ជាតិ
ស្ពានអាកាសទី៨នៅ​ភ្នំពេញ តម្លៃជាង១៦លានដុល្លារ​ ​ត្រូវបានបើកការដ្ឋាន​​​សាង​សង់
17, Jun 2024 , 10:17 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
រូបភាព៖ ហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ស្ពាន​អាកាសភ្លោះ នៅចំណុចប្រសព្វរវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូ៦០ម៉ែត្រ) និងផ្លូវជាតិ​លេខ២ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៧ ខែមិថុនានេះ ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

 
គម្រោងសាងសង់ស្ពាន​អាកាសភ្លោះ ដែលជាស្ពានអាកាសទី៨ នៅរាជធានីភ្នំពេញនេះ គ្រោងចំណាយ​ថវិកា​១៦ ២០០ ៥០០ ដុល្លា និងចំណាយពេលសា​ងសង់​១២​ខែ។ នេះ​បើ​តាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានបញ្ជាក់នៅក្នុង​ពិធីបើក​ការដ្ឋានស្ពាន​អាកាសភ្លោះ ដែលស្ថិតនៅព្រំប្រទល់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាលនៅព្រឹកនេះ។
 
«ក្រុមហ៊ុនដែលត្រូវទទួលការអនុវត្តគម្រោងគឺក្រុមហ៊ុន វិនិយោគទុនអនិកជន OCIC ដោយគ្រោងចំណាយពេលសាងសង់១២ខែ ដោយចំណាយថវិកាអស់​ចំនួន ១៦ ២០០ ៥០០ដុល្លារ  ដែលជាកញ្ចប់ថវិកាបង្វែរពីការសាងសង់ស្ពាន​អាកាស​ គង់ សំអុល និងមូលនិធិអភិវឌ្ឍន៍កោះនរា។ ហើយស្ពាននេះ នឹងក្លាយជាស្ពានទី៨(នៅរាជធានីភ្នំពេញ) ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន»។ លោក ឃួង ស្រេង បញ្ជាក់ដូច្នេះ ដោយបានឱ្យដឹងទៀតថា ស្ពាន​អាកាសភ្លោះនេះ ​ជាប្រភេទបេតុងអាមេ (ធ្នឹម​រាងអក្សរ I ) ដែលមានបណ្ដោយ​សរុប ៦២២ម៉ែត្រ។ 
 
សូមជម្រាបថា ស្ពានអាកាសចំនួន៧ទៀត នៅរាជធានីភ្នំពេញ រួមមានស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា ,ស្ពានអាកាសស្ទឹងមានជ័យ , ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ,ស្ពានអាកាសរង្វង់មូលចោមចៅ, ស្ពានអាកាសឫស្សីកែវ និងស្ពានអាកាសមរតកតេជោ ដែលកំពុងស្ថិតនៅក្នុងដំណាក់កាសនៃការសាងសង់៕  

 ប្លង់ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វមហាវិថីសម្តេច ហ៊ុន សែន និងផ្លូវជាតិលេខ២។  រូបភាព៖ ហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ

© រក្សាសិទ្ធិដោយ thmeythmey.com