ជាតិ
ផ្តើមគំរូពីខេត្តតាកែវ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (CTC) ចាប់ដំណើរការហើយ
25, Jun 2024 , 8:30 am        
រូបភាព
តាកែវ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍(Community Tech Center)ដំបូងគេនៅកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការផ្លូវការ នាថ្ងៃទី២៤មិថុនា។ មជ្ឈមណ្ឌលដែលបំពាក់នូវកុំព្យូទ័រទំនើបមានសេវាអ៊ិនធឺណិតល្បឿនលឿន  ស្ថិតនៅក្នុងបរិវេណនៃវិទ្យាល័យ ហ៊ុន សែន ១មិថុនា នេះ  មិនត្រឹមជាកន្លែងបណ្តុះបណ្តាលសិស្សប៉ុណ្ណោះ តែក៏ជាកន្លែងបណ្តុះបណ្តាលប្រជាពលរដ្ឋក្នុងមូលដ្ឋានលើផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់បម្រើក្នុងជីវភាពរបស់រស់នៅប្រចាំថ្ងៃផងដែរ។



មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅ វិទ្យាល័យ ហ៊ុន សែន ១មិថុនា ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ក្លាយជាគំរូនៃការអនុវត្តគម្រោងអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលដល់សិស្ស និងប្រជាពលរដ្ឋមូលដ្ឋាន ដែលក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ និង ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបង្កើតឡើងក្រោមកញ្ចប់ថវិកាប្រមាណ២៦ម៉ឺនដុល្លារ។ ក្នុងនោះមានថវិកា១១៦ ០៧៤ដុល្លារ ជាមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ ការអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យាព័ត៌មាន(ស.ហ)របស់ក្រសួងប្រៃណីយណីយ៍ និងថវិកា១៤៥ ៦៩២ដុល្លារទៀត ជាជំនួយឥតសំណងពីរដ្ឋាភិបាលប្រទេសជប៉ុន។

អត្ថបទទាក់ទង
 

បើតាមលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ គឺដើម្បីលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល ដែលគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថលរបស់កម្ពុជា។ លោកបានបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលនេះឡើង គឺដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សឌីជីថល គាំទ្រការកាត់បន្ថយគម្លាតឌីជីថល និងជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រដ្ឋាភិបាលឱ្យបាននៅត្រឹមឆ្នាំ២០៣៥។

 លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ថ្លែងក្នុងសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅវិទ្យាល័យ ១ មិថុនា  នាថ្ងៃទី២៤មិថុនា។ រូបថត៖ មឿន ម៉ាក់ថុង

នេះជាសម្ធិផលដែលសម្រេចបានមុខគេក្នុងចំណោមមជ្ឈមណ្ឌលផ្សេងៗទៀត ដែលក្រសួងប្រៃសណីយ៍បានដាក់ចេញសម្រាប់កសាងធនធានមនុស្ស ហើយនឹងការប្រែក្លាយប្រជាពលរដ្ឋកម្ពុជាឱ្យទៅជាប្រជាពលរដ្ឋឌីជីថលនាពេលអនាគត។ លោក ជា វ៉ាន់ដេត បានលើកឡើងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នាព្រឹកថ្ងៃទី២៤មិថុនា ដោយបាននិយាយថា៖ «តួនាទីសំខាន់របស់មជ្ឈមណ្ឌលនេះ គឺបង្រៀនសិស្ស និងប្រជាពលរដ្ឋក្នុងសហមគមន៍ឱ្យចេះបច្ចេកវិទ្យាឌីជីលថល»។

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានមុខងារសំខាន់ចំនួន៤ ដែលក្នុងនោះមានបន្ទប់កុំព្យូទ័រ សម្រាប់បង្រៀនសិស្សលើមុខវិជ្ជាអក្ខរកម្មឌីជីថល បណ្តុះបណ្តាលគ្រូបង្រៀន រួមទាំងសម្រាប់ការប្រជុំ និងការសិក្សាពីចម្ងាយ។ ជាពិសេស មជ្ឈមណ្ឌលនេះ គឺមានបន្ទប់សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល បណ្តុះបណ្តាលមន្ត្រីរាជការ និងប្រជាពលរដ្ឋ និងការបណ្តុះបណ្តាលជំនាញជួសជុលបរិក្ខាបច្ចេកវិទ្យា។


បន្ទប់​កុំព្យូទ័រ (Computer Lap ) សម្រាប់សិស្ស។​ រូបថត៖ មឿន ម៉ាក់ថុង​

ក្រៅពីនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ក៏មានប៉ុស្តិ៍ប្រៃសណីយ៍ដែលផ្តល់សេវាបញ្ញើក្នុងស្រុក  និងបញ្ញើអន្តរជាតិមានជាង១០០ប្រទេសទូទាំងពិភពលោក រួមទាំងសេវាផ្សេងៗទៀត។ជាមួយគ្នានេះ មជ្ឈមណ្ឌលក៏មានសាលសាធារណៈ និងអ៊ិនធឺណិតកាហ្វេ សម្រាប់សិស្ស និងពលរដ្ឋស្វែងរកប្រភពព័ត៌មានព័ត៌មានឌីជីថល បណ្ណាល័យឌីជីថល និងអានសៀវភៅ  ផងដែរ។

បើតាមលោក ជា វ៉ាន់ដេត ក្រសួងប្រៃណីយ៍នឹងព្យាយាមសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះឱ្យបានស្ទើគ្រប់នៅតាមវិទ្យាល័យសាធារណៈទាំង៥៥៨កន្លែងនៅទូទាំងប្រទេស នៅត្រឹមឆ្នាំ២០២៧។ « មានន័យថា យើងមានវិទ្យាល័យជាង៥០០នៅទូទាំងប្រទេស យើងខំធ្វើយ៉ាងម៉េចសាងសង់មជ្ឈមណ្ឌលនេះ បើមិននៅគ្រប់កន្លែងទេ តែឱ្យបានច្រើនជាទីបំផុត ដើម្បីឱ្យសិស្សវិទ្យាល័យរបស់យើងអាចរៀនសូត្រពីបច្ចេកវិទ្យាបានសម្រាប់អនាគតរបស់សិស្សទាំងនោះ»។ នេះការរៀបរាប់បន្ថែមរបស់លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍។

ជុំវិញនៃផែនការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ ក្រសួងប្រៃសណីយ៍ បានកំណត់យ៉ាងច្បាស់លាក់ដោយយកខេត្តតាកែវទាំងមូល ធ្វើជាគំរូនៃការអនុវត្តគម្រោងអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលដល់សិស្ស និងប្រជាពលរដ្ឋមូលដ្ឋាន។ បើតាមលោកស្រី  ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ បន្ទាប់ពីវិទ្យាល័យ ១ មិថុនា នេះ ក្រសួងក៏កំពុងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅក្នុងសាលារៀនចំនួន១៧ទៀត នៅតាកែវ។


លោកស្រី  ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ ។ រូបថត៖ មឿន ម៉ា់ក់ថុង​

ក្នុងនោះមាន វិទ្យាល័យ ហ៊ុន សែន បាទី, វិទ្យាល័យ សុខ អាន ទន្លេបាទី, វិទ្យាល័យ សុខ អាន ត្រាំខ្នា, វិទ្យាល័យ អង្គរកា, វិទ្យាល័យ ហ៊ុន សែន ត្នោតជុំ, វិទ្យាល័យ សុខ អាន ១ ឧសភា, វិទ្យាល័យ ហ៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូ, វិទ្យាល័យ អង្គព្រះស្តេច, វិទ្យាល័យ ខ្សាច់ស, វិទ្យាល័យ សុខ អាន ដូងខ្ពស់ បុរីជលសារ,  វិទ្យាល័យ ហ៊ុន សែន អង្គរ បូរី, វិទ្យាល័យ ហេង សំរិន ព្រៃល្វា, វិទ្យាល័យ សុខ អាន ទម្លាប់, វិទ្យាល័យ សុខ អាន សុបិន, វិទ្យាល័យ សុខ អាន ថ្នក់បំបែក, វិទ្យាល័យ ព្រែកសណ្តែក និងវិទ្យាល័យ សុខ អាន ខ្វាវ។  ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមសាលារៀនទាំងនេះ អាចបញ្ចប់នៅចុងឆ្នាំ២០២៤។

លោកស្រី ប៉ូលីណេ បានបញ្ជាក់មកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey)ថា៖ « ការមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមសាលារៀនទាំងនេះ គឺដំណាក់កាលសាកល្បង និងស្វែងការអភិវឌ្ឍថ្មីឱ្យកាន់តែប្រសើរ សម្រាប់ការពង្រីកវិសាលភាពនៃការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈទូទាំងប្រទេស»។ លោកស្រី បានបន្ថែមថា វិទ្យាល័យដែលអាចទទួលបានគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅក្នុងដំណាក់កាលទី១របស់ក្រសួងប្រៃសណីយ៍បាន  លុះតែវិទ្យាល័យនោះ មានទាំងគ្រូបង្រៀនល្អៗនិងចំនួនសិស្សច្រើន, ថ្នាក់ដឹកនាំវិទ្យាល័យត្រូវផ្តល់ទីតាំងល្អសមរម្យសម្រាប់បង្កើតមជ្ឈមណ្ឌលនេះ ដើម្បីឆ្លើយតបនឹងមុខងារផ្តល់ឱ្យសាធារណជន។ ជាមួយគ្នានេះ អ្នកគ្រប់គ្រងសាលារៀន ត្រូវមានឆន្ទៈរក្សានិន្តរភាពរបស់មជ្ឈមណ្ឌល។

ក្រៅពីវិទ្យាល័យទាំង១៨ខាងលើ ក្រសួងប្រៃសណីយ៍ក៏បានសហការជាក្រសួងក្រសួងអប់រំ សិក្សាការអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកសហគមន៍នេះនៅតាមវិទ្យាល័យចំនួន២០ទៀត ស្ថិតនៅក្នុងខេត្តព្រះវិហារ សៀមរាប កំពង់ចាម  កណ្តាល និងខេត្តព្រះសីហនុ ជាដើម៕




© រក្សាសិទ្ធិដោយ thmeythmey.com