ជាតិ
យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកាពីមហាជនជិត៣លានដុល្លារ
25, Jun 2024 , 6:11 pm        
រូបភាព
រូបភាពពីមូលនិធិគន្ធបុប្ផាកម្ពុជា
រូបភាពពីមូលនិធិគន្ធបុប្ផាកម្ពុជា
ដោយ៖ ជ ដារី
ភ្នំពេញ៖​ ២៨ថ្ងៃមកនេះ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលថវិកាបរិច្ចាគពីមហាជនបាន​២,៨៥៩,៨០៨ដុល្លារ សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការនេះ នឹងបន្តរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤។



ថវិកាដែលមូលនិធិគន្ធបុប្ផាកម្ពុជាទាំងជិត៣លានដុល្លារនេះ គឺទទួលបានសប្បុរសជនចំនួន១៩៩ ៨៨១នាក់​។ លោកស្រី ពេជ ចន្ទមុន្នី ភរិយារបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសរសេរបែបនេះនៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី២៥មិថុនា ដែលបានអំពាវនាវដល់សប្បុរសជនឱ្យបន្តចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ ដើម្បីនិន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា​សម្រាប់កុមារកម្ពុជា​។

យុទ្ធនាការនេះធ្វើឡើង ក្នុងគោលដៅដើម្បីចូលរួមជួយកុមារ ក្នុងការព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងសន្និសីទសារព័ត៌មាន​កាលពីថ្ងៃទី១៩មិថុនា លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានស្នើសុំបែបនេះ៖ «យុទ្ធនាការនេះ សម្រាប់ជួយគន្ធបុប្ផា! ដូចនេះ នៅពេល Scan ផ្ទេរប្រាក់តាមទៅ គឺចេញឈ្មោះមូលនិធិគន្ធបុប្ផាកម្ពុជាតែម្ដង ហើយក្រៅពីយុទ្ធនាការនេះ គ្រប់ការជួយដល់គន្ធបុប្ផា គឺចេញបែបនេះ ដូចគ្នា»។

ដើម្បីចូលរួមកៀងគរថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រសួងព័ត៌មានបន្តជួយផ្សព្វផ្សាយ និងសហការជាមួយបណ្ដាញសារព័ត៌មានដទៃទៀត។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ការចូលរួមជួយដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ព្យាបាលកុមារដោយឥតគិតថ្លៃ គឺបើកទ្វារចាំទទួលជំនួយពីសម្បុរជនគ្រប់ពេល។

រដ្ឋមន្ត្រីព័ត៌មាន បានអំពាវនាវបែបន៖ «យុទ្ធនាការជាសកម្មភាពដែលយើងធ្វើក្នុងពេលមានកំណត់ សម្រាប់មូលនិធិកុមារកម្ពុជា បើកទ្វារចំហជានិច្ច ក្នុងការទទួលយកនូវបេះដូងសម្បុរសធម៌ របស់បងប្អូនប្រជាពលរដ្ឋ ដែលបានជួយសង្គ្រោះជីវិតកុមារ ទារក ស្ត្រី ជាច្រើនដែលកំពុងសម្រាលបុត្រប្រកបដោយសុវត្ថិភាព។ ដូច្នេះ សូមបន្តចូលរួមបន្ថែមទៀត»។

សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គំនិតផ្តួចផ្តើមឡើងរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងមួយឆ្នាំៗ គន្ធបុប្ផា ត្រូវការថវិកាប្រមាណ៤២លានដុល្លារ ទើបអាចដំណើរការទៅបាន ខណៈបុគ្គលិកនៅទីនោះ មាន២៦០០នាក់។ កាលពីឆ្នាំ២០២៣ មានកុមារជាង១លាននាក់បានទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា៕

© រក្សាសិទ្ធិដោយ thmeythmey.com