ជាតិ
បទសម្ភាសន៍
វីដេអូ
បណ្ណាល័យ«តស់អាន»នៅ​​ក្រុងកំ​ពង់​ចាម នឹងជួយជំរុញការអាន​នៅទីសាធារណៈរបស់ពលរដ្ឋ
20, Jun 2024 , 8:59 am        
រូបភាព
ដោយ៖ ជៃ ភានិត

កំពង់ចាម៖ «តស់អាន» គឺជាបណ្ណាល័យសាធារណៈ ដែលបង្កើតឡើងដោយនិស្សិតវ័យក្មេង៤នាក់ មានទីតាំងនៅមាត់ទន្លេក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ​បណ្ណាល័យនេះ បើកពី ៥ល្ងាច ដល់ម៉ោង ៨យប់ រៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បី​សាធារណជនអានមកអានសៀវភៅ ឬខ្ចីសៀវភៅទៅអានដោយឥតគិតថ្លៃ។ សមាជិកក្រុម«តស់អាន» លោក ថេង ធី ​បានឱ្យសារព័ត៌មានឌីជីថលថ្មីៗដឹងថា ក្រុមខ្លួនរៀបចំបណ្ណាល័យ​នេះ​ ព្រោះ​ចង់បណ្ដុះទម្លាប់អាននៅ​ទីសាធារណៈ ដល់ពលរដ្ឋ ជាពិសេសយុវជន។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 
ស្ថិតនៅតាមបណ្ដោយមាត់ទន្លេនៃក្រុងកំពង់ចាម និស្សិត ៤នាក់ បានយកសៀវភៅជាច្រើនប្រភេទដាក់តាំងសម្រាប់ឱ្យពលរដ្ឋអាន និងខ្ចី។ លោក ថេង ធី ជានិស្សិតឆ្នាំទី៣ និងជាសមាជិកក្រុម«តស់អាន» បានឱ្យដឹងថា ការបង្កើតបណ្ណាល័យនៅទីសាធារណៈនេះ ព្រោះក្រុមរបស់លោកមានឆន្ទៈចង់បណ្ដុះការអានដល់ពលរដ្ឋ ជាពិសេសយុវជននៅតាមទីសាធារណៈ។ 
លោក ថេង ធី  បានអះអាងដូច្នេះ៖ «ខ្ញុំឃើញថានៅកំពង់ចាម មិនសូវមានអ្នកអាននៅតាមទីសាធារណៈទេ ភាគច្រើនគាត់មកលេង មកកាន់ទូរសព្ទ ដើរលេងកម្សាន្តធម្មតា ។ ប៉ុន្តែបើយើងមកអានសៀវភៅគេគិតថាជារឿងប្លែក។ ពេលពួកខ្ញុំដាក់បណ្ណាល័យនេះ ក៏ជួយជំរុញឱ្យមានភាពក្លាហានក្នុងការអានសៀវភៅក្នុងទីសាធារណៈដែរ»។ 
 

 
បើតាមនិសិ្សតរូបនេះ ការចាប់ផ្តើមដំបូងក្រុមរបស់ខ្លួន ចូលជាសៀវភៅគ្នា  មានប្រហែល ៣០-៤០ក្បាលប៉ុណ្ណោះ។ ប៉ុន្តែដោយមានការជួយពីសប្បុរសជន បច្ចុប្បន្នបណ្ណាល័យ«តស់អាន» មានសៀវភៅរហូតដល់៦០០ក្បាល ដែលផ្ដល់ភាពងាយស្រួល និងជម្រើសអានដល់ពលរដ្ឋច្រើនជាងមុន។ បណ្ណាល័យសាធារណៈមួយនេះ បើកតែចុងសប្ដាហ៍ ចាប់ពី ៥ ល្ងាច ដល់ម៉ោង ៨យប់ប៉ុណ្ណោះ ដោយសារសមាជិកក្រុមទាំងអស់ជាប់រវល់រៀន និងធ្វើការ។ 
 
រយៈពេល៧ខែ នៃបេសកកម្មរបស់បណ្ណាល័យសាធារណៈ«តស់អាន» យុវជនវ័យ២២ឆ្នាំ ថេង ធី និងក្រុម មើលឃើញថាមានពលរដ្ឋជាច្រើនបានគាំទ្រ បើទោះបីបណ្ណាល័យពួកគេបើក ត្រឹមតែ២ថ្ងៃក្នុងមួយសប្ដាហ៍ក្ដី។ 
 

 
ជាមួយនឹងកំណើនគាំទ្រនេះ ក្រុមនិស្សិត«តស់អាន»មានមោទកភាពដែលពួកគេអាចជាចំ​ណែកមួយ ជួយជំរុញការអានរបស់ពលរដ្ឋជាពិសេសយុវជននៅតាមទីសាធារណៈ និងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ក្រុមខ្លួន បន្តសកម្មភាពនេះតទៅមុខទៀត។   លោក ថេង ធី រៀប​រាប់ថា៖«ពួកខ្ញុំរីករាយនឹងធ្វើការងារនេះ ព្រោះមានអារម្មណ៍ថាយើងជួយដល់អ្នកដទៃ។ ហើយ​ពេលគេចូលមកអានច្រើនមានអារម្មណ៍ថាសប្បាយចិត្តខ្លាំង ហើយចង់ឱ្យយុវជនយើងចូលចិត្តអាចសៀវភៅ»៕ 
 


Tag:
 អំណាន សៀវភៅ
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com