ជាតិ
អាល្លឺម៉ង់ បើកស្ថានកុងស៊ុលកិត្តិយស នៅខេត្ត​សៀមរាប
19, Jun 2024 , 11:59 am        
រូបភាព
ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានសម្ពោធស្ថានកុងស៊ុល កិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប កាលពីថ្ងៃទី១៧មិថុនា ដើម្បីពង្រីកវិសាលភាពការផ្ដល់សេវាទៅកាន់តែប្រជាជនខ្លួន ក៏ដូចជាពលរដ្ឋកម្ពុជា។ រូបថត៖ លុយ សិរីរក្សា
ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានសម្ពោធស្ថានកុងស៊ុល កិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប កាលពីថ្ងៃទី១៧មិថុនា ដើម្បីពង្រីកវិសាលភាពការផ្ដល់សេវាទៅកាន់តែប្រជាជនខ្លួន ក៏ដូចជាពលរដ្ឋកម្ពុជា។ រូបថត៖ លុយ សិរីរក្សា
ដោយ: ថ្មីៗ
ដោយ៖ លុយ សិរីរក្សា 
 
​សៀមរាប៖ ស្ថានកុង​ស៊ុល កិត្តិយសអាល្លឺម៉ង់​ប្រចាំខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៧មិថុនា ដើម្បី​ពង្រីក​វិសាល​​ភាពការផ្ដល់សេវាទៅកាន់តែប្រជាជនខ្លួន ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា។

 
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនេះ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបញ្ជាក់ថា ស្ថានអគ្គកុង​ស៊ុលកិត្តិយសនេះ នឹងគ្របដណ្ដប់ការផ្ដល់សេវានៅក្នុងខេត្តសៀមរាប បន្ទាយ​មានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ 
 
(ឈរកណ្ដាល) លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ថ្លែងក្នុងពិធីសម្ពោធកុងស៊ុលកិត្តិយសអាល្លឺម៉ង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១៧ មិថុនា ២០២៤។
 
ជាមួយគ្នានេះ លោក Torsten Münther ត្រូវបានតែងតាំងជាកុងស៊ុលកិត្តិយសទីមួយរបស់អាល្លឺម៉ង់​​ប្រចាំ​នៅកម្ពុជា។ លោក Torsten Münther បានចំណាយពេលបំពេញការងារជាង ២០ឆ្នាំមក​ហើយ ក្នុង​ប្រ​ទេស​​កម្ពុជា។ លោកបានចូលរួមយ៉ាងសកម្មក្នុងភាពរីកចម្រើន​នៃ​វិស័យ​ឯកជន និងក្នុងការងារប្រឹក្សា​យោបល់​លើគោលនយោបាយសេដ្ឋកិច្ច​ក្នុងប្រទេស។  
 
«ការិយាល័យថ្មីនេះ នឹងចាប់ដៃគ្នាជាមួយស្ថានទូតអាល្លឺម៉ង់​ប្រចាំទីក្រុង​ភ្នំពេញ ហើយជំហានដ៏សំខាន់មួយនេះ ត្រូវបានបង្កើតឡើង ដើម្បីពង្រីក និងធ្វើ​ឱ្យទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធ​អាល្លឺម៉ង់ កាន់តែស៊ីជម្រៅ។» លោក Torsten Münther បាន​ថ្លែងដូច្នេះ​ក្នុងកម្មពិធី​សម្ពោធ។
 
លោក Torsten Münther កុងស៊ុលកិត្តិយសទីមួយរបស់អាល្លឺម៉ង់ប្រចាំនៅកម្ពុជា ថ្លែងក្នុងពិធីសម្ពោធកុងស៊ុលកិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប កាលពីថ្ងៃទី១៧ មិថុនា ២០២៤។
 
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ស្ថាន​កុងស៊ុលកិត្តិយសថ្មីនេះ ជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ចំណង និងភាពជាដៃគូដ៏រឹងមាំជាងមុន ក្នុងវិស័យនានារវាងកម្ពុជា និងអាល្លឺម៉ង់។ 
 
​ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ថ្លែងក្នុងពិធីសម្ពោធកុងស៊ុលកិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប កាលពីថ្ងៃទី១៧ មិថុនា ២០២៤។

កន្លងមក ប្រទេសអាល្លឺម៉ង់បានផ្តល់ថវិកាប្រមាណ ៥៤០លានអឺរ៉ូ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការគាំទ្ររយៈពេលវែងដល់រាជរដ្ឋាភិបាលកម្ពុជា។ ទំនាក់ទំនងទ្វេភាគីនេះ បានបង្ហាញពីយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហាសំខាន់ៗដូចជា ការអភិវឌ្ឍន៍ការងារ ,ការអភិរក្សវប្បធម៌ ,ការបោសសម្អាតមីន ,សុខភាព និងស្ថិរភាពសង្គម ព្រមទាំងបរិស្ថាន និងនិរន្តរភាពផងដែរ៕​
 






© រក្សាសិទ្ធិដោយ thmeythmey.com