កីឡាជាតិ
ជាតិ
សុស៊ីដាន ចែកផ្លូវពី Tiffy Army ក្រោយរួមរស់៤ឆ្នាំ
17, Jun 2024 , 11:19 am        
រូបភាព
រូបភាព៖-ផេកហ្វេសប៊ុកក្លិប-Tiffy-Army-
រូបភាព៖-ផេកហ្វេសប៊ុកក្លិប-Tiffy-Army-
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសពីការចែកផ្លូវគ្នាជាមួយកីឡាករ ញាណ សុស៊ីដាន ក្រោយរួមរស់ជាមួយគ្នារយៈពេល ៤ឆ្នាំ។

 
តាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ របស់ Tiffy Army នៅព្រឹកថ្ងៃទី១៧ ខែមិថុនា កីឡាករជម្រើសជាតិកម្ពុជា ញាណ សុស៊ីដាន នឹងត្រូវចាកចេញពីក្លិបទ័ព ដើម្បីចូលរួមជា​មួយក្លិបថ្មី នៅរដូវកាលក្រោយ ២០២៤-២៥។
 
«ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក ក្រុមកីឡាករទាំងអស់របស់ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ សូមអំណរគុណចំពោះកីឡាករ ញាណ សុស៊ីដាន ដែលបានរួមចំណែកជួយក្រុមអស់ពីកម្លាំងកាយចិត្ត នាពេលកន្លងមក ។
 
យើងទាំងអស់គ្នា សូមជូនពរ ស៊ីដាន ទទួលបាននូវភាពជោគជ័យបន្ថែម ក្នុងវិស័យកីឡាបាល់ទាត់មួយនេះ»។ នេះជាសារ​ជូនពររបស់ក្លិបទ័ព ទៅកាន់ សុស៊ីដាន បន្ទាប់ពីខ្សែបម្រើវ័យ​២​១ឆ្នាំរូបនេះ ត្រូវចាកចេញពីក្រុមដែលខ្លួនធ្លាប់ប្រកបអាជីពរយៈពេល ៤ឆ្នាំ។
 
សុស៊ីដាន បានចូលរួមជាមួយ Tiffy Army FC នៅអំឡុងឆ្នាំ២០២០ ដោយកាលណោះ ស៊ីដាន បានធ្វើតេស្តជាប់ជាកីឡាយុវជនអាយុក្រោម២១ឆ្នាំ ក្រោមការបង្ហាត់ផ្ទាល់ពី​ លោក ប៊ួយ ភារម្យ ជាគ្រូបង្គោល។ សុស៊ីដាន បានជួយ U21​ ទ័ព ទទួលបានចំណាត់ថ្នាក់លេខ២ នៃពានរង្វាន់លីគទី២កម្ពុជា រដូវកាលឆ្នាំ២០២០នោះ។ 
 
ត្រឹមរយៈពេល១ឆ្នាំ ពោលនៅឆ្នាំ ២០២១ ស៊ីដាន បានបង្ហាញទេពកោសល្យលេចធ្លោ និងត្រូវបានដំឡើងទៅកាន់ក្រុមឈុត របស់ Tiffy Army និងបន្តវិវឌ្ឍន៍ខ្លួន និងទម្រង់លេងបានយ៉ាងល្អ រហូតជាប់ជាកីឡាករល្អប្រចាំខែ ចំនួន២លើក នៃលីគកំពូលកម្ពុជា ព្រមទាំងមានឱកាសបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជា ជាច្រើនលើកថែមទៀត។ 
 
ផ្លាស់ចេញពី Tiffy Army អតីតកីឡាករ U23 របស់ក្រុមជម្រើសជាតិរូបនេះ នៅមិនទាន់មានការប្រកាសជាផ្លូវការ ថានឹងចូលរួមជាមួយក្រុមណានៅឡើយទេ។ យ៉ាងណាក៏ដោយ តាមពាក្យចចាមអារ៉ាម លើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន សុស៊ីដាន ទំនងជាចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង ដែលជាក្លិបស្ថិតក្នុងស្រុកកំណើតរបស់គេ៕
 

Tag:
 ញាណ សុស៊ីដាន
  Tiffy Army FC
© រក្សាសិទ្ធិដោយ thmeythmey.com