កីឡាជាតិ
ជាតិ
វិទ្យាស្ថានបារាំងនៅកម្ពុជា ពិព័រណ៍រូបភាពកីឡារាំ Breakdance ដែលបញ្ចូលក្នុងអូឡាំពិកលើកដំបូងនៅប៉ារីស
× វិទ្យាស្ថានបារាំងកម្ពុជា នឹងដាក់តាំងពិព័រណ៍រូបភាពកីឡារាំ Breakdance និងបង្ហាញពីប្រភេទវិញ្ញាសាកីឡារាំ Breaking នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ កម្មវិធីនេះ ធ្វើឡើងដោយសារកីឡារាំ Breakdancing បានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកជាលើកដំបូង ក្នុងក្រុងប៉ារីស ឆ្នាំ២០២៤ និងដើម្បីអបអរសិល្បៈរបាំ តាមរយៈរដូវកាលវប្បធម៌ «រាំតាមខ្ញុំ» ផង។
ស្របពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស នឹងឈានមកដល់ក្នុងរយៈជាង១ខែទៀត ពោលនៅថ្ងៃទី២៦ ខែកក្កដា និងនៅក្នុងក្របខណ្ឌនៃរដូវកាលរប្បធម៌ «រាំតាមខ្ញុំ» វិទ្យាស្ថានបារាំងកម្ពុជា នឹងរៀបចំការតាំងពិព័រណ៍កីឡារាំ Breakdance។ ពិព័រណ៍នេះ នឹងត្រូវដាក់បង្ហាញនៅលើជញ្ជាំងស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២៨ ខែកញ្ញា។
កីឡារាំ breakdance ឬការរាំ breaking ហៅម្យ៉ាងទៀតថា break, breakdance, breakdancing ឬ bboying ត្រូវបានបង្កើតឡើងដោយឯកឯងនៅតាមដងផ្លូរ។ បន្ទាប់បានសម្តែងក្នុងព្រឹត្តិការណ៍អូឡាំពិកយុវជននៅក្រុង Buenos Aires ប្រទេសអាហ្សង់ទីនឆ្នាំ ២០១៨ និងកីឡាស៊ីហ្គេមឆ្នាំ២០១៩ និង២០២៣នៅកម្ពុជា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសម្រេចដាក់បញ្ចូល កីឡារាំ Breakdance ក្នុងកម្មវិធីកីឡាលំដាប់ពិភពលោក នៅក្រុងប៉ារីស។
ជាកីឡាដែលមានដើមកំណើតពីវប្បធម៌ហ៊ីបហប (Hip-Hop) និងមានប្រភពដើមពីសហរដ្ឋអាម៉េរិក សព្វថ្ងៃនេះការរាំ breaking បានទទួលស្គាល់ជាអន្តរជាតិ និងជាវិញ្ញាសានៃការប្រកួតកីឡាជាច្រើន។ ព្រឹត្តិការណ៍អូឡាំពិកក្រុងប៉ារីសឆ្នាំ ២០២៤ នឹងមាន b-boys ចំនួន១៦រូប និង b-girls ១៦រូបដូចគ្នា ដើម្បីរាំប្រកួតប្រជែងគ្នានៅក្នុងការប្រកួតមួយទល់មួយ និង២ទល់២។ ប្រភេទកីឡានេះ ត្រូវបានគេជឿជាក់ថា នឹងទាក់ទាញអ្នកទស្សនាផ្ទាល់ដែលមានវ័យក្មេងៗច្រើនផងដែរ។
បើតាមលិខិតរបស់វិទ្យាស្ថានបារាំងកម្ពុជា ការតាំងពិព័រណ៍រូបភាពកីឡារាំ Breakdance នឹងបង្ហាញពីរូបថតដែលថតដោយគម្រោង ស្មូឌីយោរូបភាព-ផ្ទះរូបថត ក្នុងអំឡុងពេលការប្រកួតក្បាច់រាំ breakdance របស់វិទ្យាស្ថានបារាំងកម្ពុជា ដែលធ្វើឡើងពីថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៤។ ការរាំ breakdance លើកកម្ពស់តន្ត្រី ភាពច្នៃប្រឌិត និងអត្តសញ្ញាណបុគ្គលផ្ទាល់ខ្លួន ដែលអាចឱ្យមនុស្សទាំងអស់គ្នាចូលរួម ចំណែកទៅនឹងប្រវត្តិនៃកីឡារាំនេះ។
រូបថត bboys និង bgirls ដែលត្រូវបានរក្សាទុកជាប័ណ្ណសារ របស់ទីភ្នាក់ងារព័ត៌មានបារាំង (AFP) ក៏នឹងត្រូវបានដាក់តាំងបង្ហាញនៅលើ ជញ្ជាំងនៃវិទ្យាស្ថានបារាំងកម្ពុជា ដែលបង្ហាញពីការវិវត្តនៃវិញ្ញាសានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com