ជាតិ
ព្រះរាជជីវប្រវត្តិសង្ខេប របស់សម្ដេច នន្ទ ង៉ែត សម្ដេចព្រះសង្ឃរាជស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា
22, Jun 2024 , 9:29 am        
រូបភាព
Front រូបពីក្រសួងធម្មការនិងសាសនា
Front រូបពីក្រសួងធម្មការនិងសាសនា
 
ភ្នំពេញ៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម១០០ព្រះវស្សា យាងចូល១០១ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនេះ សារព័ត៌មានថ្មីៗ សូមជូនព្រះរាជជីវប្រវត្តិសង្ខេប របស់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបទុមវតីរាជរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទ្រង់ប្រសូតនៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស. ២៤៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ។ ទ្រង់ជាបុត្រទី២ របស់ឧបាសក នន្ទ នុត និងឧបាសិកា ម៉ឹង យឹម។



ព្រះជន្ម១១ឆ្នាំ ទ្រង់បានសិក្សាអក្សរសាស្ត្រខ្មែរ នៅសាលាវត្តពោធិ៍ ឃុំពោធិ៍អង្ក្រង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រៀនបាន២ឆ្នាំ ទ្រង់ទទួលគ្រោះអកុសល ឧបាសិកា ម៉ឹង យឹម ជាមាតា មានជំងឺជាទម្ងន់ ហើយក៏ទទួលអនិច្ចកម្មទៅ ជាហេតុនាំឱ្យទ្រង់ក្លាយជាក្មេងកំព្រាមាតា តាំងពីអាយុ១៣ឆ្នាំ រស់នៅជាមួយឪពុក និងប្អូនៗយ៉ាងកម្សត់ក្រៃលែង។
 
ព្រះជន្ម១៧ឆ្នាំ ទ្រង់បានទៅស្នាក់នៅសិក្សារៀនសូត្រធម៌វិន័យ សម្រាប់បួសនៅវត្តពោធិ៍ ឃុំពោធិ៍អង្ក្រង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ព្រះជន្ម១៩ឆ្នាំ ទ្រង់បានចូលបួសជាសាមណេរ ក្នុងសំណាក់ព្រះតេជព្រះគុណ ព្រំ មាស (ឥន្ទត្ថេរ) ព្រះគ្រូសូធ្យឆ្វេងវត្តពោធិ៍ ជាព្រះឧបជ្ឈាយ៍។ ព្រះជន្ម២១ឆ្នាំ ទ្រង់បានបំពេញឧបសម្បទាជាភិក្ខុភាវៈ (លើកទី១) នៅវត្តពោធិ៍ដដែល ដោយមានព្រះតេជព្រះគុណ ឃ្លោក អ៊ិច ជាព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ អ៊ឹង ជា និងព្រះតេជព្រះគុណ សួស មាស ជាព្រះឧបសម្បទាចារ្យ បានទទួលនាមបញ្ញត្តិថា “នន្ទត្ថេរោ”។
 
នៅអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៥០ ទ្រង់បាននិមន្តចេញពីវត្តពោធិ៍ តាមបម្រើព្រះតេជព្រះគុណ ព្រំ មាស (ឥន្ទត្ថេរ) ជាព្រះឧបជ្ឈាយ៍ដើម ដែលមានអាពាធជាទម្ងន់ ត្រូវនិមន្តមកសម្រាកព្យាបាលជំងឺនៅសាលាបុណ្យ ១កន្លែង ស្ថិតក្នុងឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ពុទ្ធបរិស័ទនៅទីនោះ កើតសេចក្ដីជ្រះថ្លា បានរួបរួមគ្នាស្ថាបនាវត្តថ្មីមួយ ឱ្យឈ្មោះថា វត្តអម្ពវ័ន ហៅ វត្តព្រៃជួរ សម្រាប់ប្រគេនព្រះសង្ឃគង់នៅ។ ទ្រង់ក៏បានគង់នៅវត្តអម្ពវ័ន (ព្រៃជួរ) នោះ ដើម្បីបានបម្រើអាពាធព្រះឧបជ្ឈាយ៍ និងជួយស្ថាបនាវត្តថ្មីនេះផង។
  


ទ្រង់បានសិក្សាព្រះបរិយត្តិធម៌ និងភាសាបាលី ក្នុងសំណាក់លោកគ្រូអាចារ្យ ជាច្រើនរូបនៅវត្តអម្ពវ័ន (ព្រៃជួរ) ដរាបមានចំណេះដឹងប្រសើរខ្ពង់ខ្ពស់ បានប្រឡងជាប់សញ្ញាបត្រធម្មវិន័យថ្នាក់ត្រី-ទោ-ឯក និងបានធ្វើជាព្រះអាចារ្យ បង្រៀនធម្មវិន័យទាំង៣ថ្នាក់ ដល់ភិក្ខុសាមណេរ ក្នុងវត្តអម្ពវ័ន អស់រយៈកាលជាច្រើនឆ្នាំទៀតផង។
 
នៅឆ្នាំ១៩៦៣-១៩៦៤ ទ្រង់បាននិមន្តទៅបន្តការសិក្សា ថ្នាក់បំពេញវិជ្ជាខាងអក្សរសាស្ត្រខ្មែរ សម្រាប់ធ្វើគ្រូបង្រៀនសាលាវត្ត នៅវត្តព្រះវិហារអណ្ដែត ហៅវត្តឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ លុះបញ្ចប់ការសិក្សា និងបានប្រឡងជាប់សញ្ញាបត្រ គ្រូបង្រៀនសាលាវត្តហើយ ទ្រង់បាននិមន្តត្រឡប់មកគង់នៅវត្តអម្ពវ័នវិញ និងបានបង្ហាត់បង្រៀនអក្សរសាស្ត្រខ្មែរ និងភាសាបាលី ដល់ភិក្ខុសាមណេរ និងកុមារតូចៗ ជាកូនចៅអ្នកស្រុកចំណុះជើងវត្ត រហូតដល់ឆ្នាំ១៩៧៥ ក៏ត្រូវខ្មែរក្រហម បង្ខំឱ្យលាចាកសិក្ខាបទ ទៅជាឃរាវាសវិញ។
 
ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ លោកគ្រូបណ្ឌិត នន្ទ ង៉ែត ត្រូវបានខ្មែរក្រហមបង្ខំឱ្យធ្វើការងារ គ្មានថ្ងៃឈប់សម្រាក គ្មានអាហារទទួលទានគ្រប់គ្រាន់ គ្មានថ្នាំព្យាបាលជំងឺ ទទួលរងសេចក្ដីទុក្ខវេទនា យ៉ាងក្រៃលែង។ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនាក៏រស់រានមានជីវិតសាជាថ្មីម្ដងទៀត។
 
នៅថ្ងៃពុធ ១៣រោច ខែភទ្របទ ឆ្នាំមមែ ឯកស័ក ព.ស.២៥២៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ទ្រង់ត្រូវបានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ជ្រើសរើសជាឧបសម្បទាបេក្ខៈ១រូប ក្នុងចំណោម៧រូប ឱ្យចូលសាងបំពេញឧបសម្ប័ទជាភិក្ខុភាវៈ (លើកទី២) ជាផ្លូវការដំបូងគេបំផុត នៅវត្តឧណ្ណាលោម ក្នុងភ្នំពេញ ដោយបាននិមន្តគណៈសង្ឃថេរវាទពីប្រទេសវៀតណាម ចំនួន៧អង្គ ធ្វើជាព្រះឧបជ្ឈាយ៍ ព្រះឧបសម្បទាចារ្យ និងជាគណៈបូរកៈ (គង់ហត្ថបាស) ទ្រង់បានទទួលនាមបញ្ញត្តិថា “បស្សទ្ធិសម្ពោជ្ឈង្គិកោ”។


 
ក្រោយទទួលឧបសម្ប័ទជាភិក្ខុភាវៈរួច ទ្រង់បានគង់អាស្រ័យនៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រដ្ឋធានីភ្នំពេញ អស់រយៈកាល៧ខែគត់ និងបានទទួលការតែងតាំង ជាសមាជិកាការកសង្ឃ នៃគណៈកម្មាធិការសង្ឃមជ្ឈិម ព្រមទាំងជាព្រះឧបសម្បទាចារ្យ និមន្តចូលរួម រៀបចំពិធីបំបួស កុលបុត្រក្នុងប្រទេសកម្ពុជា។
 
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៨០ ទ្រង់បានទទួលការតែងតាំងជា ព្រះចៅអធិការវត្តលង្កា សង្កាត់បឹងកេងកង ខណ្ឌចំការមក រដ្ឋធានីភ្នំពេញ។ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៨៩ ទ្រង់បានទទួលការតែងតាំងជា ព្រះចៅអធិការវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រដ្ឋធានីភ្នំពេញ។
 
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ទ្រង់បានទទួលការតែងតាំងជា ព្រះមេគណក្រុង (រាជធានី) ភ្នំពេញ។ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៩៥ ទ្រង់បានទទួលការតែងតាំងជា ប្រធានសមាគមពុទ្ធសាសនាខ្មែរ។ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០០១ ទ្រង់បានទទួលការតែងតាំងជា អធិការ នៃអធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៦ ទ្រង់បានទទួលការតែងតាំងជា ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។
 
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៦ ទ្រង់បានទទួលការតែងតាំងជា ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ ទ្រង់បានទទួលការតែងតាំងជា ព្រះមេគណក្រុងភ្នំពេញ ដដែល។ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៧ ទ្រង់បានយាងជាព្រះអធិបតី ក្នុងពិធីប្រជុំពិភាក្សា អំពីគោរមងារ ជូនថ្នាក់កំពូលរបស់ជាតិទាំង៣ ដោយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន គោរមងារសម្ដេច ហេង សំរិន ជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន។ សម្ដេច ជា ស៊ីន ជា សម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម។ សម្ដេច ហ៊ុន សែន ជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
  


នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ ទ្រង់បានចូលរួម កិច្ចប្រជុំថ្វាយព្រះបរមបច្ឆាមរណនាម ព្រះបរមរតនកោដ្ឋ ថ្វាយព្រះបរមសពព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ទ្រង់ទទួលបានការតែងតាំងជា ព្រះអធិបតីកិត្តិយស នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។
 
សមណស័ក្តិដែលទ្រង់បានទទួល
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៩១ ទ្រង់បានទទួលការតែងតាំងជា ការកសង្ឃគណៈសង្ឃនាយក នៃរដ្ឋកម្ពុជា មានឋានៈជា ព្រះសង្ឃនាយករងទី១ និងសមណស័ក្តិជា ព្រះពោធិវ័ង្ស។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩២ ទ្រង់បានទទួលការដំឡើងព្រះឋានៈជា សម្ដេចព្រះពោធិវ័ង្ស នៃកម្ពុជា។ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០០៦ ទ្រង់បានទទួលការតែងតាំងសកណស័ក្តិជា សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៧ ទ្រង់បានទទួលការតែងតាំង សមណស័ក្តិជា សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងមានព្រះរាជបុព្វសិទ្ធិក្នុងការប្រើ ព្រះរាជស័ព្ទ និង ផ្លិតយសពិសេស។ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ ទ្រង់បានទទួលការតែងតាំងជា សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។
 
សញ្ញាបត្រដែលទ្រង់បានទទួល
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៦ ទ្រង់បានទទួល សញ្ញាបត្រស្ថាបនាជាតិ។ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១០ ទ្រង់បានទទួលគោរមងារ អគ្គមហាសទ្ធម្មជោតិកធជ ពីសហភាពមីយ៉ាន់ម៉ា។


 
គ្រឿងឥស្សរិយយសដែលទ្រង់បានទទួល

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៨ ទ្រង់បានទទួលគ្រឿងឥស្សរិយយស មេដាយប្រាក់ការងារ។ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០១ ទ្រង់បានទទួលគ្រឿងឥស្សរិយយស មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០១ ទ្រង់បានទទួលគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា។ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៤ ទ្រង់បានទទួលគ្រឿងឥស្សរិយយស មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ទ្រង់បានទទួលគ្រឿងឥស្សរិយយស មេដាយមាសស្ថាបនាជាតិ។
 
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៦ ទ្រង់បានទទួលគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍។ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៧ ទ្រង់បានទទួលគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៨ ទ្រង់បានទទួលគ្រឿងឥស្សរិយយស ជាតូបការ។ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ ទ្រង់បានទទួល ពានធម្មចក្រ។ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ទ្រង់បានទទួលគ្រឿងឥស្សរិយយស សៅសេមាធម្មចក្រ។
 
ព្រះរាជបេសកកម្ម ដែលទ្រង់បំពេញនៅក្រៅប្រទេស

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩៥ ទ្រង់បានយាងទៅបំពេញ ព្រះរាជបេសកកម្ម នៅព្រះរាជាណាចក្រជប៉ុន។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៦ ទ្រង់បានយាងទៅបំពេញព្រះរាជបេសកកម្ម នៅសហរដ្ឋអាមេរិក។ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៥ ទ្រង់បានយាងទៅបំពេញព្រះរាជបេសកកម្ម នៅប្រទេសសិង្ហបុរី។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៥ ទ្រង់បានយាងទៅបំពេញ ព្រះរាជបេសកកម្មនៅប្រទេសអូស្ត្រាលី។ នៅឆ្នាំ២០០៥ ដដែល ទ្រង់បានយាងទៅបំពេញ ព្រះរាជបេសកកម្មនៅព្រះរាជាណាចក្រថៃ។ 
  

 
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៦ ទ្រង់បានយាងទៅបំពេញ ព្រះរាជបេសកកម្ម នៅព្រះរាជាណាចក្រថៃម្ដងទៀត។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៧ ទ្រង់បានយាងទៅបំពេញ ព្រះរាជបេសកកម្ម នៅសាធារណរដ្ឋកូរ៉េ។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ០០៧ ទ្រង់បានយាងទៅបំពេញ ព្រះរាជបេសកកម្ម នៅប្រទេសមីយ៉ាន់ម៉ា។ 
 
សូមបញ្ជាក់ថា ពិធីស្រោចស្រពព្រះសុគន្ធវារី លើព្រះបាទា ក្នុងពិធីបុណ្យចម្រើនទីឃាយុវឌ្ឍនមង្គល ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ព្រះជន្ម១០០ព្រះវស្សា យាងចូល១០១ ព្រះវស្សា ប្រព្រឹត្តធ្វើនៅថ្ងៃព្រហស្បតិ៍-សុក្រ ទី២០-២១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព របស់សម្ដេច ហ៊ុន ម៉ាណែត នារយរដ្ឋមន្ត្រីកម្ពុជា នៅវត្តបទុមវតី រាជធានីភ្នំពេញ៕


 

Tag:
 សាសនា
  ព្រះរាជជីវប្រវត្តិ​
  សម្ដេចសង្ឃ
  ព្រះសង្ឃ
© រក្សាសិទ្ធិដោយ thmeythmey.com