កីឡាជាតិ
ជាតិ
បច្ចេកទេសរីកចម្រើន កីឡាករយានយន្ដកម្ពុជាចាប់ផ្តើម ក្លាយជាបន្លាចំពោះកីឡាករបរទេស
25, Jun 2024 , 2:39 pm        
រូបភាព
កីឡាករ ព្រំ កែវពិភពរស្មី និងការតេស្ដសាកល្បងយានយន្ដ រូបពី Cambodia Off-Road team
កីឡាករ ព្រំ កែវពិភពរស្មី និងការតេស្ដសាកល្បងយានយន្ដ រូបពី Cambodia Off-Road team
ប្រតិភូកីឡាយានយន្ដកម្ពុជា ២៣រូប នឹងចូលរួមប្រកួតព្រឹត្តិការណ៍ The Toyota Hilux Revo Magnificent Ten 2024 នៅទីលាន Grand Prix Motor Park ប្រទេសថៃ នៅថ្ងៃ​ទី​២៧-៣០ ខែមិថុនា ឆ្នាំ២០២៤។ លោក ព្រំ កែវពិភពរស្មី កីឡាករយានយន្ដកម្ពុជា និយាយថា អត្ដពលិកយានយន្ដកម្ពុជា មានបច្ចេកទេសរីកចម្រើន ធ្វើឲ្យកីឡាករបរទេសពិបាកយកឈ្នះ។



បើទោះជាមានកីឡាមួយចំនួនរបស់កម្ពុជា មិនទាន់រកបានលទ្ធផលល្អ ឬលេចធ្លោក្នុងតំបន់អាស៊ាន ប៉ុន្ដែកីឡាប្រណាំងយានយន្ដ ចាប់ផ្ដើមមានសមិទ្ធផលល្អបន្ដិចម្ដងៗ។ កាលពីថ្ងៃទី​១ ខែមិថុនា កីឡាករ វង្ស គឹមហួត និង ហេង សុបញ្ញា ដណ្ដើមបានលេខ១ ក្នុងការប្រណាំងរថយន្ដ OFF-Road នៅខេត្តត្រាត ប្រទេសថៃ។ ចំណែក កីឡាករ ព្រំ កែវពិភពរស្មី និង ហ៊ាត លាបហេង ឈ្នះចំណាត់ថ្នាក់លេខ៣ នៅខាណម។
 
កីឡាករ  កែវពិភពរស្មី បាននិយាយថា បច្ចុប្បន្នកីឡាករកម្ពុជា ក្លាយជាឧបសគ្គរបស់កីឡាករបរទេស ព្រោះតែការកើនឡើងនូវបច្ចេកទេសប្រណាំង និងការយល់ដឹងពីការធ្វើបច្ចុប្បន្នភាព លើម៉ាស៊ីនរថយន្ដ។ កីឡាករប្រណាំងរថយន្ដ Off-road រូបនេះ រំពឹងថា អាចដណ្តើមបានចំណាត់ថ្នាក់លេខ៣ ឬ លេខ៥ ក្នុងព្រឹត្តិការណ៍ The Toyota Hilux Revo Magnificent Ten 2024។
 
កីឡាករកម្ពុជារូបនេះ បាននិយាយដូច្នេះថា​៖ «ខ្ញុំគិតថាពួកគេ ក៏ចាត់ទុកយើងជាបន្លាមួយក្នុងកែវភ្នែករបស់គាត់ដែរ ដោយសារកន្លងមក យើងនៅខាងក្រោម។ ប៉ុន្ដែឥឡូវនេះ យើងគឺ​ជាគូប្រកួតមួយ ដែលគេមិនអាចមើលរំលងយើងបាន។ យើងមានបទពិសោធន៍ច្រើន។ ឡានរបស់យើង បានធ្វើបច្ចុប្បន្នភាពទាន់គេអស់ហើយ។ នេះការប្រកួតជាក្រុម។ ជាការរំពឹងទុករបស់ខ្លួនខ្ញុំផ្ទាល់ បូករួមជាមួយយុទ្ធសាស្ដ្រ ប្រសិនយើងមានឱកាស យើងនឹងស្ថិតនៅTop 5 និងអាចឈានដល់ Top 3។ នេះទៅតាមលក្ខណៈជាក់ស្ដែង ប្រសិនយើងគ្មានបញ្ហាម៉ាស៊ីន ខ្ញុំសង្ឃឹមថាយើងបាន Top 5 ឬ Top 3។»។ 
 
ដោយឡែក គណៈកម្មការរៀបចំការប្រកួត បានរៀបចំឧបសគ្គដែលត្រូវឆ្លងកាត់ទឹកជ្រៅ ប៉ុន្ដែកីឡាករ រស្មី មិនអាចបញ្ជាក់បានទេថា កម្រិតទឹកដែលត្រូវឆ្លងកាត់នោះ មានជម្រៅអាច​លិចឡាន ដែរឬទេ។ រស្មី គ្រាន់តែយល់ថា ប្រសិនជារូបគេរួមជាមួយមិត្តរួមក្រុមឆ្លងកាត់ឧបសគ្គនេះបាន រូបលោក នឹងទទួលបានលទ្ធផលល្អ។ «គណៈកម្មការរៀបចំការប្រកួត បានរៀបចំទឹកជ្រៅមែនទែន យើងមិនអាចដឹងថាវា អាចលិចឡាន ឬយ៉ាងមិចទេ។ ប្រសិនយើងឆ្លងកាត់ឧបសគ្គមួយនេះ យើងនឹងមានចំណាត់ថ្នាក់ល្អ។»។ លោក រស្មី បាននិយាយបែបនេះ។
 
គួរបញ្ជាក់ផងដែរថា ប្រតិភូកីឡាប្រណាំងរថយន្ដកម្ពុជា ចំនួន២៣នាក់ ទៅចូលរួមព្រឹត្តិការណ៍រថយន្ដ Off-Road នេះ ត្រូវបានបែងចែកជា៤ក្រុម មានដូចជា ក្រុមកីឡាករ, ក្រុមជាងបច្ចេកទេសទេស, ក្រុមអ្នកផ្គត់ផ្គង់ស្បៀង និងក្រុមផ្សព្វផ្សាយព័ត៌មាន។ កីឡាករកម្ពុជា ៦រូប ត្រូវប្រកួត លើ៣រថយន្ដ មានដូចជា៖ កីឡាករ វង្ស គឹមហួត និង ហេង បញ្ញា មួយរថយន្ដ, ព្រំ កែវពិភពរស្មី និងហ៊ាប លាភហេង មួយរថយន្ដ, កីឡាករ ញឹម សុវណ្ណារ៉ូ និង មុំ ណី មួយរថយន្ដ។ ការប្រកួត The Toyota Hilux Revo Magnificent Ten 2024 នឹងត្រូវចាប់ផ្ដើមពីថ្ងៃ​ទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៤ នៅទីលាន Grand Prix Motor Park ប្រទេសថៃ៕
 

Tag:
 ប្រណាំងឡាន
  Off-Road
  ព្រំ រស្មី
  ឈិន ឈុំសីហា
© រក្សាសិទ្ធិដោយ thmeythmey.com