ជាតិ
លោក ឈុត ឈឿម វិវឌ្ឍន៍ខ្លួនពីឆ្មាំថែប្រាសាទ មកជាអ្នកគូសប្លង់ជួសជុលអភិរក្សប្រាសាទ
01, Jul 2024 , 9:49 am        
រូបភាព
លោក ឈុត ឈឿម កំពុងគូសប្លង់ការដ្ឋានជួសជុលកំពែងក្រុងអង្គរធំ
លោក ឈុត ឈឿម កំពុងគូសប្លង់ការដ្ឋានជួសជុលកំពែងក្រុងអង្គរធំ
សៀមរាប៖ ជាង២០ឆ្នាំមកហើយ ដែលលោក ឈុត ឈឿម អ្នកភូមិនគរក្រៅ មានចំណែកចូលរួមថែរក្សាប្រាសាទបុរាណ នៅតំបន់អង្គរ។ បម្រើដោយក្តីស្រឡាញ់អស់ពីចិត្ត បុរសម្នាក់នេះប្រឹងប្រែងវិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ និងរហូតក្លាយជាអ្នកគូសប្លង់នៅការដ្ឋានជួសជុលប្រាសាទ។ សេចក្ដីស្រឡាញ់ និងភាពអំណត់ ជាអ្វីដែលលោក ឈឿម មាននៅក្នុងខ្លួន។

 
ស្ថិតក្នុងវ័យ៥៦ឆ្នាំ លោក ឈុត ឈឿម លែងប្រើកម្លាំងបោសសម្អាតប្រាសាទដូចមុនទៀតហើយ បច្ចុប្បន្នបុរសរូបនេះកាន់ក្រដាសគូសសម្រង់ប្លង់តាមការដ្ឋានមួយចំនួន ដែលកំពុងត្រូវបានជួសជុលឡើងវិញ។ នៅកំពែងក្រុងអង្គរធំ នៃខ្លោងទ្វារខាងជើង ឬខ្លោងទ្វារដីឆ្នំាំង លោក ឈឿម ថ្លែងដោយទឹកមុខរីករាយថា នៅទីនេះលោកជាប្រធានក្រុមមើលការខុសត្រូវទូទៅ និងមានភារកិច្ចចាត់ចែងក្រុមការងារទៅតាមការដ្ឋានមួយចំនួន ហើយការងារស្នូលមួយទៀត គឺជាអ្នកគូសប្លង់។ 
 
មែនទែនទៅ ការងារគូសប្លង់នេះលោក ឈឿម ទើបរៀនកំឡុងពេល៣ទៅ៤ឆ្នាំចុងក្រោយនេះទេ ដោយសារចិត្តចង់ចេះ ចង់ដឹង និងមានការជំរុញលើកទឹកចិត្តពីថ្នាក់លើផង។ សព្វថ្ងៃនេះ នៅការដ្ឋានជួសជុលកំពែងក្រុងអង្គរធំ លោក និងសហការីពីរនាក់ទៀត កាន់ការងារគូសប្លង់នេះ ស្របពេលដែលមានការបង្ហាត់បង្រៀនពីលោក ម៉ៅ សុខនី ដែលជាប្រធានគម្រោង និងជាថ្នាក់លើ។ 
 
ចូលធ្វើការដំបូងជាឆ្មាំការពារ និងថែរក្សាប្រាសាទ
 
លោក ឈុត ឈឿម ចូលធ្វើការនៅស្ថាប័នអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ២០០០ ក្នុងតួនាទីជាឆ្មាំថែទាំប្រាសាទ។ ការងារស្នូលរបស់លោកប្រចាំថ្ងៃ គឺបោសសម្អាត បោចស្មៅ និងណែនាំភ្ញៀវ កុំឱ្យទៅកន្លែងហាមឃាត់ ឬកន្លែងមានគ្រោះថ្នាក់ណាមួយ។ នៅពេលសួរថា ហេតុអ្វីចូលធ្វើនៅស្ថាប័នអភិរក្សប្រាសាទមួយនេះ លោក ឈឿម ឆ្លើយដោយទឹកមុខញញឹមថា ដោយសារចិត្តស្រឡាញ់ និងមាននិស្ស័យផង ទោះពេលនោះលោកមានឱកាសចូលធ្វើប៉ូលិសក្តី។ ចូលដំបូងលោកទទួលបានលុយខែ១៨ដុល្លារសហរដ្ឋអាម៉េរិក។ ទោះចំនួននេះតិចក្តី ក៏អ្នកភូមិនគរក្រៅរូបនេះយល់ថា វាមិនអាចប្រៀបធៀបទំហំទឹកចិត្តដែលលោកចង់ចូលរួមថែប្រាសាទ ដែលលោកធ្លាប់ឃើញពីតូចៗមកនោះទេ។ 
 
ក្រោយមកទៀត គេក៏បញ្ចូលក្រុមឆ្មាំប្រាសាទឱ្យជាអ្នកជួសជុល និងអភិរក្សប្រាសាទ ពេលនោះហើយដែលលោក ឈឿម ទទួលបានការទុកចិត្តពីថ្នាក់លើ ដោយលោកជាប្រធានក្រុមគ្រប់គ្រង ក្រុមកម្មករប្រមាណ៧០នាក់។ បន្ថែមពីនេះលោកក៏ជាអ្នករៀបចំ ចាត់ចែងក្រុមកម្មករ ទៅតាមការដ្ឋានជួសជុលនានាផងដែរ។ 


លោក ឈុត ឈឿម ពីឆ្មាំប្រាសាទមកជាអ្នកគូសប្លង់។
 
ឪពុកលោក ឈឿម ធ្លាប់ជាកម្មករជួសជុលប្រាសាទនៅសម័យបារាំង ហើយក៏អាចដែរថា ដូនតារបស់លោកមុនៗ ក៏ជាអ្នកចូលរួមកសាងប្រាសាទនាសម័យដ៏រុងរឿងនោះផង ទើបឈាមជ័រមួយនេះ មានជាប់មកលើសាច់ឈាមកូនចៅអ្នកជំនាន់ក្រោយរបស់ពួកគេ។ លោក ឈឿម រំឭកថា ក្នុងការចងចាំរបស់លោក គឺមិនសូវបានឃើញឪពុកនៅផ្ទះច្រើនទេ លោករវល់ការងារនៅប្រាសាទច្រើន ហើយគាត់បានស្លាប់កំឡុងពេលកុមារា ឈឿម មានអាយុខ្ទង់៣ឆ្នាំ។ 
 
ពីតូច កុមារា ឈឿម មានអនុស្សាវរីយ៍ជាច្រើននៅប្រាសាទ ដែលលោកនិទានថាតែងរត់លេងឡើងចុះៗដូចហ្វូងសត្វស្វាអ៊ីចឹងពេលនោះ។ ប្រាសាទដែលនៅក្នុងភូមិ ហើយលោក ឈឿម ឧស្សាហ៍ទៅលេងនោះ គឺព្រះលានជល់ដំរី ភិមានអាកាស ខ្លោងទ្វារដីឆ្នាំង កំពែងក្រុងអង្គរធំ និងប្រាសាយបន្ទាយធំជាដើម។ នៅកំពែងក្រុងអង្គរធំវិញអ្នកភូមិនគរក្រៅ ធ្លាប់ស្នាក់នៅរួមគ្នាកំឡុងពេលសម័យរដ្ឋប្រហារ ហើយមុនសម័យខ្មែរក្រហមបន្តិច អ្នកភូមិនាំគ្នារើទៅស្នាក់នៅ និងជ្រកតាមរោងទងប្រាសាទបន្ទាយធំមួយរយៈដែរ។ 
 
ក្រៅពីនេះលោក ឈឿម និទានទៀតថា កាលលោកនៅតូចៗ ប្រាសាទភាគច្រើននៅស្រស់ស្អាត រឹងមាំច្រើន ហើយទើបបាក់បែកខ្លាំងនៅសម័យសង្រ្គាម និងក្រោយនោះបន្តិច ដោយសារមានការគាស់កកាយរកវត្ថុមានតម្លៃធ្វើអាជីវកម្ម។ 
 
ស្រឡាញ់ប្រាសាទខ្លាំងជាងផ្ទះ
 
ទោះបីអាយុចូលដល់វ័យចាស់ទៅហើយក្តី ប៉ុន្តែលោក ឈឿម មិនទន់ចង់ទៅណាឆ្ងាយពីការងារ នៅប្រាសាទឡើយ។ លោកនៅតែចង់មើលថែ និងឃើញកន្លែងលោកធ្លាប់ជួសជុល  ធ្លាប់សម្អាត និងធ្លាប់ប៉ះ។ លោក ឈឿម ប្រាប់ដូច្នេះថា៖«ខ្ញុំចង់នៅធ្វើតាមលទ្ធភាពដែលអាចនៅបាន ទោះសុខភាពមិនសូវអំណោយផល តែបើនៅធ្វើបាន ធ្វើរហូតទល់តែអាយុកាលដល់»។
 
មែនទែនទៅ ទាំងលោក ឈឿម និងអ្នកភូមិឯទៀតដែលធ្វើការនៅប្រាសាទ បានចំណាយពេលនៅជាប់ប្រាសាទច្រើនជាងនៅផ្ទះសម្បែងពួកគេ។ មានតែថ្ងៃចុងសប្ដាហ៍ប៉ុណ្ណោះ ដែលនៅផ្ទះ ហើយការសម្អាត ថែទាំ ក៏មិនដូចការងារប្រចាំនៅប្រាសាទដែរ។ ការណ៍នេះហើយ ដែលធ្វើឱ្យពួកគេតែងនឹកនាប្រាសាទជានិច្ច ពេលមិនបានមកធ្វើការ ហើយមិនដែលគិតថាចង់ឈប់ពីការងារនេះឡើយ លើកលែងតែករណីមកលែងកើតប៉ុណ្ណោះ។ 
 
ជាអ្នកភូមិអង្គរ និងមានវាសនាជួយថែប្រាសាទ លោក ឈឿម ពិតជារីករាយឥតឧប្បមា ដែលមានចំណែកថែរក្សា និងសង្រ្គោះប្រាសាទបាក់បែកឱ្យរឹងមាំឡើងវិញ។ ក្រៅពីកំពែងក្រុងអង្គរធំនេះ បុរសរូបនេះ ក៏ធ្លាប់បានចូលរួមជួយការងារអភិរក្សប្រាសាទដទៃទៀតដែរ ក្នុងនោះមានដូចជាច្រាំងកសិន្ធុអង្គរវត្ត ក្រុមប្រាសាទព្រះពិធូរ។ល។ លោកចង់ឱ្យមានការជួសជុលបុរាណដ្ឋានទ្រុឌទ្រោម និងបែកបាក់ទាំងអស់ឡើងវិញ ធ្វើឱ្យរមណីយដ្ឋានអង្គរ មានភាពរស់រវើកឡើងវិញដូចអតីតកាល។  
 
ការងារជាអ្នកគូសប្លង់
 
ទោះបីជាមិនធ្លាប់បានចូលសាលារៀនផ្នែកគូសក៏ពិតមែន ប៉ុន្តែការចាប់ផ្តើមគូសប្លង់សំណង់ប្រាសាទ មិនជាកិច្ចការពិបាកអ្វីខ្លាំងដល់លោក ឈឿម ឡើយ។ លោកប្រាប់ថា ជាកិច្ចការងាយស្រួលមួយដែលអាចធ្វើទៅបាន គ្រាន់តែដំបូងត្រូវយល់ពីចំណុចគោលៗខ្លះ ហើយដឹងពីផ្ទៃក្រឡានៃក្រដាសគូស គឺអាចធ្វើបាន។ យ៉ាងណា លោក ឈឿម នៅតែពឹងលើការសួរនាំ និងរៀនសូត្របន្ថែមនៅលើចំណុចណាថ្មីៗ ដែលលោកមិនយល់។ លោកបន្ថែមថា៖« ខ្ញុំចង់ខ្លួនខ្ញុំ ខ្ញុំចង់រៀនជំនាញនេះ ដោយសារយើងចាស់ហើយ មិនអាចធ្វើការងារធ្ងន់ៗបានទេ ដូច្នេះការងារគូសនេះអាចធូរសម្រាប់យើង ណាមួយខ្ញុំស្រឡាញ់ខាងនេះផង ម្លោះហើយបន្តសិក្សារហូតមក»។ 
 
ដោយសារមានការជំរុញពីថ្នាក់លើផង ធ្វើឱ្យការបំពេញការងារលើជំនាញថ្មីនេះ មិនជាពិបាកខ្លាំងទេសម្រាប់លោក ឈឿម ដែលវិវឌ្ឍន៍ខ្លួនពីឆ្មាំប្រាសាទ មកជាអ្នកគូសប្លង់។ ការបានមកធ្វើការនៅតំបន់ប្រាសាទ ពិតជាភ័ព្វសំណាងណាស់សម្រាប់លោក ឈឿម ក្រៅពីបានថែប្រាសាទ ការងារទាំងនោះក៏បានជួយសម្រាលជីវភាព និងចំណូលសមរម្យមានស្ថេរភាព។ ជាងនេះទៅទៀត ចាស់ៗនៅដែលនៅមានកម្លាំងកំហែង អាចបន្តការងារដាប់ ឆ្លាក់ថ្ម និងរៀបប្រាសាទបាន ព្រោះនៅជិតផ្ទះស្រាប់ ហើយប្រជាជនមិនបាច់ចំណាកស្រុកទៅឆ្ងាយឡើយ។ លោក ឈឿម យល់ដូច្នេះថា៖«យើងសុទ្ធតែមាននិស្ស័យខ្ពស់ ទើបបានមកនៅថែរក្សានេះ បើអ្នកអត់និស្ស័យអត់មានជាប់ពីអតីតមក ក៏អត់មានបានមកដែរ»។
 
ចង់ឱ្យកូនៗ និងអ្នកភូមិបន្តការងារថែប្រាសាទ
 
កូនប្រុសទី២របស់លោក ឈុត ឈឿម អាចជាអ្នកជំនាន់ទី៣ហើយ នៅក្នុងគ្រួសារដែលជាអ្នកចូលរួមជួសជុល អភិរក្សប្រាសាទ។ កូនប្រុសលោក ឈឿម វ័យ២៤ឆ្នាំ រៀនចប់ត្រឹមថ្នាក់ទី១២ និងចូលមកធ្វើការកាលពីឆ្នាំ២០២៣ ។ បច្ចុប្បន្ន យុវជនរូបនេះកំពុងតោងចាប់ជំនាញគូសប្លង់ប្រាសាទ ពីរាមច្បង និងអ្នកជំនាញចាស់ៗ ហើយអាចជាអ្នកស្នងការងារនេះ ទៅថ្ងៃខាងមុខ។ 
 
លោក ឈឿម មានមោទកភាពណាស់ចំពោះរឿងនេះ ហើយលោកចង់ឱ្យកូនចៅ និងអ្នកភូមិនគរក្រៅ ឯទៀតបន្តអាជីពមួយនេះកុំឱ្យដាច់ ដើម្បីក្លាយជាអ្នកបន្តវេនជួសជុលប្រាសាទរបស់ដូនតាខ្មែរ។ 
 
ជាទីកំណើតដ៏ស្រស់បំព្រង លោក ឈុត ឈឿម តែងលួចញញឹមជាប់ជានិច្ច ហើយថាលោកជាមនុស្ស មានសំណាងមួយរូប ដែលមានដូនតាកើតជានៅក្នុងតំបន់ប្រាសាទ។ ទោះសម័យសង្រ្គាម ខ្មែរក្រហមបានបណ្ដេញប្រជាពលរដ្ឋឆ្ងាយពីស្រុកភូមិយ៉ាងណាក្តី ក៏គ្រួសារលោក ឈឿម នៅតែត្រឡប់មករស់នៅភូមិកំណើតវិញ និងមិនមានក្ដីប្រាថ្នាបោះបង់ស្រុកកំណើត ឬទៅរស់នៅទីក្រុង ប្រើជីវិតទំនើបដូចគេដែរ។ លោក ឈឿម ថ្លែងដោយក្ដីមោទនដូច្នេះថា៖« តែងគិតថា ខ្លួនខ្ញុំមានសំណាងដោយសារខ្ញុំកើតមកនៅលើទឹកដីនេះ ហើយបានជិតអង្គរជាងគេទៀត។ ទោះគេជម្លៀសទៅឆ្ងាយ ចប់សង្រ្គាមវិញ ក៏នៅតែរត់មករកស្រុកកំណើតវិញ មិនចង់ទៅនៅកន្លែងណាទេ»។ 
 
ប្រធានគម្រោងជួសជុលកំពែងក្រុងអង្គរធំ និងជាគ្រូបង្រៀនប្លង់ដល់លោក ឈុត ឈឿម គឺលោក ម៉ៅ សុខនី។ សម្រាប់លោក សុខនី ភាពឈ្លាសវៃ និងការខិតខំអំណត់ ជាអ្វីដែលលោក ឈឿម អាចវិវឌ្ឍន៍ខ្លួនតោងជំនាញថ្មីបាន។ ក្រៅពីនេះ លោកក៏លើកទឹកចិត្តដល់កម្មករដទៃទៀត ឱ្យខិតខំ និងស្វែងរកក្ដីស្រមៃរបស់ខ្លួន បើទោះបីជាខ្លួនឯងកំពុងស្ថិតនៅកន្លែងណា ឬកាលៈទេសៈណាក៏ដោយ។ 
 
សព្វថ្ងៃ លោក ឈុត ឈឿម អាចជំនួសការងារលោក សុខនី បានមួយចំនួនធំ ពិសេសការងារនៅកំពែងក្រុងអង្គរធំតែម្ដង។ លោក សុខនី ឱ្យលោក ឈឿម ដើរសម្រង់ប្លង់ផែនទីហានិភ័យ ជុំវិញកំពែងក្រុងនេះស្ទើរបញ្ចប់រួចរាល់ហើយដែរ។ ទន្ទឹមនឹងនេះ លោក សុខនី ក៏សង្ឃឹមថា លោក ឈឿម ព្រមទាំងយុវជនក្រោយៗទៀត បន្តអភិវឌ្ឍន៍ខ្លួនពីកម្មករ ឬជាឆ្មាំ ទៅជាអ្នកជំនាញដ៏ចំណានមួយរូប ដើម្បីចូលរួមថែរក្សា សង្រ្គោះអភិរក្សប្រាសាទឱ្យកាន់តែមុតមាំបន្ថែម៕
 

Tag:
 ឆ្មាំប្រាសាទ
  អភិរក្សប្រាសាទ
  អ្នកភូមិអង្គរ
  អប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com