កីឡាជាតិ
ជាតិ
គ្រូU-16 កម្ពុជា ប្រាប់កូនក្រុមប្រឹងអស់ពីសមត្ថភាព ខណៈគ្រូវៀតណាម បង្ហាញជំនឿចិត្តខ្ពស់
25, Jun 2024 , 4:39 pm        
រូបភាព
លោក KOJI GYOTOKU គ្រូកម្ពុជា នៅខាងឆ្វេងដៃ
លោក KOJI GYOTOKU គ្រូកម្ពុជា នៅខាងឆ្វេងដៃ
គ្រូក្រុមបាល់ទាត់វៀតណាមអាយុក្រោម ១៦ឆ្នាំ លោក  Tran Minh Chien ជឿថាក្រុមខ្លួន នឹងឈ្នះ ក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជា ក្នុងព្រឹត្តិការណ៍ Asean U16 Boy’s Championship នៅកីឡដ្ឋាន Sriwedar ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង៧:៣០យប់។ ចំណែក លោក KOJI GYOTOKU គ្រូ U-16 កម្ពុជា មិនខ្វល់ចំពោះភាពខ្លាំងនិងខ្សោយរបស់គូប្រកួតទេ គ្រាន់តែលើកទឹកចិត្តកីឡាករកម្ពុជា ឲ្យប្រឹងលេងដោយជឿជាក់ និងអស់ពីសមត្ថភាព។



មុនជួបគ្នា ក្រុមវៀតណាម បានលុតព្រុយណេ ក្នុងលទ្ធផល១៥-០ កាលពីថ្ងៃទី២២ ខែមិថុនា ខណៈ កម្ពុជា ក៏បានយកឈ្នះ មីយ៉ាន់ម៉ា លទ្ធផល ២-១។ 
 
យោងតាមការផ្សាយរបស់សហព័ន្ធបាល់ទាត់វៀតណាម (VFF) លោក Tran Minh Chien បាននិយាយក្នុងសន្និសីទមុនប្រកួតថា សាច់បាល់ និងការគ្រប់គ្រងបាល់របស់កម្ពុជា គឺមិនល្អដូចមីយ៉ាន់ម៉ាឡើយ។  កម្ពុជា អាចយកឈ្នះ មីយ៉ាន់ម៉ា មិនមែនដោយសារមានសំណាងទេ ប៉ុន្ដែ គឺដោយសារ U-16 កម្ពុជា មានស្មារតីល្អ និងទំនុបចិត្តលេងដោយអត់ធ្មត់។ «U-16 កម្ពុជា ជាក្រុមលេងដោយអត់ធ្មត់ មានស្មារតីល្អ និងភាពជឿជាក់ ដែលជាភស្ដុតាង នៃការប្រកួតតាំងពីនាទីដំបូងរហូតដល់ ៩០នាទី។ ប៉ុន្ដែខ្ញុំ មិនគិតថាភាគរយឈ្នះ កម្ពុជា ច្រើនជាងមីយ៉ាន់ម៉ាឡើយ ហើយហេតុអ្វី បានជាកម្ពុជា ឈ្នះ? នេះ គឺជាបាល់ទាត់យុវជន នៅពេលក្រុមខ្លាំង មិនប្រាកដថាឈ្នះទេ។»។ គ្រូបង្វឹកវៀតណាម បាននិយាយដូច្នេះ។
 
លោក Tran Minh Chien ដូចជាមានជំនឿចិត្តខ្លាំងចំពោះកូនក្រុមខ្លួន ថាអាចយកឈ្នះ U-16 កម្ពុជា។ គ្រូបង្វឹកនេះ យល់ថាក្រុមកម្ពុជា នឹងមិនអាចមានគ្រាប់បាល់ទេ ព្រោះ U-16 វៀតណាម បានត្រៀមទម្រង់ការពារយ៉ាងម៉ាំ និងការវាយបកដោយមានប្រសិទ្ធភាព។
 
«កីឡាករ បានអនុវត្តការលេងការពារ ពីការប្រយុទ្ធ​ ហើយហ្វឹកហាត់ពីទម្រង់វាយបក ទៅលើក្រុមកម្ពុជា នៅស្វែងរកនៅចំណុចខ្វះខាតរបស់ U-16 កម្ពុជា។ អ្វី ដែលសំខាន់នោះ គឺក្រុមទាំងមូលរបស់យើង ត្រូវការ ៣ពិន្ទុ។»។ គ្រូបង្វឹកវៀតណាម បាននិយាយដូច្នេះ។
 
ចំណែកគ្រូបង្វឹក U-16កម្ពុជា លោក KOJI GYOTOKU ដូចជាមិនខ្វល់ចំពោះកម្រិតខ្លាំង ឬខ្សោយរបស់វៀតណាមឡើយ។ គ្រូបង្វឹករូបនេះ គ្រាន់តែផ្ដោតលើការប្រឹងអស់ពីសមត្ថភាពរបស់ U-16 កម្ពុជា។ យើងទៅលើការផ្សាយរបស់ Cambodian Premier League លោក KOJI និយាយដូច្នេះថា៖ខ្ញុំអាចនិយាយថាយើងនឹងព្យាយាម អស់ពីសមត្ថភាពសម្រាប់ការប្រកួតនេះ។
 
U-16 កម្ពុជា ឈរលេខ២ពូល B បណ្តោះអាសន្ន ដោយមាន៣ពិន្ទុ ស្មើវៀតណាមដែលឈរកំពូលតារាង ដោយខុសតែសំណល់គ្រាប់បាល់ប៉ុណ្ណោះ។ ក្នុងពូល B នេះដែរ​ មីយ៉ាន់ម៉ា ជួបព្រុយណេ សម្រាប់ជំនួបជុំទី២៕

Tag:
 Asean U16 Boy’s Championship
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com