការអប់រំផ្សព្វផ្សាយលើកកម្ពស់ការ​បរិច្ចាគឈាមស្ម័គ្រចិត្ត ជាពិសេស​ពីក្នុង ចំ ណោមយុវជន និងលើកកម្ពស់វរប្បធម៌ នៃការបរិច្ចាគឈាមទៀងទាត់ ដែលនេះគឺ ជាផ្នែក មួយនៃការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះ​សុខភាពសុខុមាល​ភាព​​ពលរដ្ឋ​។  ​
 
ក្រសួងសុខាភិបាល ក៏លើកទឹកចិត្តឱ្យ​បន្តរៀបចំប្រារព្ធទិវាពិភពលោក​នៃអ្នកបរិច្ចាគ​ឈាម​ជារៀងរាល់ឆ្នាំ ដើម្បីអរគុណ​​ដល់សប្បុរសជនបរិច្ចាគឈាមគ្រប់រូប ក៏ដូចជា​ធ្វើនវានុវត្តន៍​បច្ចេកវិទ្យា ក្នុងសេវាកម្មទទួល​អំណោយឈាម និងផ្គត់ផ្គង់ឈាម សមាសភាព​ឈាម ឱ្យ​បានគ្រប់គ្រាន់ គាំទ្រ​ដល់និរន្តរភាព និងសុវត្ថិភាព នៃសេវា​ព្យាបាល និងថែទាំជំងឺនៅគ្រប់​មន្ទីរពេទ្យ៕
 

Tag:
 សុខភាព
  សុខាភិបាល
  បរិច្ចាគឈាម
© រក្សាសិទ្ធិដោយ thmeythmey.com