ជាតិ
សេដ្ឋកិច្ច
រដ្ឋ លក់បណ្ណបំណុលបានជាង៤០លានដុល្លារ ក្នុងត្រីមាសទី១
17, Jun 2024 , 2:10 pm        
រូបភាព
ដោយ៖ ​ជ​ ដារី

ភ្នំពេញ៖ នៅក្នុងត្រីមាសទី១​ រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយលក់មូលបត្ររដ្ឋ (បណ្ណបំណុល )​ ចំនួន១៨២ប៊ីលានរៀល ដែលស្មើនឹង៤៥,០៤លានដុល្លារ​។ ទំហំនេះ ស្មើនឹង៤១ភាគរយ​​ នៃទំហំបណ្ណបំណុលសរុប១០៨លានដុល្លារ ដែលបានកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ នេះបើយោងតាមព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជា ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា។

 
រដ្ឋសម្រចបោះផ្សាយលក់មូលបត្ររដ្ឋនេះ គឺដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ចជាតិ​។
 

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០២៤ រដ្ឋាភិបាលមានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤,៧០ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ ទំហំនេះ នឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋចំនួន ១០៨លានដុល្លារ​ និងហិរញ្ញប្បទាន(កម្ចី)ក្រៅប្រទេស ក្នុងទំហំ៤,៣៩ភាគរយ នៃផ.ស.ស ស្មើនឹងប្រមាណជាង ២ ០០០លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ ថវិកាដែលប្រមូលបានតាមរយៈកម្ចីក្នុង និងក្រៅស្រុកនេះ រដ្ឋាភិបាល នឹងយកទៅអភិវឌ្ឍន៍វិស័យអាទិភាពនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។
 
គួរជម្រាបថា មូលបត្ររដ្ឋត្រូវបានបោះផ្សាយលក់ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ តាមរយៈយន្តការដាក់ដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា។ នៅឆ្នាំ២០២៣ តាមរយៈច្បាប់ថវិកាជាតិ រាជរដ្ឋាភិបាល បោះផ្សាយលក់មូលបត្ររដ្ឋចំនួន ២០០លានដុល្លារអាម៉េរិក។ សម្រាប់ឆ្នាំ២០២៤ គឺជាឆ្នាំទី៣ហើយ ដែលរដ្ឋសម្រេចបោះលក់មូលបត្រនេះក្នុងទំហំទឹកប្រាក់១០៨លានដុល្លារ។
 
គិតត្រឹមដំណាច់ត្រីមាសទី១​ ឆ្នាំ២០២៤ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ១១,០៩ប៊ីលានដុល្លារ ក្នុងនោះបំណុលក្រៅប្រទេសមានដល់១១ប៊ីលានដុល្លារ ស្មើនឹង ៩៩,១២ ភាគរយ និងបំណុលក្នុងស្រុក​មាន ៩៨លានដុល្លារ។​ បើតាមក្រសួងសេដ្ឋកិច្ច ក្នុងចំណោមបំណុលក្រៅប្រទេស​នេះ គឺមានប្រមាណ៦៤ភាគរយ ជាកម្ចីក្នុងក្របខ័ណ្ឌទ្វេភាគី។ ប្រទេសដែលកម្ពុជាជំពាក់ច្រើនជាងគេនោះ គឺប្រទេសចិន បន្ទាប់មក គឺជប៉ុន កូរ៉េខាងត្បូង និងប្រទេសបារាំង៕ ​ 

Tag:
 ប័ណ្ណបំណុល
© រក្សាសិទ្ធិដោយ thmeythmey.com