ជាតិ
សុខភាព
UNFPA ផ្តល់សម្ភារ សម្រាប់បង្កើនចំនួនបន្ទប់សុខភាពនៅសាលារៀន១០ ក្នុងខេត្តមណ្ឌលគិរី
25, Jun 2024 , 3:07 pm        
រូបភាព
មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ​បានប្រគល់បរិក្ខារ និងសម្ភារសម្រាប់បង្កើនចំនួនបន្ទប់សុខភាពនៅតាមសាលារៀនចំនួន១០ ក្នុងខេត្តមណ្ឌលគិរី ដើម្បីចូលរួម​លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ក្មេងជំទង់ និងយុវជន។

 
​UNFPA ក្នុងភាពជាដៃគូ​ជាមួយ​ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ផ្តួចផ្តើមគំនិតបង្កើតបន្ទប់សុខភាពនៅតាមសាលារៀន។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ UNFPA ដែលចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា សាលារៀនចំនួន១០ ដែលមានវិទ្យាល័យចំនួន៥ និងបឋមសិក្សាចំនួន៥ នឹងទទួលបានបន្ទប់សុខភាពថ្មី ដែលបំពាក់ទៅដោយគ្រែអ្នកជំងឺ សម្ភារសង្គ្រោះបឋម និងកញ្ចប់សម្ភារប្រើប្រាស់សម្រាប់ក្មេងស្រីជំទង់។
 
​គំនិតផ្តួចផ្តើមនេះ បង្កើតឡើងដើម្បីធានាថាសិស្សានុសិស្ស នៅតំបន់ឆ្ងាយដាច់ស្រយាល​ទទួលបានព័ត៌មាន និងសេវាថែទាំសុខភាពបន្តពូជជាសារវន្ត ការអប់រំសុខភាព និងការ   សង្គ្រោះបឋមនៅក្នុងសាលារៀនរបស់ពួកគេ។ មណ្ឌលគិរី គឺជាខេត្តដំបូងគេក្នុងប្រទេសកម្ពុជា ដែលអនុវត្តគំរូនេះ ក្រោមកិច្ចសហការជាដៃគូថ្នាក់ក្រោមជាតិ រវាងមន្ទីរសុខាភិបាល និងមន្ទីរអប់រំ យុវជន និងកីឡា។
 


លោក​ ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា មន្ទីរសុខាភិបាលខេត្ត មានមោទនភាពក្នុងការចាប់ដៃគូជាមួយមន្ទីរអប់រំខេត្ត ដើម្បីធានាបាននូវសុខភាព និងអនាគតភ្លឺស្វាង សម្រាប់សិស្សានុសិស្សគ្រប់រូបនៅក្នុងខេត្ត។ លោកវេជ្ជបណ្ឌិត ប៊ុន សួរ បញ្ជាក់បន្ថែម៖ «តាមរយៈការបង្កើតបន្ទប់សុខភាពនៅតាមសាលារៀនទាំងនេះ គឺយើងកំពុងតែវិនិយោគលើអនាគតអ្នកជំនាន់ក្រោយរបស់យើង និងផ្តល់អំណាចឱ្យពួកគេ ទទួលខុសត្រូវលើសុខភាព និងសុខុមាលភាពរបស់ពួកគេផងដែរ។ នៅពេលដែលយុវជនមានលទ្ធភាពទទួលបានសេវាសុខភាពបន្តពូជ ការថែទាំសុខភាពសំខាន់ៗ និងព័ត៌មានត្រឹមត្រូវនៅក្នុងសាលារៀន នោះពួកគេអាចសម្រេចចិត្ត ប្រកបដោយការយល់ដឹងជម្នះរាល់ឧបសគ្គ និងផ្តោតលើការសិក្សារបស់ពួកគេកាន់តែប្រសើរឡើង»។
 
លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បាន​លើកឡើងថា ​ការចូលរួមចំណែករបស់មន្ទីរសុខាភិបាល បាននិងកំពុងអនុញ្ញាតឱ្យមានសិស្សានុសិស្ស បានទទួលសេវានៅបន្ទប់សុខភាពនៅតាមសាលារៀន ហើយកិច្ចការនេះ ជំរុញឱ្យការទទួលបានសេវាយុវវ័យ នៅតាមមណ្ឌលសុខភាពកាន់តែប្រសើរ។
 


កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានប្រសិទ្ធភាពគាំទ្រដល់ចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការ កសាងធនធានមនុស្ស ដែលតម្រូវឱ្យមានការផ្តល់អាទិភាពដល់សុខភាពសិស្ស រួមទាំងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ ការផ្តល់ព័ត៌មានដ៏ទូលំទូលាយដល់សិស្សជនជាតិដើមភាគតិច នៅតំបន់ភាគឦសាន អំពីសិទ្ធិ និងជម្រើសក្នុងការផ្តល់សិទ្ធិអំណាច ដល់ការសម្រេចចិត្តរបស់ពួកគេ នឹងចូលរួមបន្ថែមទៀត ឱ្យពួកទទួលបានការអប់រំកាន់តែប្រសើរ ជាពិសេសជួយពួកគេ ឱ្យចាកចេញពីការរៀបការនៅវ័យក្មេង។
 
លោកស្រី សាន់ដ្រា ប៊ីនភ្ញៀវ តំណាង UNFPA មានប្រសាសន៍ថា៖«ការធានាឱ្យបានថាក្មេង​​ជំទង់ និងយុវជនទាំងអស់ អាចទទួលបាននូវព័ត៌មានពីសុខភាពផ្លូវភេទ និងបន្តពូជ ការគាំទ្រ និងសេវា នឹងជួយធានាថាយុវជនទាំងអស់ អាចធ្វើសេចក្តីសម្រេចចិត្តប្រកប​ដោយការយល់ដឹងអំពីសុខភាព សុខុមាលភាព និងអនាគតរបស់ពួកគេ»។
 
សម្រាប់​ UNFPA ដែលជាទីភ្នាក់ងារសុខភាពផ្លូវភេទ និងបន្តពូជរបស់អង្គការសហប្រជាជាតិ កិច្ចសហការនេះ គឺជាសមិទ្ធផលដ៏ធំធេងមួយ ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ខេត្តមណ្ឌលគិរី ដែលផ្តល់អាទិភាពលើសុខភាព និងសុខុមាលភាពរបស់សិស្សានុសិស្ស។ បន្ទប់សុខភាពនៅតាមសាលារៀននេះ រំពឹងថានឹងផ្តល់ផលជះវិជ្ជមាន លើការចូលរៀន លទ្ធផលសិក្សា និងសុខភាពសហគមន៍ជារួម៕



Tag:
 អប់រំ
  សុខភាព
  យុវជន
  ជនជាតិដើមភាគតិច
  ក្មេងស្រី
© រក្សាសិទ្ធិដោយ thmeythmey.com