ជាតិ
ក្រសួងវប្បធម៌ បើកវគ្គបង្រៀនផលិតភាពយន្តខ្នាតខ្លី ដោយឥតគិតថ្លៃ
25, Jun 2024 , 6:59 pm        
រូបភាព
ភ្នំពេញ៖នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលភាពយន្តខ្លីកម្ពុជា ដើម្បីផ្ដល់ឱកាសដល់យុវជន ដែលមានទេពកោសល្យ និងឧបនិស្ស័យក្នុងការផលិតភាពយន្ត ពង្រឹងសមត្ថភាពក្លាយជាផលិតករអាជីព។​ វគ្គបណ្ដុះបណ្ដាលនេះ ក្រោមគំនិតផ្ដួចផ្ដើម របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ Cine-Hub មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលការថតភាពយន្ត (Cambodia Film Commission) ។



វគ្គបណ្ដុះបណ្ដាលលើកទី៧នេះ មានរយៈពេល៣ខែ សម្រាប់បង្ហាត់បង្រៀនជំនាញសំខាន់ៗ ចំនួន៤ ដូចជាផ្នែកដឹកនាំរឿង ផ្នែកសរសេរអត្ថបទកុន ផ្នែកបច្ចេកទេសថត និងផ្នែកយកសំឡេង។ ទោះជាយ៉ាងណា វគ្គនេះក៏មានបង្រៀនមុខវិជ្ជាអម ដែលពាក់ព័ន្ធនឹងភាពយន្តផងដែរ។ 
 
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តកម្ពុជា បានលើកឡើងថា ការបណ្ដុះបណ្ដាលវគ្គខ្លីនេះ ពិតជាមានសារសំខាន់ សម្រាប់វិស័យភាពយន្តកម្ពុជា ដ្បិតអីនៅកម្ពុជាពុំទាន់មានសាលាបណ្ដុះបណ្ដាលភាពយន្តឡើយ។ លោកបន្ថែមថា វគ្គបណ្ដុះបណ្ដាលភាពយន្តខ្លីនេះ នឹងផ្ដល់ឱ្យសិក្ខាកាម អាចផលិតភាពយន្តខ្លី ប្រកបដោយគុណភាព តាមបច្ចេកទេស និងក្បួនវេយ្យាករណ៍កុនត្រឹមត្រូវ។
  
 លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តកម្ពុជា (Credit)
 
«យើងដឹងហើយថា យើងមិនទាន់មានសាលាបង្រៀន ពីជំនាញភាពយន្តទេ ដូច្នេះវគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារសំខាន់ សម្រាប់អ្នកចង់ផលិតកុន។ យើងកំពុងតែស្វែងរកកិច្ចសហការណ៍ ក្នុងការបើកសាលាភាពយន្តនៅកម្ពុជា។ ដោយសារការងារនេះ កំពុងដំណើរការ ដូច្នេះខ្ញុំមិនទាន់អាចបញ្ចេញព័ត៌មានអ្វី ច្រើនជាងនេះទេ»។ នេះជាការបញ្ចាក់បន្ថែម របស់លោក ប៉ុក បូរក្ស។
 
លោក ជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា ថា យុវជនមួយចំនួន ដែលបានផលិតកុន នាពេលកន្លងមក ចេះផលិតតាមរយៈការមើលតគ្នា ដោយមិនបានផលិត តាមក្បួនវេយ្យាករណ៍កុន ត្រឹមត្រូវឡើយ។ ចំណែកការសរសេរសេណារីយោភាពយន្ត ក៏ពួកគេពុំទាន់ចេះសរសេរ និងបញ្ចូលគំនិតសិល្បៈ ដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ដែរ។
 
លោកបន្ថែមថា ភាពយន្តមួយមានធាតុផ្សំច្រើន ដូចជារូបភាព ប្លង់ សំឡេង ពន្លឺ និងការតុបតែងឆាកជាដើម ទើបធ្វើឱ្យស្នាដៃមួយ មានភាពទាក់ទាញ។ ដូច្នោះហើយទើបទាមទារឱ្យ អ្នកផលិតភាពយន្ត ចាំបាច់ត្រូវតែចេះក្បូនទាំងអស់នោះ។

លោក ជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា  (Credit)

លោក សុវិជ្ជា បានសង្កត់ធ្ងន់ថា សិក្ខាកាមដែលមានបំណងដាក់ពាក្យចូលរៀនវគ្គខ្លីនេះ គួរតែចេះថតរូប ចូលចិត្តអានប្រលោមលោក ឬមើលកុន និងចេះសរសេរសង្ខេបរឿងខ្លី។ លោក សុវិជ្ជា ពន្យល់បន្ថែម៖«វគ្គរៀនយើងមិនគិតថ្លៃទេ ប៉ុន្តែនៅពេលរៀនចប់ ដល់វគ្គផលិតគាត់អាចវិភាគទាន ដើម្បីផលិតកុនខ្លី១ ជាមួយក្រុមរបស់គាត់។ ឥឡូវនេះយើងកំពុងរកថវិកា ប្រសិនយើងរកថវិកាពីដៃគូមិនបានគ្រប់គ្រាន់ យើងត្រូវការការចូលរួម វិភាគទានរបស់ពួកគាត់ សម្រាប់ការផលិតភាពយន្តខ្លីរបស់គាត់»។ 
 
កញ្ញា សុធា អ៊ីណែស ជាអ្នកនិពន្ធសាច់រឿង ក៏ជាគ្រូបង្គោលលើជំនាញរបស់ខ្លួន នៅក្នុងវគ្គបណ្ដុះបណ្ដាលខ្លីនេះ បានកត់សម្គាល់ឃើញថា សិក្ខាកាមដែលបានរៀនក្នុងវគ្គមុនៗ ពួកគេមិនសូវបានមើលរឿងខ្លីឡើយ។ កញ្ញាថា គ្រានោះ ធ្វើ​ឱ្យការបង្រៀននិងរៀន មិនសូវស៊ីចង្វាក់គ្នា។

 កញ្ញា សុធា អ៊ីណែស អ្នកនិពន្ធសាច់រឿង 

កញ្ញាពន្យល់៖«តាមបទពិសោធ វគ្គមុនៗសិស្សមិនសូវមើលរឿង(ភាពយន្តខ្លី) ដូច្នេះពិបាកនិយាយជាមួយគ្នា គឺនិយាយមិនចូលគ្នា។ រឿងដែលជាប់ពានរង្វាន់ អាចស្វែងរកមើលបាននៅយូធូប និងអនឡាញ ទាំងមិនអស់ប្រាក់និងអស់ប្រាក់ ដូច្នេះសូមមើលវាឱ្យបានច្រើន»។
 
កញ្ញាបង្ហាញពីអារម្មណ៍របស់ខ្លួនថា នៅពេលដែលខ្លួនបង្រៀនសិស្សមិនចេះ កញ្ញាក៏ស្ទើប្រេះបេះដូងដែរ។ ដូច្នេះដើម្បីអាចរៀនឆាប់ចេះ ហើយក្រោយរៀន អាចផលិតរឿង ដែលមានគុណភាពល្អ កញ្ញានៅតែទទូចឱ្យសិក្ខាកាម ព្យាយាមស្វែងរកមើល ប្រភេទភាពយន្ត ឬមើលគំរូអ្នកដឹកនាំណា ដែលពួកគេចូលចិត្ត ដើម្បីយកលំនាំតាម។
 
ជាគ្រូបង្គោល ក្នុងវគ្គបណ្ដុះបណ្ដាលភាពយន្តខ្លី លើកទី៧នេះ លោក មុនី កណ្ណដារង្គ បានសង្កេតឃើញថា វគ្គមុនៗ សិក្ខាកាមបានផ្លាស់ប្ដូរខ្លាំងផ្នែកផ្នត់គំនិត។ លោកថាសិក្ខាកាម អាចបែងចែកពីកម្រិតភាពយន្ត និងបច្ចេកទេសថតជាដើម។ បន្ថែមពីនោះ ពួកគេប្ដូរផ្នត់គំនិតក្នុងការមើលភាពយន្ត ច្រើនជាងមុន។
 
«ពេលមើលរឿងច្រើនប្រទេស ធ្វើឱ្យពួកគេអាចផលិតរឿង មានគុណភាពចម្រុះជាតិសាស្រ្ត។ ភាពយន្តអាចផ្លាស់ប្ដូរគំនិត និងផ្លាស់ប្ដូរជីវិតរបស់យើងបាន»។ នេះជាការបញ្ជាក់របស់លោក កណ្ណដារង្គ។

 លោក មុនី កណ្ណដារង្គ ជាអ្នកដឹកនាំភាពយន្ត 

ទោះជាយ៉ាងណាក៏ដោយ លោក ជៀប សុវិជ្ជា ទទូចឱ្យសិក្ខាកាម ដែលត្រូវបានជ្រើសរើសឱ្យចូលរៀន ក្នុងវគ្គខ្លីនេះ សូមទៅរៀនឱ្យបានទៀតទាត់ ដើម្បីតាមទាន់កម្មវិធីសិក្សា។ លោកបន្ថែមទៀតថា ភាពយន្តខ្លីដែលសិក្ខាកាមបានផលិត តែងតែយកទៅចាក់បញ្ចាំង ក្នុងមហោស្រពភាពយន្តថ្នាក់ជាតិ និងអន្តរជាតិ​ ក្នុងស្រុក។ 
 
ប្រសិនភាពយន្តនោះ មានគុណភាពខ្ពស់ ក៏អាចយកទៅចូលរួមក្នុងមហោស្រពអន្តរជាតិផ្សេងៗផងដែរ។ លោកលើកទឹកចិត្តយុវជនគ្រប់រូប ដែលចង់ផលិតស្នាដៃភាពយន្តល្អ និងមានគុណភាព ត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ សូមដាក់ពាក្យចូលរៀនក្នុងវគ្គនេះ។ លោកប្រៀបធៀបដូច្នេះ៖«មួយយើងចេះធ្វើ មួយយើងប្រសប់ គឺខុសគ្នា»។



សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលភាពយន្តខ្លីនេះ ជ្រើសរើសសិក្ខាកាម ដែលមានអាយុចាប់ពី២០ឆ្នាំ ដល់៣៥​ឆ្នាំ ដោយជ្រើសរើសចំនួន៤០រូប។  វគ្គនេះរៀនពីខែសីហា ដល់ខែតុលា ឆ្នាំ២០២៤ ដោយបែងចែកជា៣វគ្គតូចៗ គឺវគ្គដំបូងរៀនតាមអនឡាញថ្ងៃចុងសប្ដាហ៍ លើផ្នែកសរសេរសេណារីយោភាពយន្ត។ វគ្គទី២ រៀនក្នុងថ្នាក់ គឺរៀនផ្នែកសរសេរអត្ថបទកុន ផ្នែកដឹកនាំរឿង ផ្នែកថត និងផ្នែកយកសំឡេង។ បន្ទាប់មកវគ្គទី៣ គឺជាការអនុវត្តផ្ទាល់ ដោយសិក្ខាកាមត្រូវបែងចែកជា៣ក្រុម ហើយក្រុមនីមួយៗ ត្រូវផលិតរឿងខ្លី១ ៕
 
បញ្ជាក់៖ សាធារណជនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមអនឡាញ តាមរយៈតំណនេះ https://forms.gle/ubGj4jvb9AH3pQka6 ឬអាចបំពេញលើឯកសារជា PDF: https://drive.google.com
 
ហើយយកទៅដាក់នៅការិយាល័យ Cambodia Film Commission រាល់ថ្ងៃនិងម៉ោងធ្វើការ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរសព្ទ (Telegram) ០១៦ ៣២០ ៨៩៥ និង ០៧៧ ៣៣៦ ៦៥៤។ ឈប់ទទួលពាក្យសុំចូលរៀន ម៉ោង៥ល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។
 

Tag:
 ភាពយន្ត
  សិល្បៈ
  បង្រៀន
  ក្រសួងវប្បធម៌
 
© រក្សាសិទ្ធិដោយ thmeythmey.com