ជាតិ
ប្រធានាធិបតីសិង្ហបុរី ថា សក្ដានុពលធនធានមនុស្សវ័យក្មេងរបស់កម្ពុជា នឹងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ
19, Jun 2024 , 9:31 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួបលោក Tharman Shanmugaratnam ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី នាល្ងាចថ្ងៃអង្គារ ទី១៨ មិថុនា ២០២៤។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួបលោក Tharman Shanmugaratnam ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី នាល្ងាចថ្ងៃអង្គារ ទី១៨ មិថុនា ២០២៤។
កម្ពុជា នឹងអភិវឌ្ឍន៍លើគ្រប់វិស័យ តាមរយៈកម្លាំងចលករបស់ធនធានមនុស្សវ័យក្មេង។ នេះជាការយល់ឃើញរបស់លោក Tharman Shanmugaratnam ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី ថ្លែងមកកាន់សម្ដេច ហ៊ុន ម៉ាណែត ក្នុងឱកាសស្វាគមន៍សម្ដេចធិបតី នាដំណើការទស្សនកិច្ចផ្លូវការ នៅប្រទេសសិង្ហបុរី ពីថ្ងៃទី១៨-១៩ មិថុនា។



ប្រធានាធិបតីសិង្ហបុរី បានវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អទ្វេភាគីលើគ្រប់វិស័យ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្ស។ មេដឹកនាំសិង្ហបុរីរូបនេះ សង្ឃឹមថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីឈានទៅរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ។ 
 
ងាកមកការអភិវឌ្ឍជាតិកម្ពុជាវិញ ប្រធានាធិបតីសិង្ហបុរី មើលឃើញថា កម្ពុជា នឹងអភិវឌ្ឍន៍លើគ្រប់វិស័យ តាមរយៈសក្ដានុពលនៃធនធានមនុស្សវ័យក្មេងនៅកម្ពុជា។ មេដឹកនាំប្រទេស ដែលលើកកម្ពស់ការអប់រំខ្ពស់ និងធនធានមនុស្សរូបនេះ មានសុទិដ្ឋនិយមថា៖ «សក្ដានុពលនៃធនធានមនុស្សវ័យក្មេង និងវឌ្ឍនភាពរីកចម្រើននៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា នឹងជាកម្លាំងចលករនៃការទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្ដានុពលផ្សេងៗទៀត»។
 
នៅក្នុងឆ្នាំ២០២៥ កម្ពុជា និងសិង្ហបុរី នឹងរៀបចំខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគី។ ប្រទេសទាំងពីរនឹងស្វែងរកនូវកិច្ចសហប្រតិបត្តិការ ស្តីពីការអភិវឌ្ឍលើគ្រប់ទំនាក់ទំនង ដូចជា ទំនាក់ទំនងធុរកិច្ច វិស័យឯកជន និងឯកជន រដ្ឋាភិបាល និងរដ្ឋាភិបាល និងទំនាក់ទំនងក្នុងទិដ្ឋភាពផ្សេងទៀត។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា កម្ពុជា និងសិង្ហបុរី នឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើន។
 
ជាមួយគ្នានេះ មេដឹកនាំប្រទេសទាំងពីរ ក៏បានពិភាក្សាអំពីយន្តការ និងក្របខណ្ឌគោលនយោបាយនានា សម្រាប់កិច្ចការពារដល់បរិស្ថាន ជាពិសេសការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានានូវភាពធន់សេដ្ឋកិច្ច ដោយផ្តោតលើការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលអាចឈានដល់ការសម្រេចបាននូវបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។ 

ក្នុងយន្តការនៃកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ៖«ប្រទេសទាំងពីរនឹងខិតខំពង្រីកបន្ថែមនូវទំហំវិនិយោគ និងពាណិជ្ជកម្ម ក៏ដូចជាការជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរ។ ក្រៅពីនេះ ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ និងបច្ចេកវិទ្យា»។
 
មេដឹកនាំកម្ពុជា-សិង្ហបុរី លើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាលទាំងពីរ ក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីកំណត់ជាក់លាក់លើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗទៀត៕

Tag:
 ហ៊ុន ម៉ាណែត
  សេដ្ឋកិច្ច
  ធនធានមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com