ជាតិ
ក្រសួង​មហាផ្ទៃ សាកល្បង​សេវាផ្តល់​លិខិត​ឆ្លងដែនតាមប្រព័ន្ធអនឡាញ
19, Jun 2024 , 9:29 pm        
រូបភាព
លោក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ
លោក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ
ដោយ: រួបរួម
ដើម្បី​កាត់​បន្ថែម​ពេល​វេលារង់ចាំរបស់ប្រជាពលរដ្ឋនៅទីតាំង​ផ្តល់លិខិត​ឆ្លងដែន​ ក្រសួង​មហាផ្ទៃ បាន​ចេញសម្រេច​ ​ដាក់​ឱ្យ​ប្រើ​ប្រាស់​សាកល្បងនូវ​សេវា​ផ្តល់​លិខិត​ឆ្លងដែន ​តាម​ប្រព័ន្ធអនឡាញ។

 
តាម​សេចក្តីជូនដំណឹង​ចុះថ្ងៃទី​១៧ ខែមិថុនា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាន​បង្ហាញ​គេហទំព័រ​សេវាអត្តសញ្ញាណកម្ម (https://online.gdi.gov.kh/login) រួម​ទាំង QR Code សម្រាប់​ការ​បំពេញ​បែបបទស្នើ​សុំ ហើយ​បំពេញបែបបទ​រួច សាមីខ្លួន​ត្រូវទៅកាន់ទីស្នាក់ការ ឬ សាខាលិខិតឆ្លងដែនណាមួយតាមការកំណត់ ដើម្បីសម្ភាស ថតរូប ផ្តិតខ្មៅដៃ និងបង់សេវារដ្ឋបាល។
 
ចំពោះពលរដ្ឋមានជំងឺធ្ងន់ ឬចាស់ជរា ឬពិការភាព ដែលពុំអាចធ្វើដំណើរទៅកាន់ទីតាំងផ្តល់សេវាដោយផ្ទាល់បាន សមាជិកគ្រួសារ ឬតំណាងអាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវសំបុត្របញ្ជាក់ពីពេទ្យ ឬរូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬស្ថានភាពអ្នកស្នើសុំ។ សេចក្តីជូន​ដំណឹង​ដដែល​បាន​បញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងពិនិត្យចាត់ក្រុមការងារ ចុះផ្តល់សេវាដល់ទីតាំងរបស់សាមីខ្លួនដោយពុំគិតកម្រៃសេវាបន្ថែម សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។
 
ជាមួយគ្នានេះ ពលរដ្ឋក៏អាចអញ្ជើញទៅកាន់ទីស្នាក់ការផ្តល់លិខិតឆ្លងដែននៅផ្សារទំនើបអ៊ីអន២ នា​ចុង​សប្តាហ៍​ដើម្បីទទួលសេវាផងដែរ ហើយ​សម្រាប់ព័ត៌មាន​បន្ថែម សូមទាក់ទងទៅ​លេខ​ ១២៧១ នៅ​រៀងរាល់ម៉ោង​ធ្វើការ៕
 

Tag:
 លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com