ជាតិ
សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការ ជាអ្នកកែសន្លឹកកិច្ចការ​បេក្ខជន​ប្រឡងគ្រូអនុវិទ្យាល័យ
08, May 2024 , 9:59 pm        
រូបភាព
សិស្សមន្រ្តីជាន់ខ្ពស់នៃ​សាលាភូមិន្ទរដ្ឋបាល កំពុងកែសន្លឹកកិច្ចការ​ដល់​បេក្ខជនប្រឡងគ្រូអនុវិទ្យាល័យ។ រូបភាពពី​ក្រសួងមុខងារសាធារណៈ
សិស្សមន្រ្តីជាន់ខ្ពស់នៃ​សាលាភូមិន្ទរដ្ឋបាល កំពុងកែសន្លឹកកិច្ចការ​ដល់​បេក្ខជនប្រឡងគ្រូអនុវិទ្យាល័យ។ រូបភាពពី​ក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាលប្រមាណ ១៤០នាក់ ត្រូវ​បាន​ផ្ដល់​ឱកាស​ក្លាយ​ជា​អ្នក​កែសន្លឹកកិច្ចការ​បេក្ខជនដែល​បាន​​ប្រឡងប្រជែង​ជ្រើសរើសគ្រូអនុវិទ្យាល័យ។ គិតមកដល់​​ព្រឹក​ថ្ងៃទី​៨ ឧសភានេះ ដំណើរ​ការ​កំណែសន្លឹកកិច្ចការបេក្ខជន សម្រេចបានប្រមាណ ៣០ភាគរយ ទៅ ៤០ភាគរយ។


សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាលប្រមាណ ១៤០នាក់ កំពុង​មមាញឹក​កែ​សន្លឹក​កិច្ចការ​ដល់​បេក្ខជន​ជាង ៣ម៉ឺននាក់ ដែល​បាន​ចូលរួម​ប្រឡង​ប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ កាល​ពី​ថ្ងៃទី​២-៥ ខែ​ឧសភា​។ ការកែសន្លឹកកិច្ចការនេះ គឺ​កែ​ទៅតាមអត្រាកំណែរបស់លោកគ្រូអ្នកគ្រូ ដែលបានចេញវិញ្ញាសាពហុជ្រើសរើស។

បើតាម​ក្រសួង​មុខងារសាធារណៈ គិតត្រឹមព្រឹកថ្ងៃទី៨  ខែឧសភា ការ​កំណែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ សម្រេចបានប្រមាណ ៣០ភាគរយ ទៅ ៤០ភាគរយ។ ក្នុង​ដំណើរ​ការ​កំណែ​សន្លឹក​កិច្ច​ការ​នា​ព្រឹក​ថ្ងៃទី​៨ ឧសភានេះ ក៏​មាន​វត្ត​មាន​លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង។ លោក ហ៊ុន ម៉ានី បាន​​ចុះ​ពិនិត្យ​វឌ្ឍន​ភាព​ការងារ​ និងជាសាក្សីសម្រាប់ការកំណែសន្លឹកកិច្ចការរបស់បេក្ខជន។​


លោក ហ៊ុន ម៉ានី ចុះ​ពិនិត្យដំណើរការកែសន្លឹកកិច្ចការ​បេក្ខជនប្រឡងគ្រូអនុវិទ្យាល័យ។ រូបភាពពី​ក្រសួងមុខងារសាធារណៈ

ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងគ្រូអនុវិទ្យាល័យ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារអនុគណៈកម្មការជំនាញ ក្រុមអ្នកសង្កេតការណ៍ជាតំណាងសាកលវិទ្យាល័យ និងសាធារណជនចុះឈ្មោះស្ម័គ្រចិត្ត។ 
 
អត្ថបទទាក់ទង
 
សូមបញ្ជាក់ថា ពីថ្ងៃទី២-៥ ខែឧសភា គឺជាដំណើរការនៃការ​ប្រឡង​ប្រជែង​ជ្រើសរើស​គ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ។ ការប្រឡងនេះ រៀបចំនៅ​សាលា​ភូមិន្ទ​រដ្ឋបាល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រសេដ្ឋកិច្ច។ 
 
ដំណើរការប្រឡងទាំង៤ថ្ងៃនេះ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ៣៣ ៣១៤នាក់។ ក្រសួងនឹងជ្រើសរើសយកបេក្ខជនចំនួន ១ ៣២៣នាក់ ដើម្បី​ទៅ​ប្រឡង​វគ្គ​ទី២ ដើម្បីសម្រាំងយកបេក្ខជន តែ ៤៤១នាក់ប៉ុណ្ណោះ។ បេក្ខជន​ ៤៤១នាក់ នឹង​ត្រូវ​ចូល​រៀន​នៅ​សាលា​គរុកោសល្យនៅ​ទូទាំង​ប្រទេស ​តាមរយៈពេលដែល​បាន​ជ្រើសរើស​កា​រ​បណ្ដុះ​បណ្ដាល​បន្ថែម៕
 
 រូបភាពពី​ក្រសួងមុខងារសាធារណៈ

Tag:
 សិស្សមន្រ្តីជាន់ខ្ពស់
  គ្រូអនុវិទ្យាល័យ
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com