ជាតិ
សិស្សរស់នៅភូមិដាច់ស្រយាល នៃស្រុកថាឡាបរិវ៉ាត់ បារម្ភពីផ្លូវរអិល និងហានិភ័យពេលឆ្លងទូក នារដូវវស្សា
20, Jun 2024 , 11:39 am        
រូបភាព
ដោយ៖ ភេន​ សុភ័ក្រ្ដ

ស្ទឹងត្រែង៖ សិស្សមួយចំនួនធំ រស់នៅតំបន់ដាច់ស្រយាលនៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងព្រួយបារម្ភពីការធ្វើដំណើរទៅសាលា នារដូវវស្សា។  សិស្សានុសិស្ស ត្រូវចាកចេញពីភូមិ ធ្វើដំណើរដោយម៉ូតូ នាម៉ោង៥ព្រឹក ឆ្លងកាត់ផ្លូវក្រាលក្រួសក្រហម អមដោយចម្ការអ្នកស្រុក និងមានចម្ងាយជិត ៤០គីឡូម៉ែត្រ។ រាល់ពេលភ្លៀងធ្លាក់ ​​ផ្លូវរអិល ទឹកហូរដាច់ផ្លូវ រីឯទឹកទន្លេក៏ឡើង ដែលអាចបង្កជាគ្រោះថ្នាក់  ជាហេតុនាំឱ្យសិស្ស តែងខ្វល់ចិត្តពីសុវត្ថិភាពពេលឆ្លងកាត់ទន្លទៅសាលារៀន។

 
ភូមិដូង ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលជាតំបន់ដាច់ស្រយាល ក្បែរព្រៃឡង់។ ប្រជាជន នៅទីនោះភាគច្រើនជាកសិករធ្វើស្រែចម្ការ ដាំដំណាំផ្សេងដូចជា ស្វាយចន្ទី ដំឡូង ។ ជារៀងរាល់ថ្ងៃ ពលរដ្ឋ តែងតែចាកចេញពីផ្ទះដើម្បីទៅចម្ការ និងស៊ីឈ្នួលរកកម្រៃ តាមទម្លាប់រៀងៗខ្លួន។ ចំណែក ក្មេងៗ ដែលបានបញ្ចប់ថ្នាក់បឋមសិក្សា ពួកគេក៏បន្តទៅ​សិក្សានៅថ្នាក់វិទ្យាល័យ ដែលមានចម្ងាយជិត៤០គីឡូម៉ែត្រ ពីភូមិ។
 
ផ្លូវតភ្ជាប់ពីតំបន់ដាច់ស្រយាល មកទីប្រជុំជននេះ ជាមធ្យោបាយតែមួយគត់ សម្រាប់ពលរដ្ឋ ធ្វើដំណើរ ដឹកជញ្ជូនកសិផល។ នារដូវប្រាំង ផ្លូវនឹងហុយ មើលសឹងតែមិនឃើញ ដោយឡែក រដូវវស្សា​ ផ្លូវនឹងប្រែជារអិល ទឹកហូរដាច់ផ្លូវ ដែលអាចបង្កជាគ្រោះថ្នាក់ចៃដន្យ ពិសេស ការធ្វើដំណើររបស់សិស្ស។ ភ្លៀងធ្លាក់កាន់តែខ្លាំង ទឹកទន្លេ កាន់តែឡើង ​សិស្សទាំងនោះ ត្រូវឆ្លងទៅត្រើយម្ខាងទៀត ទាំងភ័យព្រួយ អំឡុងពេលមានភ្លៀងធ្លាក់ និងរលកធំៗ។  
  


សិស្សទាំងនោះ ត្រូវធ្វើដំណើរផ្លូវឆ្ងាយ និងឆ្លងទឹកទន្លេមេគង្គ ទៅសិក្សានៅវិទ្យាល័យ ហ៊ុនសែន កោះស្រឡាយ ដែលនៅលើកោះហុំព័ទ្ធដោយទឹកនៃទន្លេមេង្គ  ស្ថិតនៅស្រុកសៀមបូក។ ដើម្បីទៅដល់សាលា សិស្សានុសិស្ស  ត្រូវក្រោកពីព្រលឹម រៀបចំខ្លួន ជិះម៉ូតូជាង៣០គីឡូម៉ែត្រ និងត្រូវចំណាយពេលជាង ១០នាទីទៀត ដើម្បីជិះទូកចម្លង ទៅកោះស្រឡាយ។ សកម្ម្មភាពទាំងនេះ បានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់ សិស្សានុសិស្ស ដែលរស់នៅតំបន់ដាច់ស្រយាលមួយនេះ។
 
យុវជន នេត លីណូ ជាសិស្សសិក្សានៅវិទ្យាល័យ ហ៊ុន សែន កោះស្រឡាយ។ យុវសិស្សវ័យ ១៥ឆ្នាំរូបនេះ ជាអ្នករស់នៅភូមិដូង បានតស៊ូមកបន្តការសិក្សានៅថ្នាក់វិទ្យាល័យ។ ជាកូនកសិករមួយរូប  លីណូ ត្រូវក្រោកពីព្រលឹម នាម៉ោង៤កន្លះ ព្រឹកដើម្បីធ្វើដំណើរទៅសាលា។ ជារៀងរាល់ថ្ងៃ លីណូ និងមិត្តភក្តិរួមដំណើរ តែងជិះម៉ូតូតាមផ្លូវស្ងាត់ អមទៅដោយព្រៃ និងមានផ្ទះប្រជាពលរដ្ឋតាំងលំនៅឆ្ងាយដាច់ពីគ្នា។ មិនមែនជារឿងងាយស្រួលនោះឡើយ សម្រាប់ពួកគេជាសិស្ស​ លីណូ តែងតែបារម្ភពីសុវត្ថិភាពរបស់ខ្លួន ជាក់ស្តែងដូចជារដូវធ្លាក់ភ្លៀងម្តងៗ។ 
  
 នេត លីណូ សិស្សរៀនថ្នាក់ទី៩ នៅវិទ្យាល័យ ហ៊ុន សែន កោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

លីណូ បានលើកឡើងថា៖​ «ឧបសគ្គដែលខ្ញុំជួបប្រទះគឺ ការធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីទៅសាលារៀនហើយខែវស្សាក៏កៀកមកដល់ពេលភ្លៀងម្តងៗធ្វើឱ្យផ្លូវរអិលពិបាកជិះម៉ូតូ បញ្ហាមួយទៀតការធ្វើដំណើរឆ្លងទន្លេអាចប្រឈមនឹងការលិចទឹកដោយសារតែមានខ្យល់ព្យុះនិងរលកធំៗ។»
 
ពេលមកដល់កំពង់ចម្លង លីណូ ត្រូវរង់ចាំទូកចម្លង ឬស្រឡាង ដើម្បីឆ្លងទៅកោះ។ យុវសិស្សរៀនថ្នាក់ទី៩រូបនេះ បន្តថា ប្រសិនបើរូបគេ យកម៉ូតូទៅដល់សាលា ត្រូវចំណាយថវិកាចំនួន ២៥០០រៀល លើតម្លៃឆ្លងទូកដ។ ប៉ុន្តែដើម្បីសន្សំថវិកា លីណូ តែងផ្ញើម៉ូតូនៅផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះ។ អ្នកចម្លងទូក មិនយកថវិកាពីគេឡើយ ព្រោះយោគយល់ថាជាសិស្ស ដោយឡែកអ្នកដំណើរទូទៅ យកថវិកាធម្មតា។
  


«បើទោះបីជាផ្លូវលំបាកជួបឧបសគ្គច្រើនក៏ខ្ញុំនៅតែបន្តសិក្សាដើម្បី មានចំណេះវិជ្ជា រកការងារល្អទៅថ្ងៃមុខដើម្បីជួយគ្រួសារ។» នេត លីណូ ចង់ក្លាយសសរទ្រូង នៃគ្រួសារ និងដើម្បីអនាគតរបស់ខ្លួន។
 
ជាក្តីស្រមៃរបស់ យុវសិស្ស នេត លីណូ បន្ទាប់ពីបញ្ចប់ថ្នាក់ទី​១២ រូបគេ ចង់បន្តការសិក្សានៅថ្នាក់ឧត្តមទៀត ទើបព្យាយាម និងខិតខំរៀនសូត្រ។  
 
មិនខុសពី នេត លីនូ ឡើយ  យុវជន ហន រិទ្ធី ក៏ជាសិស្សម្នាក់ ដែលរស់នៅក្នុងភូមិដាច់ស្រយាលនេះដែរ។  រិទ្ធី មានឪពុកជាកសិករ និងម្តាយ ជាអ្នកលក់ដូរបន្តិចបន្តួចនៅក្នុងភូមិ ដើម្បីផ្គត់ផ្គង់ជីវភាព។ យុវសិស្សរៀនថ្នាក់ទី៩រូបនេះ បានរៀបរាប់ថា តែងចេញមកពីផ្ទះម៉ោង៥ទៀបភ្លឺ ហើយជិះមកជាមួយមិត្តភក្តិ លុះដល់ពេលល្ងាចចេញពីរៀន ម៉ោង៤ ទៅម៉ោង៥ទើបដល់ផ្ទះ។ ពេលខ្លះ រិទ្ធី ធ្លាប់មករៀនយឺតម្តងម្កាលដែរ តែគ្រូមិនពិន័យទេព្រោះលោកគ្រូ អ្នកគ្រូយល់ពីហេតុផលផ្ទះឆ្ងាយ ។
  
 ហន រិទ្ធី សិស្សរៀនថ្នាក់ទី៩ នៅវិទ្យាល័យ ហ៊ុន សែន កោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្មេងប្រុសមកពីភូមិដាច់ស្រយាលរូបនេះ ត្អូញត្អែរថា៖ «ការធ្វើដំណើរផ្លូវរអិលពេលភ្លៀង ពិបាកឆ្លងទឹកទន្លេ ជិះទូកដមានគ្នាច្រើនខ្យល់ធ្វើឱ្យមានរលកធំៗ ខ្ញុំតែងតែភ័យ ពេលមករៀន និងពេលទៅផ្ទះវិញ ដោយសារ ផ្លូវឆ្ងាយខ្លាចជួបអ្នកប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងខ្លាចគេវាយ ប្លន់ម៉ូតូ» ។
 
លោក ព្រំ បុត្រ ជាអនុភូមិ នៃភូមិដូង បានលើកឡើងថា ពីមុនផ្លូវមួយខ្សែនេះពិបាកខ្លាំង ក្នុងការធ្វើដំណើរ ប៉ុន្តែបច្ចុប្បន្ន អាជ្ញាធរកំពុងជួសជុល។ យ៉ាងណាមិញ លោកនៅតែបារម្ភ ពេលមានភ្លៀងធ្លាក់ ព្រោះផ្លូវរអិល ផ្លូវដាច់ជាដើម។ លោក បុត្រ បន្ត​ថា​ សិស្សានុសិស្ស តែងជួបការលំបាក មិនថាការធ្វើដំណើរ ការស្នាក់នៅនោះទេ​ ដោយសារគ្រួសារពួកគេខ្វះថវិកា។

សិស្សមួយចំនួន បានបោះបង់ការសិក្សាដោយសារ ខ្វះជីវភាព  ពិបាករកកន្លែងស្នាក់នៅ ឯអ្នកខ្លះក៏ព្រួយបារម្ភនឹងការឆ្លងទឹកទន្លេ ។

លោក ព្រំុ បុត្រ អនុភូមិ នៃភូមិដូង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក រៀបរាប់​ថា​៖«ខ្ញុំព្រួយបារម្ភចំពោះសិស្សដែលរៀននៅវិទ្យាល័យផ្សេងៗ ព្រោះគាត់ធ្វើដំណើរផ្លូវឆ្ងាយ ថែមទាំងឆ្លងទឹកទន្លេ នារដូវវស្សាខាងមុខនេះផ្លូវអាចដាច់ ទឹកទន្លេឡើងច្រើន ខ្លាចជួបគ្រោះថ្នាក់ដោយប្រការណាមួយ មូលហេតុនេះហើយទើបសិស្សមួយចំនួនបោះបង់ការសិក្សា។»
 
លោក ព្រំ បុត្រ បន្ថែមថា បច្ចុប្បន្ន ផ្លូវកំពុងជួសជុល ប៉ុន្តែនៅសល់ជិត៣គីឡូម៉ែត្រទៀតទើប ចូលដល់ផ្លូវភូមិ។ អនុភូមិរូបនេះ ក៏បានស្នើសុំឱ្យ​ អាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយពីបញ្ហាផ្លូវនេះ ដើម្បីសិស្សងាយស្រួលធ្វើដំណើរ៕





Tag:
 ThmeyThmey
 ស្ទឹងត្រែង
  សិស្ស
  រដូវវស្សា
© រក្សាសិទ្ធិដោយ thmeythmey.com