ជាតិ
បទសម្ភាសន៍
វីដេអូ
ចម្ការស្រ្តបឺរី ពង្រីកការដាំដុះដើម្បីបំពេញតម្រូវការទេសចរទៅកម្សាន្តនៅភ្នំបូកគោ
15, Jun 2024 , 9:30 pm        
រូបភាព
កំពត៖ ដំណាំស្រ្តបឺរី ជាដំណាំមួយប្រភេទដែលត្រូវការលូតលាស់ក្នុងអាកាសធាតុត្រជាក់  និងត្រូវការការថែទាំដោយបច្ចេកទេសខ្ពស់ ដើម្បីឱ្យដំណាំមួយនេះ ទទួលបានទិន្នផលល្អ ។ បើទោះតំបន់មួយចំនួននៅកម្ពុជា មានអាកាសធាតុត្រជាក់ក្តី ក៏​ដំណាំមួយនេះ​មិនអាច​លូតលាស់បានល្អឡើយ។ ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ២០២៣ វត្តមាន​ចម្ការស្រ្តបឺរី ក៏បាន​លេច​រូបរាងឡើង នៅលើកំពូលភ្នំបូកគោ នៃខេត្តកំពត ដែលមានអាកាសធាតុ​អំណោយ​ផល អាចឱ្យដំណាំនេះដុះលូតលាស់បានល្អ។ បច្ចុប្បន្ន ចម្ការស្រ្តបឺរីនេះ បានក្លាយជាទី តាំងសក្តានុពលទេសចរណ៍​ថ្មីមួយនៅលើភ្នំបូកគោ ក្រៅពីសំណង់បុរាណ​នានា។ ចម្ការ​ស្រ្តបឺរីនេះ ក៏កំពុងពង្រីក​ខ្លួន ​​ដើម្បីបំពេញតម្រូវការទេសចរ​ដែលមានកំណើនជាបន្ត​បន្ទាប់​ផងនោះ។

សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖

ឧទ្យានជាតិព្រះមុនីវង្ស-បូកគោ ជាតំបន់ប្រវត្តិសាស្រ្តលេចធ្លោមួយ​ របស់ខេត្តកំពត។ ភ្នំ​បូក​គោ មានទាំងតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ ជំនឿ និងជាទី​ដែលអំ​ណោយផលល្អ មាន​ទេសភាពព្រៃភ្នំ​ ជាមួយអ័ព្ទក្រាស់ៗរសាត់ទៅមក។ ​ភ្នំបូកគោ មាន​អាកាស​ធាតុ​ត្រជាក់​បង្គួរ ដោយសីតុណ្ហភាពប្រែប្រួលនៅរវាង ១៥អង្សាទៅ២៥អង្សា។ នៅលើភ្នំនេះ ជាទីតាំង​ល្អ​មួយ​​សម្រាប់ដាំដំណាំច្រើនប្រភេទ ឯរុក្ខជាតិខ្លះក៏លូតលាស់បាន​តែនៅលើកំពូលភ្នំនេះ​ដែរ​។
 


តួយ៉ាង នៅពាក់កណ្តាលឆ្នាំ២០២៣​ ចម្ការស្រ្តបឺរីទំហំ១ហិកតា ដែល​បង្កើតឡើយដោយ ជនជាតិកូរ៉េ បានបង្ហាញខ្លួនលើកំពូលភ្នំបូកគោ។ ជាប្រភេទផ្លែឈើ ដែលមានទីផ្សារល្អ និងតម្លៃខ្ពស់ ប៉ុន្តែទាមទារការ​មើលថែខ្ពស់។ បើចម្ការនេះមាន​ទំហំ ប្រ​មាណ​១ហិកតាក្តី ប៉ុន្តែ​ការដាំដុះគឺទើបធ្វើបានត្រឹម៣០​ភាគរយ​ប៉ុណ្ណោះ។ ទិន្ន​ផលស្រ្តបឺរី​ពី​ចម្ការនេះ ​ មិន​ទាន់អាចផ្គត់ផ្គង់ទីផ្សារបាននៅឡើយ។
 
លោក ដារ៉ា ប្រធានផ្នែកទេសចរណ៍នៃកសិដ្ឋានចម្ការស្រ្តបឺរី បានលើកឡើងថាដំណាំ​ស្រ្តបឺរី ចូលចិត្តអាកាសធាតុត្រជាក់ និងទាមទារការថែទាំដិតដល់ណាស់។
នៅតំបន់ផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ភាគ​ច្រើន​ក្តៅ ឯ​តំបន់ត្រជាក់ខ្លះ ក៏មិនអាចដាំបាន​នោះទេ។ លោក ដារ៉ា អះអាងថា កន្លងមកក្រុមការងារលោក ធ្លាប់​សាក​ល្បង​ដាំ​នៅ​ខេត្ត​រតនគិរី និង​មណ្ឌលគិរីដែរ ប៉ុន្តែ​​មិនបានផលដូចដាំ នៅ​ភ្នំបូកគោនេះ​ឡើយ។​​


 
«ការថែទាំគឺសំខាន់​ណាស់សម្រាប់ដំណាំ​នេះ​ មិនថាសត្វស្អិត ពេលប្រមូលទិន្នផល​នោះ​ឡើយ ជាពិសេសកសិដ្ឋាននេះ ត្រូវបានរៀបចំ ដោយបំពាក់ប្រព័ន្ធ​ស្រោចស្រ​ព​ឆ្លាតវៃ​ផង​ដែរ»​។ លោក ដារ៉ា បញ្ជាក់ដូច្នេះ មុននឹងបន្តថា ​បច្ចុប្បន្នកសិដ្ឋាន​ស្រ្តបឺរី​ ជាង១០រង ​នៅ​លើ​ភ្នំបូកគោនេះ ផ្តល់ទិន្នផលត្រឹម ១៥ ទៅ២០គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ និង​​​ផ្គត់ផ្គង់​ហាងនៅភ្នំពេញ និង​មួយចំនួនទៀត​លក់​ឱ្យ​សណ្ឋាគារសុខា អូតែល ភ្នំបូកគោ។
 
​បើតាមប្រធានផ្នែកទេសចរណ៍នៃកសិដ្ឋានចម្ការស្រ្តបឺរីជនជាតិកូរ៉េរូបនេះ ផ្លែស្រ្តបឺរី​នេះ អាច​​លក់បានតម្លៃ ២៥ដុល្លារ ក្នុង១​គីឡូ​ក្រាម។ ក្រៅពីមកទិញផ្ទាល់នៅចម្ការ អ្នកទេសចរ ​ ក៏​អាចទទួលបានបទពិសោធថ្មី ដោយអាចបេះផ្លែស្រ្តបឺរី ខ្លួនឯង ហើយភ្ញៀវដែលមកដល់​ចម្ការ​នេះ ជាង៩០ភាគរយជា​ជនជាតិខ្មែរ។ ជនជាតិកូរ៉េវ័យ ៤០ឆ្នាំរូបនេះ បន្តថា៖«​យើង​មាន​លក់ ​ហើយយើងក៏មានទទួលភ្ញៀវ​​ ​មកបេះខ្លួនឯងដែរ។ ភាគច្រើន ភ្ញៀវទេស​ចរ​ចង់​បេះខ្លួនឯងជាង ដែលនេះជា​បទ​ពិសោធ​របស់ពួកគាត់មួយ និងកាន់តែមានភាពសប្បាយ​រីករាយជាងទិញ។ អ្នកដែល​ចង់បេះខ្លួន​ឯង ពួកគាត់ត្រូវកក់តាមរយៈហ្វេសប៊ុកផេក មុន​១ថ្ងៃ ដើម្បីរៀបចំឧបករណ៍ដូចជា​ស្រោម​ដៃជាដើម និងបង្រៀនពីរបៀបបេះ។»។


 
 លោក ដារ៉ា បានបន្ថែមថា ចាប់តាំងពីបើកដំណើរការមក កសិដ្ឋានចម្ការស្រ្តបឺរី ទទួលបាន​ការ​គាំទ្រច្រើន ដែលនេះជាសក្តានុពល​ទេសចរណ៍មួយទៀតនៅភ្នំបូកគោនេះ។ បច្ចុប្បន្ន កសិដ្ឋាននេះ ក៏កំពុងពង្រីកខ្លួនបន្ថែមទៀត ដើម្បីបំពេញតម្រូវការទេសចរ និងមានភ្ញៀវ​មក​កម្សាន្តកាន់តែច្រើន៕















Tag:
 ThmeyThmey
  ស្រ្តបឺរី
  ទេសចរណ៍
  កំពត
 ភ្នំបូកគោ
© រក្សាសិទ្ធិដោយ thmeythmey.com