ជាតិ
ព្រះមហាក្សត្រ បញ្ចប់គោរមងារ«ឧកញ៉ា» ពីលោក ស្រី ស៊ីណា
20, Jun 2024 , 5:22 pm        
រូបភាព
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្កាប់បញ្ចប់គោរមងារ«ឧកញ៉ា» ពីលោក ស្រី ស៊ីណា ដែលជាប់ពាក់ព័ន្ធនឹងករណីបាញ់ប្រហារទៅលើយុវជន៤នាក់ បណ្ដាឱ្យស្លាប់ និងរបួស។ ព្រះរាជក្រឹត្យបញ្ចប់គោរមងារ«ឧកញ៉» ចុះថ្ងៃទី២០ មិថុនានេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

 
លោក ស្រី ស៊ីណា និងមនុស្ស២នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីតាមច្បាប់ ជុំវិញករណីបាញ់សម្លាប់ និងបង្ករបួស ដល់ជនរងគ្រោះ៤នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ មិថុនា។ ជនសង្ស័យ២នាក់ផ្សេងទៀត មានឈ្មោះ សាន សុខចំរើន អាយុ២៦ឆ្នាំ និងឈ្មោះ ទិន ទូច អាយុ២៦ឆ្នាំ ក៏ត្រូវបានបញ្ចូនទៅតុលាការដែរ ។ ពួកគេទាំងពីរនាក់នេះ ជាអ្នកដឹកឧកញ៉ា ស្រី ស៊ីណា ទៅធ្វើសកម្មភាព និងក្រោយធ្វើសកម្មភាព។
 
ជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមានលោក ឡុង លីសុង និងកញ្ញា ឃីម កញ្ចនា ដែលជាគូដណ្ដឹងនឹងគ្នា បានបាត់បង់ជីវិត។ ចំណែកយុវជន សុខុម រ៉ាចាណៈ និង ហុង រិទ្ធធារ័ក្ស រងរបួសធ្ងន់ និងស្រាល។ ពួកគេទាំង៤នាក់ មានមុខរបរជាជាងថតរូប ស្នាក់នៅផ្ទះកើតហេតុខាងលើ៕
 

Tag:
 ស្រី ស៊ីណា
  ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com