ជាតិ
ពលរដ្ឋជាង២ម៉ឺននាក់ បានប្រើប្រាស់កម្មវិធីទូរសព្ទដៃ « កំណត់ត្រាទឹកនោមផ្អែម CarnetDia » ![](https://image.thmeythmey.com/pictures/2024/06/21/img_2410.jpg)
×![]()
ភ្នំពេញ៖ កម្មវិធីទូរសព្ទដៃ «កំណត់ត្រាទឹកនោមផ្អែម CarnetDia» ត្រូវបានបង្កើតឡើងស្របពេលនៃនិន្នាការកើនឡើងនៃអ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជា។ បច្ចុប្បន្នមានពលរដ្ឋ និងអ្នកកើតជំងឺទឹកនោមផ្អែម ជាង២ម៉ឺននាក់ហើយ ដែលបានទាញប្រយោជន៍ពីកម្មវិធីទូរសព្ទដៃ « កំណត់ត្រាទឹកនោមផ្អែម CarnetDia »។
កម្មវិធីទូរសព្ទដៃ « កំណត់ត្រាទឹកនោមផ្អែម CarnetDia » បានទទួលការគាំទ្រពីមជ្ឈមណ្ឌលកម្ពុជា៤.0 និងសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា។ តាមទិន្នន័យ មានពលរដ្ឋចំនួន ២៤ ៥០៦នាក់ បានប្រើប្រាស់កម្មវិធីទូរសព្ទដៃមួយនេះ ក្នុងនោះមានអ្នកប្រើប្រព័ន្ធ IOS ចំនួន ១១ ២៤១នាក់ និងចំនួន ១៣ ២៦៥ ពីអ្នកប្រើប្រព័ន្ធAndroid ។ ដោយឡែក អ្នកជំងឺទឹកនោមផ្អែមដែលបានកត់ត្រាទុកជាតិស្ករ មានចំនួន ៣ ៥៣៨នាក់ ក្នុងនោះស្រ្តីមានចំនួន ២ ៣៧២នាក់ និងបុរស ចំនួន ១ ១៦៦នាក់។
![](https://image.thmeythmey.com/pictures/2024/06/21/img__2_.jpg)
លោក ស៊ុំ សត្ថា វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម ដែលជាស្ថាបនិកកម្មវិធីទូរសព្ទដៃ «CarnetDia» ថា កម្មវិធីទូរសព្ទនេះ បានជួយដល់អ្នកជំងឺទឹកនោមផ្អែម និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកជំងឺនិងសាច់ញាតិ។ ស្ថាបនិករូបនេះ បានបន្ថែមថា អ្នកប្រើប្រាស់កម្មវិធីមួយនេះភាគច្រើនស្ថិតក្នុងវ័យកណ្ដាល។
លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា បានអះអាងថា ៖ «យើងឃើញថាអ្នកជំងឺទឹកនោមផ្អែមដែលបានកត់ត្រាជាតិស្ករក្នុងទូរសព្ទដៃ គាត់លែងប្រើប្រាស់ប៊ិចក្រដាសទៀតហើយ គាត់អាចផ្ញើទិន្នន័យរបស់គាត់ទៅគ្រូពេទ្យយ៉ាងងាយស្រួល។ អ្នកដែលចូលចិត្តប្រើកម្មវិធីនេះ គឺចន្លោះអាយុពី៣០-៣៩ឆ្នាំ តែទោះបីយ៉ាងណាក៏ដោយក៏មានចំនួនមនុស្សចាស់ប្រើប្រាស់ដែរ ដោយមានការជួយពីសាច់ញាតិរបស់គាត់» ។
![](https://image.thmeythmey.com/pictures/2024/06/21/img__3_.jpg)
កម្មវិធី«CarnetDia កំណត់ត្រាទឹកនោមផ្អែម» មានមុខងារសំខាន់ៗ ដែលធ្វើឱ្យលោកអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖ វីដេអូ រូបភាព និង អត្ថបទ អប់រំអំពីជំងឺទឹកនោមផ្អែម, ការកត់ត្រាតេស្ដជាតិស្ករ, រាប់ជំហាន ដែលជួយលើកទឹកចិត្តអ្នកជំងឺ ឱ្យធ្វើលំហាត់ប្រាណជាប្រចាំ។ ការវាយតម្លៃលើហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២ និងមុខងារវេជ្ជបណ្ឌិត (Telemedicine) សម្រាប់អ្នកជំងឺ និងវេជ្ជបណ្ឌិតទំនាក់ទំនងគ្នាជាប្រចាំ។
![](https://image.thmeythmey.com/pictures/2024/06/21/img__4_.jpg)
![](https://image.thmeythmey.com/pictures/2024/06/21/img__5_.jpg)
Tag:
ជំងឺទឹកនោមផ្អែម
កំណត់ត្រាទឹកនោមផ្អែម CarnetDia
© រក្សាសិទ្ធិដោយ thmeythmey.com