ជាតិ
សេដ្ឋកិច្ច
សម្លៀកបំពាក់ជជុះ ប្រឹងប្រជែងជាមួយម៉ាកផលិតផលល្បីៗ នៅក្នុងទីផ្សារកម្ពុជា
17, Jun 2024 , 9:00 am        
រូបភាព
សម្លៀកបំពាក់ ដាក់លក់នៅផ្សារបឹងកេងកង។ រូបភាព៖ ញ៉ សុខហឿន
សម្លៀកបំពាក់ ដាក់លក់នៅផ្សារបឹងកេងកង។ រូបភាព៖ ញ៉ សុខហឿន
ដោយ៖ ញ៉​ សុខហឿន​
ភ្នំពេញ៖ សម្លៀកបំពាក់ជជុះ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់សិស្ស និស្សិត និងពលរដ្ឋ ដែលមានចំណូលសមរម្យ ខណៈម៉ាកសម្លៀកបំពាក់ល្បីៗ កំពុងឈរជើងនៅក្នុងទីផ្សារប្រទេសកម្ពុជា។

 

កញ្ញា គិត បុប្ផា ជានិស្សិតនៅសកលវិទ្យាល័យ និងកំពុងបម្រើការងារក្នុងក្រុមហ៊ុនឯកជនមួយកន្លែង នៅរាជធានីភ្នំពេញ ចូលចិត្តប្រើប្រាស់សម្លៀកបំពាក់ជជុះ ដោយសារមានតម្លៃសមរម្យ។ សម្រាប់ បុប្ផា ការប្រើប្រាស់សម្លៀកបំពាក់ជជុះ ជួយសន្សំសំចៃការចំណាយរបស់នាង ដោយចំណាយថវិកាតិច តែទទួលបានសម្លៀកបំពាក់ច្រើន។ 
  

ពលរដ្ឋទិញសម្លៀកបំពាក់ នៅក្នុងផ្សារបឹងកេងកង រាជធានីភ្នំពេញ។ រូបភាពដោយ ញ៉ សុខហឿន

បុប្ផានិយាយសារព័ត៌មានឌីជីថលថ្មីៗថា៖ «ខ្ញុំចូលចិត្តប្រើប្រាស់ខោអាវជជុះ​ ពីព្រោះវាមានម៉ូតច្រើន​ហើយប្លែកពីម៉ូតនៅក្នុងស្រុក។ ប៉ុន្តែមុនពេលខ្ញុំទិញខោអាវទាំងនោះ ខ្ញុំក៏ត្រូវប្រាកដចិត្តដែរថាខ្ញុំស្រឡាញ់។ បើខ្ញុំអត់ស្រឡាញ់ខ្ញុំក៏អត់ទិញដែរ ទោះវាមានតម្លៃថោកក៏ដោយ»។ 
 
បុប្ផា មិនលាក់លៀម និងមិនខ្មាសអៀន ចំពោះការប្រាប់ពីតម្លៃសម្លៀកបំពាក់ជជុះ ដែលនាងកំពុងស្លៀកនៅលើ​ខ្លួនឡើយ ដោយពេលខ្លះចំណាយមិនដល់៤ម៉ឺន ឬ១០ដុល្លារផងទេ។ សម្រាប់ទីតាំងដែល បុប្ផា ចូលចិត្តទិញខោអាវនោះ គឺនៅផ្សារបឹងកេងកង ដែលស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។​
 
«ខោអាវភាគច្រើនដែលខ្ញុំទិញ គឺមានប្រាំពាន់រៀល ហើយជួនកាលមានតម្លៃ ខោវមួយ ឬអាវមួយ មួយមុឺនរៀល គឺវាអាស្រ័យទៅលើគុណភាពសម្លៀកបំពាក់»។ នេះបើតាមយុវតី វ័យជាង២០ឆ្នាំ គិត បុប្ផា។
 
បន្ថែមពីលើតម្លៃធូរថ្លៃ  សម្លៀកបំពាក់ជជុះ ក៏ជួយកាត់បន្ថយកាកសំណល់ និងលើកកម្ពស់ការយល់ដឹងអំពីលទ្ធភាពនៃការកែច្នៃវត្ថុ ប្រើប្រាស់ឡើងវិញទៀតផង។ 
  

ពលរដ្ឋទិញសម្លៀកបំពាក់ នៅក្នុងផ្សារបឹងកេងកង រាជធានីភ្នំពេញ។ រូបភាពដោយ  ញ៉ សុខហឿន

សម្លៀកបំពាក់ជជុះ ប្រឹងប្រជែងជាមួយម៉ាកផលិតផលសម្លៀកបំពាក់ល្បីៗ ដែលកំពុងឈរជើងនៅក្នុងទីផ្សារកម្ពុជា រួមមាន Zando, lacoste, Ten11 , Zara , H&M , Calvin Klein ជាដើម។ សម្លៀកបំពាក់មួយទឹក ក៏កំពុងពេញនិយមនៅលើទីផ្សារអនឡាញដូចជា ហ្វេសប៊ុក ទិកតុក(TikTok) និងអ៊ីនស្តាក្រាម(Instagram) ផងដែរ។  
 
ដ្បិតម៉ាកផលិតផលសម្លៀកបំពាក់ល្បីៗ ហូរចូលកម្ពុជាក្តី ប៉ុន្តែសម្លៀកបំពាក់ជជុះ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់សិស្ស និស្សិត យុវជន និងពលរដ្ឋ មានចំណូលមធ្យម​។ កញ្ញា បុិច សាយន្ដ័ ក៏ចូលចិត្តប្រើប្រាស់សម្លៀកបំពាក់ជជុះដែរ។ សាយន្ត័ បានប្រើប្រាស់ខោអាវជជុះ ជិត១០ឆ្នាំមកហើយ ដោយនាងគិតថា ខោអាវជជុះមានម៉ូតច្រើន ហើយគុណភាពសាច់ក្រណាត់ក៏​មិនចាញ់ផលិតផលថ្មី ប៉ុន្មានឡើយ។ 
 
សាយន្ត័និយាយថា៖ «ខ្ញុំអាចទិញខោអាវតាមរដូវរងា និងរដូវត្រជាក់នៅក្នុងតម្លៃមួយដែលល្អ។ កន្លែងដែលខ្ញុំចូលចិត្តគឺមានផ្សារបឹងកេងកង ផ្សារស្ទឹងមានជ័យ និងវិមានឯករាជ្យ II។ ខ្ញុំចូលចិត្តទិញនៅវិមានឯករាជ្យ II ជាងគេ ព្រោះទីនោះមានខោអាវលក់មានតម្លៃធូរថ្លៃ​ តម្លៃបួនពាន់រៀលអីទេ។ វាធូរថ្លៃ ជាងនៅ​ផ្សារបឹងកេងកង»។
  

អ្នកស្រី រ៉ាទី ជាអ្នកលក់ខោអារជជុះនៅផ្សារបឹងកេងកង

ផ្សារបឹងកេងកង គឺជាកន្លែងមួយ ដែលមនុស្សភាគច្រើនទៅទិញសម្លៀកបំពាក់ ដែលប្រើប្រាស់រួច និងមានតម្លៃសមរ្យ។ អ្នកស្រី រ៉ាទី មានវ័យ ៣០ ឆ្នាំ ជាអាជីវករលក់សម្លៀកបំពាក់ជជុះនៅផ្សារបឹងកេងកង បាននិយាយថា​ អ្នកនិយមទិញសម្លៀកបំពាក់ជជុះ ភាគច្រើនជាយុវជន។
 
«ខ្ញុំលក់សម្លៀកបំពាក់នេះ ចាប់ពីម៉ោង៧ ព្រឹកដល់ម៉ោង៧យប់ ដូចអាជីរករផ្សេងទៀតដែរ។ មានភ្ញៀវចន្លោះពី១០០នាក់ ទៅ២០០នាក់ ក្នុងមួយថ្ងៃមកទិញកន្លែងខ្ញុំ»។ នេះបើតាមអ្នកស្រី រ៉ាទី ដែលលក់ម៉ូតសម្លៀកបំពាក់ភាគច្រើន សម្រាប់តែយុវជនប៉ុណ្ណោះ។ 
 
សព្វថ្ងៃនេះ មនុស្សកំពុងមានបញ្ហារឿងសេដ្ឋកិច្ច។ ដូច្នោះពួកគេប្រហែលកាត់បន្ថយការចំណាយប្រចាំថ្ងៃ។ ​ការប្រើប្រាស់សម្លៀកបំពាក់មួយទឹកជាដើម គឺជាវិធីសាស្រ្តដ៏ល្អមួយ ក្នុងការសន្សំសំចៃ។ នេះជាការយល់ឃើញរបស់អ្នកស្រី រ៉ាទី។​ 
 
បើយោងទៅតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជាបាននាំចូលខោអាវជជុះច្រើនជាង ៦២,​​ ០០០ តោន នៅក្នុងឆ្នាំ២០២៣ ដែលមានតម្លៃ​ ៥០, ២ លានដុល្លារ។ ក្នុងនោះ មានសម្លៀកបំពាក់ជជុះពីប្រទេសកូរ៉េខាងត្បូង នាំចូលមកកម្ពុជាប្រហែល ១៧, ៤៨៣តោន​ ដែលមានតម្លៃ ១៤. ១ លានដុល្លារ។ នាំចូលពីចិន ១៤. ៧០៤ តោន ដែលមានតម្លៃ ១១.៨ លានដុល្លារ និងជប៉ុន ១៣, ៦៣៨ តោន ដែលមានតម្លៃ ១១ លានដុល្លារ។ 
 
ក្នុងរយៈពេលដូចគ្នានេះ ប្រទេសកម្ពជា ក៏បាននាំចេញសម្លៀកបំពាក់ជជុះទៅក្រៅប្រទេសជិត ៣០០ តោនដែរ ដែលមានតម្លៃប្រហែល ៣.២ លានដុល្លារ។ ប្រទេសហ្ស៊កដានី គឺជាទីផ្សារធំជាងគេដែលបាននាំចូលនាំចេញសម្លៀកបំពាក់ជជុះពីកម្ពុជាចំនួន ៩២៣, ៨ តោន ដែលមានតម្លៃ ១.១៣ លានដុល្លារ។ ម៉ាឡេស៊ី​ ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ ​ជាមួយ​នាំចូលសម្លៀក​បំពាក់​ជជុះពីកម្ពុជា ​ចំនួន ៥៤២,២ តោន​​ មាន​តម្លៃ ៦១៦, ០៦០ ដុល្លារ​។ ខណៈ​​ហុងកុងស្ថិតនៅលេខរៀងទី៣ ដែលបាននាំចូល ចំនួន ៣៥៤,៣ តោន មាន​តម្លៃ ២១៤, ៧៩៣ ដុល្លារ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com