ជាតិ
រដ្ឋាភិបាល ប្ដេជ្ញាសម្អាតបឹងទន្លេសាប ដើម្បីលើកស្ទួយជីវភាព និងសុខមាលភាពពលរដ្ឋ
18, Jun 2024 , 1:59 pm        
រូបភាព
ការរស់នៅលើផ្ទះបណ្តែតទឹករបស់ប្រជាពលរដ្ឋលើបឹងទន្លេសាប
ការរស់នៅលើផ្ទះបណ្តែតទឹករបស់ប្រជាពលរដ្ឋលើបឹងទន្លេសាប
ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (NCSD ) បានប្ដេជ្ញារួមគ្នាសម្អាតបឹងទន្លេសាប ដើម្បីលើកស្ទួយជីវភាព និងសុខមាលភាពពលរដ្ឋ។ ការប្ដេជ្ញានេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ស្ដីពី «ភាពស្អាតនៅក្នុងទឹក» នាថ្ងៃទី១៧ មិថុនា នៅទីស្តីការក្រសួងបរិស្ថាន តបតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់រដ្ឋាភិបាល ក្នុងការធានាឱ្យពលរដ្ឋគ្រប់រូបទទួលបានសុខភាពល្អ ចាកផុតការឆ្លងជំងឺ ដែលបណ្ដាលមកពីកង្វះអនាម័យ ទឹកស្អាត និងចំណីអាហារ ជាពិសេសបរិស្ថានស្អាតជុំវិញខ្លួន។



ក្នុងការងារនេះ NCSD បានចេញដាក់ទស្សនទាន ៤ធំៗ ដូចជា ការកាត់បន្ថយបំពុលពីសំណល់ប្លាស្ទិកហូរចូលទីក្នុងបឹងទន្លេសាប និងកាត់បន្ថយពពួករុក្ខជាតិទឹកដែលរាតត្បាតក្នុងបឹង និងតំបន់ដីសើមជុំវិញ។ ជាពិសេសបង្កើតមុខរបរចិញ្ចឹមជីវិតបែបចម្រុះ ឬពិពិធកម្មរបរចិញ្ចឹមជីវិត នៅក្នុងមូលដ្ឋាន ដូចជា ការផ្តល់សេវាទេសចរណ៍ក្រៅពីការធ្វើរបរនេសាទត្រី ជាដើម។ 
 
ចុងក្រោយ គឺការស្តារព្រៃលិចទឹក និងតំបន់ដីសើមជុំវិញតំបន់ស្នូលនៃបឹងទន្លេសាប ដើម្បីធ្វើឱ្យបឹងទន្លេសាបកម្ពុជា មានផាសុកភាពឡើងវិញ ព្រោះថាបឹងទន្លេសាប គឺជាប្រភពប្រូតេអ៊ីន និងផ្តល់សារធាតុចិញ្ចឹមទៅដល់ពលរដ្ឋជាច្រើន និងជាផ្នែកមួយដ៏ចម្បងនៃសេដ្ឋកិច្ចជាតិផងដែរ៕ 
 


Tag:
 ក្រសួងបរិស្ថាន
  ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព
© រក្សាសិទ្ធិដោយ thmeythmey.com