ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
គ្មានអន្តរាគមន៍ណាមួយឡើយ សម្តេច ហ៊ុន ម៉ាណែត ឱ្យពលរដ្ឋជឿជាក់ប្រព័ន្ធយុត្តិធម៌លើសំណុំរឿងស្រី ស៊ីណា
25, Jun 2024 , 7:41 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រតិកម្មជាសារធារណៈលើកដំបូងលើសំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់ប្រហារហើយបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និង២នាក់រងរបួស កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅ។

 
តាមសារដែលបង្ហោះលើបណ្តាញសង្គម ប្រមុខរដ្ឋាភិបាល បានសង្កេតឃើញការជជែកវែកញែកគ្នា ពាក់ព័ន្ធនឹងការកាត់ទោសជនល្មើស ដោយខ្លះបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសឱ្យបាន ម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។ «គ្មានការយោគយល់ គ្មានការលើកលែង ឬអន្តរាគមន៍ណាមួយឡើយ»។ សម្តេច ហ៊ុន ម៉ាណែត បានប្រៀបធៀបករណីនេះ ដូចគ្នានឹងការអនុវត្តច្បាប់ដ៏តឹងរ៉ឹងកន្លងមក ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលស្ថិតក្នុងស្ថានភាពស្រវឹង និងបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ។
 
«បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ ខ្ញុំសូមអំពាវនាវឱ្យ ស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យ និងអនុវត្តច្បាប់លើករណីនេះ ឱ្យបាន ម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត»។ សម្តេចបានអំពាវនាវយ៉ាងដូច្នេះ ពាក់ព័ន្ធសំណុំរឿងស្រី ស៊ីណា ដោយសម្តេចឱ្យពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌ក្នុងការចាត់ការ និងដោះស្រាយផ្តល់យុត្តិធម៌លើករណីនេះ។
 
 
ទោះបីមិនបានបញ្ចេញប្រតិកម្មជាសាធារណៈភ្លាមៗ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រៅពីក្រាបទូលថ្វាយព្រះមហាក្សត្រដើម្បីបញ្ចប់គោរមងារឧកញ៉ារបស់លោក ស្រី ស៊ីណា សម្តេចបានចេញបទបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងប្រគល់ភារកិច្ចជូនលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្តតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តច្បាប់ចំពោះករណីនេះ ដើម្បីធានាថា ច្បាប់ ត្រូវបានអនុវត្តដោយតឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង ក្រុមគ្រួសារ។ 
 
កាលពីថ្ងៃទី២២ ខែមិថុនា តុលាការរាជធានីភ្នំពេញ សម្រេចចោទ លោក ស្រី ស៊ីណា ពីបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត ខណៈជនសង្ស័យពីនាក់ទៀត ត្រូវបានដោះលែង ក្រោយរកពុំឃើញថាមានជាប់ពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើស។
 
តាមការស៊ើបអង្កេត អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រកឃើញថា លោក ស្រី ស៊ីណា បានជួលផ្ទះនៅបុរីប៉េងហួតបឹងស្ងោរ ឱ្យទៅ សេង ចាន់សុផាត និង សាន ស្រីពេជ្រ។ ស្រាប់តែថ្ងៃទី១៤មិថុនា សាន ស្រីពេជ្រ ក៏មានជម្លោះ ជាមួយ ឡុង លីសុង ដែលជាជនរងគ្រោះ មានផ្ទះជាប់គ្នា។ ពួកគេ ឈ្លោះគ្នាព្រោះរឿងកាប់មែកស្វាយ វាយកំទេចផើងផ្កា និងស្លូខោអាវលយចូលក្នុងបរិវេណផ្ទះ។ 
 
អ្នកជួលផ្ទះ សាន ស្រីពេជ្រ បានប្រាប់ទៅលោក ស្រី ស៊ីណា ដើម្បីឱ្យមកជួយដោះស្រាយ។ លុះដល់ថ្ងៃទី១៧មិថុនា សាន សុខចំរើន ជាអ្នកបើកឡាន ជូនលោក ស្រី ស៊ីណា ទៅផ្ទះកើតហេតុ ហើយលោក ស៊ីណា បានចូលទៅក្នុងផ្ទះរបស់ ឡុង លីសុង ដើម្បីសួរនាំរឿងជម្លោះកាលពីថ្ងៃមុន ។ ពួកគេ ជជែកគ្នារហូតឈានទៅដល់មានជម្លោះពាក្យសម្តី ហើយលោក ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លី ដែលសៀតនឹងចង្កេះ បាញ់ទៅលើ ឡុង លីសុង ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ឃើញដូចនេះ ឃីន កញ្ចនា បានស្ទុះទៅជួយ ឡុង លីសុង ក៏ត្រូវលោក ស្រី ស៊ីណា បាញ់៣គ្រាប់ បណ្តាលឱ្យដួលទៅលើដី ហើយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
 
ចំណែក បុរស២នាក់ទៀតដែលនៅក្នុងផ្ទះកើតហេតុជាមួយគ្នានោះ ក៏ត្រូវបានលោក ស្រី ស៊ីណា បាញ់សំដៅជាច្រើនគ្រាប់ បណ្តាលឱ្យរងរបួសដៃនិងជើង។ ក្រោយធ្វើសកម្មភាពបាញ់រួច ជនសង្ស័យ ស្រី ស៊ីណា បានសុំអ្នកជិះម៉ូតូដែលធ្វើដំណើរតាមដងផ្លូវ លោក ទិន ទូច ហៅ រ៉ាដូ ដើម្បីឱ្យជូនខ្លួនទៅកន្លែងចតឡាន។ 
 
តាមការស្រាវជ្រាវខាងលើ តុលាការសម្រេច បែងចែកករណីខាងលើជា២សំណុំរឿង។ សំណុំរឿងទី១ មានជនសង្ស័យ ស្រី ស៊ីណា បានប្រព្រឹត្តអំពើបាញ់ប្រហារបណ្ដាលឱ្យជន
រងគ្រោះ២នាក់បានស្លាប់។ តុលាការបានចោទប្រកាន់បែបនេះ៖ «តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ»។ 
 
មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌចែកថា អំពើសម្លាប់មនុស្សដោយចេតនា ដែលមិនបានគិតទុកជាមុន។ ឃាតកម្មនេះ ត្រូវផ្ដន្ទាទោសពី១០ទៅ១៥ឆ្នាំ។ 
 
ចំណែក សំណុំរឿងទី២ មានជនសង្ស័យ ស្រី ស៊ីណា បានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ២នាក់រងរបួស។ ហេតុនេះ តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២៧, មាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ។ សូមជម្រាបថា បទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។
 
ជាមួយគ្នាដែរ សាន សុខចំរើន ហៅ ឆ្អឹង និង ទិន ទូច ហៅ រ៉ាដូ ត្រូវបានតុលាការ សម្រេចដោះលែងព្រោះមិនមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសខាងលើនេះទេ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com