ជាតិ
អ្នកស្រាវជ្រាវ រកឃើញតុកកែប្រភេទថ្មីនៅកម្ពុជា
25, Jun 2024 , 5:39 pm        
រូបភាព
 រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
អ្នកជំនាញក្រសួងបរិស្ថាន បានរកឃើញតុកកែប្រភេទថ្មី នៅកម្ពុជា នាតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ខេត្តកំពត។ តុកកែប្រភេទថ្មីត្រូវបានអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះថា Cyrtodactylus regicavernicolus ។ ចំណែកឈ្មោះជាភាសាខ្មែរថា តុកកែភ្នំព្រះគុហារហ្លូង និងឈ្មោះជាភាសាអង់គ្លេសថា Royal Cave Bent-toed Gecko។



បើតាម លោក ឈិន សុភា មន្ត្រីជំនាញនៃនាយកដ្ឋានជីវៈចម្រុះ អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ការស្រាវជ្រាវ និងប្រមូលសំណាក ត្រូវបានធ្វើឡើងនៅពេលយប់ តាមល្អាងភ្នំ តំបន់បេតិភណ្ឌធម្មជាតិភ្នំ ព្រះគុហារហ្លួង តំបន់ជុំវិញ និងតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច ក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត កាលពីឆ្នាំ២០២១ និង២០២២។ ការរកឃើញតុកកែប្រភេទថ្មីនេះ ក្រោមសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ Wild Earth Allies អង្គការ IUCN និងអ្នកជំនាញអន្តរជាតិមកពីសាកលវិទ្យាល័យ La Sierra University និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ North Carolina របស់អាមេរិក។
 
ដើម្បីបញ្ជាក់បានថា ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក អ្នកជំនាញបានធ្វើការពិនិត្យ និងវិភាគទៅលើលក្ខណៈខាងក្រៅ (Morphology) លក្ខណៈខាងក្នុង ឬធនធានពន្ធុ (Genetic) និងស្ថិតិវិភាគប្រៀបធៀប ជាមួយនឹងសំណាកនៃប្រភេទ ដែលមានរូបរាងប្រហាក់ប្រហែលចំនួន១២ប្រភេទផ្សេងគ្នានៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង។
 
តុកកែភ្នំព្រះគុហារហ្លូងឈ្មោល មានប្រវែងខ្លួនវែងបំផុត ៧៧.៦មីលីម៉ែត្រ ដែលតូចជាងញី ដែលមានប្រវែង៨០.៧មីលីម៉ែត្រ ខ្លួនមានបង្កង់សម្បុរត្នោតចាស់ពី៤ទៅ៥កង់។ តាមការសិក្សាតុកែនេះ អាចចូលជ្រៅក្នុងរូងថ្មរហូតដល់២០ម៉ែត្រនៅពេលថ្ងៃ និងចេញមកជិតៗមាត់ល្អាងនៅពេលយប់ដើម្បីរកចំណី។ 
  


សត្វប្រភេទថ្មីនេះ ​បង្ហាញខ្លួនតែក្នុងល្អាងភ្នំព្រះគុហារហ្លួងមួយគត់ (Endemic Species) ហើយក៏ជាតុកែទី៣ ដែលត្រូវបានរកឃើញតែនៅក្នុងល្អាងភ្នំថ្មកំបោរដែរ ក្នុងនោះរួមមាន C. laangensis ពីភ្នំល្អាងនៅកម្ពុជា និង C. disjunctus នៅប្រទេសថៃ។ តុកកែភ្នំព្រះគុហារហ្លូង បានក្លាយជាតុកែបង្កង់ទី១០ ដែលមានវត្តមាននៅកម្ពុជា និងទី៣៦០សម្រាប់អ្នកវិទ្យាសាស្រ្តទូទាំងពិភពលោក។
 
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ចាត់ទុកថា ការរកឃើញប្រភេទជីវៈចម្រុះថ្មីៗ នៅក្នុងប្រទេសកម្ពុជា គឺជាការបង្ហាញពីតម្លៃនៃធនធានធម្មជាតិ ដែលកំពុងត្រូវបានការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់។ ក្រៅពីតុកកែ កាលពីពេលថ្មីៗនេះ ប្រភេទសត្វព្រៃកម្រ និងកំពុងរងគ្រោះ ក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់នៅតាមតំបន់ព្រៃឈើរបស់កម្ពុជា ដែលជាសូចនាករបង្ហាញពីភាពចាំបាច់ ក្នុងការធ្វើការសិក្សាបន្តនៅកន្លែងផ្សេងទៀត ក្នុងប្រទេសកម្ពុជា។
 
រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានផ្ទៃដីទំហំ ២៥ហិចតា ដើម្បីការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ និងកម្រិតដល់ការប្រើប្រាស់ធនធានជីវចម្រុះ ធម្មជាតិ វប្បធម៌ និងមុខងារនៃតំបន់នេះ។ មិនតែប៉ុណ្ណោះ ការបង្កើតតំបន់បេតិកភណ្ឌនេះ ក៏ជាផ្នែកមួយក្នុងការការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើដល់ការកម្សាន្ត ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងជំនឿ ផ្សេងៗ៕ 

Tag:
 ក្រសួងបរិស្ថាន
  តុកកែប្រភេទថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com