ជាតិ
សេដ្ឋកិច្ច
កម្ពុជា-កាតា​ ប្តេជ្ញាជំរុញការផ្សព្វផ្សាយសក្តានុពលវិនិយោគរវាងប្រទេសទាំងពីរ​
08, May 2024 , 6:49 pm        
រូបភាព
លោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា និងលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
លោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា និងលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
កម្ពុជា​-កាតា ត្រៀមខ្លួនក្នុងការផ្តល់កិច្ចសហការផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ប្រទេសទាំងពីរ ទៅកាន់វិនិយោគិន។ លើសពីនេះ ប្រទេសទាំងពីរ ប្តេជ្ញាចូលរួមយ៉ាងសកម្មក្នុងការជំរុញនូវទំនាក់ទំនងផ្នែកការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែជិតស្និទ្ធ។​

 
ការប្តេជ្ញាទាំងនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា និងលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី៧ ខែឧសភា។  ក្នុង​ឱកាសនេះ, លោក​ អ៊ុនវ័ណរ៉ា បានបង្ហាញពីច្បាប់និងអនុក្រឹត្យស្តីពីវិនិយោគ និងគោលនយោបាយពាក់ព័ន្ធនានា, ការផ្តល់ការលើកទឹកចិត្ត, ការចុះបញ្ជី និងកិច្ចសម្រួលវិនិយោគ, វិស័យវិនិយោគអាទិភាព, ស្ថានភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ទៅកាន់លោក Khalid Ali Abdullah Abel។ 
 
ជាពិសេស ​លោក​ អ៊ុនវ័ណរ៉ា បានលើកឡើងអំពីការត្រៀមខ្លួនជាស្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន ដែលមានបំណងមកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ ឬមកបណ្តាក់ទុននៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់CDC។​
 
ជាមួយគ្នានេះលោកទូតប្រទេសកាតាប្រចាំកម្ពុជា​ ​ក៏បានរៀបរាប់ពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការរីកចម្រើនរបស់ប្រទេសខ្លួននាពេលបច្ចុប្បន្ន ផងដែរ។​ លោក Khalid Ali Abdullah Abel បាននិយាយពីការត្រៀមខ្លួន ក្នុងការផ្តល់កិច្ចសហការចូលរួមរៀបចំផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ប្រទេសទាំងពីរដល់វិនិយោគិន តាមរយៈកិច្ចសហការតភ្ជាប់ជាមួយសភាពាណិជ្ជកម្មកាតា និងតំណាងក្រសួងស្ថាប័នកាតាដែលទទួលបន្ទុកការងារវិនិយោគ។ 
 
« [យើង]ប្តេជ្ញានិងចូលរួមយ៉ាងសកម្មក្នុងការជំរុញនិងពង្រឹងទំនាក់ទំនងផ្នែកការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត »។ លោក Khalid Ali Abdullah Abel បានបញ្ជាក់យ៉ាងដូច្នេះ។ 
 
នាថ្ងៃទី៨ឧសភានេះ លោក Khalid Ali Abdullah Abel ថ្លែងនៅចំពោះមុខសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា​ ថា នឹងប្តេជ្ញាខិតខំបង្កើនទំនាក់ទំនងការទូតឱ្យបានកម្រិតខ្ពស់ជាងមុន និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង។ ព្រោះលោកមើលឃើញថា​កម្ពុជា គឺជាប្រទេសដែលផលិតស្បៀង។
 
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន មើលឃើញថា​ កម្ពុជា-កាតា គឺត្រូវមានកិច្ចការធ្វើរួមច្រើនគ្នា ដោយកាតាជាប្រទេសដែលមានសន្តិសុខថាមពល ហើយ កម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង ហើយមានផលិតផលកសិកម្មច្រើន។  ជាពិសេស កម្ពុជាគឺប្រទេសផលិតមស្រូវ និងគ្រាប់ស្វាយចន្ទីច្រើនជាងគេ។ សម្តេចបានបន្តរៀបរាប់ទៅកាន់លោកឯកអគ្គរាជទូតកាតាយ៉ាងដូច្នេះ៖ « កម្ពុជាមានគោលការណ៍ពិសេសអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសបើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកទុក ហើយក៏អនុញ្ញាតអោយនាំចេញទៅក្រៅប្រទេស ជាពិសេសការអនុគ្រោះដល់វិនិយោគិនពីបរទេស»៕

Tag:
 វិនិយោគ
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com