ជាតិ
ឧកញ៉ា ស្រី ស៊ីណា និងមនុស្ស២នាក់ទៀត ត្រូវបានបញ្ជូនទៅតុលាការ
19, Jun 2024 , 3:48 pm        
រូបភាព
លោក ស្រី ស៊ីណា ដែលមានងារជាឧកញ៉ា និងមនុស្ស២នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីតាមច្បាប់ ជុំវិញករណីបាញ់សម្លាប់ និងបង្ករបួស ដល់ជនរងគ្រោះ៤នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ មិថុនា។



ឧកញ៉ា ស្រី ស៊ីណា អាយុ៥០ឆ្នាំ បានបាញ់ទៅលើជនរងគ្រោះ៤នាក់ ដោយក្នុងនោះយុវជន២រូប ដែលជាគូដណ្ដឹងនឹងគ្នា បានស្លាប់បាត់បង់ជីវិត និងមនុស្ស២នាក់ទៀត រងរបួស។  ខ្មាំនកាំភ្លើងរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយកើតហេតុ ដោយរូបគេបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនដកកាំភ្លើងបាញ់ប្រហារលើជនរងគ្រោះ ព្រោះតែទំនាស់រឿងប្រើប្រាស់ស្នួហាលខោអាវ និងការចតឡានមុខផ្ទះ។
 
ដោយឡែកជនសង្ស័យ២នាក់ផ្សេងទៀត មានឈ្មោះ សាន សុខចំរើន អាយុ២៦ឆ្នាំ និងឈ្មោះ ទិន ទូច អាយុ២៦ឆ្នាំ ក៏ត្រូវបានបញ្ចូនទៅតុលាការដែរ ។ ពួកគេទាំងពីរនាក់នេះ ជាអ្នកដឹកឧកញ៉ា ស្រី ស៊ីណា ទៅធ្វើសកម្មភាព និងក្រោយធ្វើសកម្មភាព។
 
ជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមានលោក ឡុង លីសុង និងកញ្ញា ឃីម កញ្ចនា ដែលជាគូដណ្ដឹងនឹងគ្នា បានបាត់បង់ជីវិត។ ចំណែកយុវជន សុខុម រ៉ាចាណៈ និង ហុង រិទ្ធធារ័ក្ស រងរបួសធ្ងន់ និងស្រាល។ ពួកគេទាំង៤នាក់ មានមុខរបរជាជាងថតរូប ស្នាក់នៅផ្ទះកើតហេតុខាងលើ។
 

Tag:
 ស្រី ស៊ីណា
  ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com