ជាតិ
សង្គមជាតិ
CMAC រកឃើញ​ និងកម្ទេចចោលគ្រាប់មីនបានជាង ៤០០០គ្រាប់​ ក្នុងត្រីមាសទី១​
08, May 2024 , 4:19 pm        
រូបភាព
មន្ត្រីជំនាញរបស់CMAC កំពុងដោះមីន។ រូបថត៖ CMAC
មន្ត្រីជំនាញរបស់CMAC កំពុងដោះមីន។ រូបថត៖ CMAC
​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចាត់​មីន​កម្ពុជា​ (C​MA​C) ​បោស​ស​ម្អា​ត​ផ្ទៃដី​មីនបាន​ជាង​៥​១​​គីឡូ​ម៉ែត្រការ៉េ ​ក្នុងត្រីមាសទី១។​ បើតាមរបាយការណ៍របស់CMAC នៅក្នុងផ្ទៃដីទាំងនេះ​ កម្លាំងជំនាញCMAC រុករកឃើញ និងកម្ចេចគ្រាប់មីនគ្រប់ប្រភេទបានចំនួន ៤ ០៩២គ្រាប់។

 
CMAC បានបញ្ជាក់នាថ្ងៃទី៣ឧសភាថា ក្នុងចំណោមគ្រាប់មីនខាងលើដែលកម្លាំងជំនាញរកឃើញចាប់ពីខែមករា​ ដល់ខែមីនា ឆ្នាំ២០២៤ គឺមាន​មីន​ប្រឆាំង​មនុស្ស​​ ​៤​ ០​៥​៨​​គ្រាប់,​ ​មីន​ប្រឆាំង​រថក្រោះ​មាន ​៣​០​គ្រាប់​ ​និង​មីន​កែច្នៃ​ចំនួន​ ៤​គ្រាប់​។​ ក្រៅពីនេះ C​MA​C ​ក៏​រក​ឃើញ​ ​និង​ក​ម្ទេ​ច​ចោល​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម​ (​E​R​W​) ​ចំនួន ​៣​០​ ១​៣​១​គ្រាប់​ រួម​ទាំង​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​ ​គ្រាប់បែក​ចង្កោម​ ​និង​យុទ្ធ​ភណ្ឌ​ផ្សេងៗ​ទៀត​។​
 
រយៈពេលជាមួយគ្នានេះ CMAC​ក៏បាន​ផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋ​ ពី​ហា​និ​ភ័យ​នៃ​គ្រាប់មីនក្នុងខេត្ត​គោលដៅ​បានជាង​៦​០​ម៉ឺន​នាក់ ផងដែរ។​
 
កម្ពុជា​បានប្រកាស​ជាបន្តបន្ទាប់ចំពោះរាជធានី​-ខេត្ត​ដែលអស់​មីន​បានចំនួន១៥​ហើយ។ ក្នុងនោះមាន រាជធានីភ្នំពេញ ​ខេត្ត​ស្ទឹងត្រែង ​កែប ព្រៃវែង ​ព្រះសីហនុ កណ្តាល ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង តាកែវ  កំពត មណ្ឌលគិរី កំពង់ស្ពឺ និង​ខេត្តក្រចេះ​។​ ក្រៅពីនេះ ក្រុមការងារជំនាញរបស់អង្គភាពCMAC ​ ​កំពុង​បោសសម្អាតគ្រាប់មីន នៅក្នុង​ខេត្ត​សៀមរាប រតនគិរី បាត់ដំបង កោះកុង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ កំពង់ធំ និង​ខេត្តព្រះវិហារ​ ឱ្យអស់នៅត្រឹមឆ្នាំ២០២៥។ 
 
បើតាម​លោក លី ធុជ ​អនុប្រធាន​ទី១ អាជ្ញាធរ​មីន កម្ពុជា​នៅសល់​ផ្ទៃដី​មាន​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រមាណ ១ ៨៥៤​ គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​ប្រមាណ ​១,១ ​លាន​នាក់​ កំពុង​បន្ត​រស់នៅក្នុង​តំបន់​ដែល​សង្ស័យ​មាន​មីន និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ​។​ ក្នុងពិធីប្រកាស​ខេត្តក្រចេះ​ជា​ខេត្ត​អស់​មីន​ទី១៥ កាលថ្ងៃទី ​២៦មីនា​ ឆ្នាំ២០២៤ លោក លី ធុជបានអះអាងដូច្នេះ៖ « ​ក្នុងនាម​ជា​អាជ្ញាធរ​មីន ដែល​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល នឹង​បន្ត​គ្រប់គ្រង ដឹកនាំ និង​ខិតខំ​សហការ​សម្រប​សម្រួល​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​អនុវត្ត​ការងារ​បោស​សម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដទៃទៀត ឱ្យ​អស់ពី​ទឹកដី​កម្ពុជា​នាពេល​អនាគត​»​។​
 
​ទន្ទឹមនឹង​ការជំរុញ​ការងារ​បោស​សម្អាត​មីន​ហើយនោះ អាជ្ញាធរ​មីនក៏​នឹង​ជំរុញ​ការងារ​អប់រំ​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែកចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅតាម​សហគមន៍​របស់​ប្រជាពលរដ្ឋ ​ដើម្បី​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់ និង​ផល​ប៉ះ​​ពាល់​ ផងដែរ។ 
 
​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​មីន រយៈពេល​ជាង​ ៣០​ឆ្នាំមកនេះ ពោល​ចាប់ពី​ឆ្នាំ​ ១៩៩២ រហូតដល់​២០២៣ ​ កម្ពុជា​បាន​រំដោះ​ផ្ទៃដី​ដែល​គំរាមកំហែង​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន ​៣ ០២៤ ​គីឡូម៉ែត្រ​ការ៉េ។ ក្នុង​នោះបាន​រកឃើញ​គ្រាប់​ជាង​ ៤ ​លាន​គ្រាប់ និង​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ ១១​ លាន​នាក់​ បានទទួល​ផល​ពី​ការងារ​បោស​សម្អាត​មីន​៕

Tag:
 មីន
  CMAC
© រក្សាសិទ្ធិដោយ thmeythmey.com