ជាតិ
លោក លី សំរិទ្ធ ឡើងជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤
15, Jun 2024 , 7:00 pm        
រូបភាព
លោក លី សំរិទ្ធ ទទួលលិខិតតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤
លោក លី សំរិទ្ធ ទទួលលិខិតតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤
សៀមរាប៖ អតីតអភិបាលរងខេត្ត លោក លី សំរិទ្ធ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សា​ខេត្តសៀមរាបអាណត្តិទី៤នេះ។

អតីតអភិបាលរងខេត្តសៀមរាប២អាណត្តិ លោក លី សំរិទ្ធ ត្រូវបានតែងតាំងជា​ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំនួសលោក អ៊ាន ឃុន ដែលសុំចូលនិវត្តន៍។ ក្នុងពិធីប្រកាស​ចូលកាន់តំណែងនារសៀលថ្ងៃទី១៣ មិថុនា លោក លី សំរិទ្ធ បានប្ដេជ្ញាថា​នឹងបំពេញតួនាទីថ្មីនេះ​​ឱ្យល្អប្រសើរ សមនឹងការផ្តល់ទំនុកចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលបោះឆ្នោតជូន ។ លោកសន្យាជួយជំរុញការអភិវឌ្ឍខេត្តសៀមរាប ឱ្យកាន់តែលូតលាស់ទៅមុខបន្ថែម។ 
 

សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤

នាពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ នេះ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប លោក ទៀ សីហា បានផ្តាំទៅក្រុមប្រឹក្សាអាណត្តិតី៤ ឱ្យបន្តបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការ​​របស់​ប្រជាពលរដ្ឋ​​ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់​និន្នាការនយោបាយណាមួយឡើយ។ 
 
សម្រាប់លោក ទៀ សីហា នៅតែគាំទ្រឱ្យមានយន្តការ​កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមកពីគណបក្សនយោបាយផ្សេងៗចូលរួម។ លោក ទៀ សីហា ប្រាប់ថា លោកស្វាគមន៍ជានិច្ចរាល់មតិយោបល់នានា ​ក្នុងន័យអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាខេត្តសៀមរាប។ ដូច្នេះលោកចង់ភាគីនានា​ធ្វើការជាមួយគ្នា ស្ដាប់មតិយោបល់គ្នា ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត។ 
 
រដ្ឋមន្រ្តីការពារជាតិ ទៀ សីហា សង្ឃឹមថា ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ ក្រោមការដឹកនាំរបស់លោក លី សំរិទ្ធ នឹងបន្តយន្តការធ្វើឱ្យមានកិច្ចប្រជុំ​ឧត្តមប្រឹក្សាពិគ្រោះយោបល់នេះឡើង ដែលលោកជឿថា​ មតិយោបល់ច្រើន និងច្រើនគណបក្សនយោបាយ គឺជាកម្លាំងរុញច្រាលឱ្យមានការអភិវឌ្ឍលឿន។ 
 
គួរបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤នេះសរុប២៧រូប ក្នុងនោះមកពីគណបក្សប្រជាជន២៣រូប គណបក្សកម្លាំងជាតិ៣រូប និងគណបក្សឆន្ទះខ្មែរ១រូប។ កូតាគណបក្សប្រជាជនមានការប្ដូរផ្លាស់បេក្ខភាពមួយចំនួន ដែលអ្នកទាំងនោះដល់អាយុ​ចូលនិវត្តន៍ពីមន្រ្តីរាជការរួមមាន អតីតអភិបាលរងខេត្តលោកស្រី យូ សុភា, អតីតប្រធានមន្ទីរសុខាភិបាល លោក ក្រុស សារ៉ាត់, អតីតស្នងការរងខេត្ត លោក ភឹង ចិន្តារ៉េត និងមួយចំនួនមទៀតមកពីវិស័យឯកជន៕

© រក្សាសិទ្ធិដោយ thmeythmey.com