ជាតិ
បទសម្ភាសន៍
វីដេអូ
ហេតុអ្វីព្រះសពគ្រូចៅអធិការវត្ត ត្រូវតម្កល់ទុកយូរឆ្នាំមុនធ្វើពិធីបុណ្យបូជារំលាយព្រះ សព?
19, May 2024 , 8:20 pm        
រូបភាព
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ បណ្ដាវត្តអារាមនានា តែងតម្កល់ព្រះសពព្រះគ្រូចៅអធិការទុក​ក្នុងរយៈពេល​កំណត់ណាមួយ មុនធ្វើពិធីបុណ្យបូជា។ ការតម្កល់ព្រះសពទៀតសោត អាចមានរយៈ​ពេល​ពី៣ឆ្នាំ ៥ឆ្នាំឬអាចដល់ ៩ឆ្នាំក៏មាន។ ការពន្យារពេលធ្វើពិធីបុណ្យបូជារំលាយ​ព្រះ​សព​នេះ គឺដើម្បីទុកឱកាសឱ្យសិស្សគ ណឬសាច់ញាតិជិតឆ្ងាយបានដឹងឮ និងដើម្បីមានពេលគ្រប់​គ្រាន់ក្នុងការរៀបចំពិធីបុណ្យឱ្យស័ក្តិសម ទៅនឹងកិត្តិយសរបស់ព្រះសព​ដែរ។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង លោក ថោង ប្រណី នៃសារព័ត៌មានថ្មីៗ និងតេជគុណ យឿម យានី ជាព្រះគ្រូចៅ​អធិការស្ដីទីវត្តប្រាសាទលលៃ ដូចតទៅ៖ 
 
 
ក្រោយតម្កល់ទុកជាយូរឆ្នាំ ព្រះសពអតីតព្រះគ្រូចៅអធិការវត្តនីមួយៗ​តែងត្រូវបានយកមក​​ធ្វើពិធីបុណ្យបូជារំលាយ។ តែមុនធ្វើពិធីបុណ្យនេះឡើង ត្រូវមានការព្រមព្រៀងគ្នាពី​​ព្រះគ្រូ ចៅអធិការថ្មី និងសាច់សារលោហិតរបស់ព្រះសពផ្ទាល់ និងមានការចូលរួមសហការ​ពីពុទ្ធ​បរិស័ទចំណុះជើងវត្ត។
 

ក្រៅពីព្រះសពព្រះគ្រូចៅអធិការ គេតែងឃើញមានសពរបស់ពុទ្ធបរិស័ទផ្សេងទៀតដែរ ត្រូវបានយកមកដង្ហែក្នុងកម្មវិធីនេះ។ ការណ៍នេះ ព្រះតេជគុណ យឿម យានី ជាព្រះគ្រូចៅ​អធិការស្ដីទីវត្តប្រាសាទលលៃ ពន្យល់ថា សម្រាប់ពុទ្ធបរិស័ទដែលខ្វះ​ធនធានតែងពឹងផ្អែក​លើព្រះសង្ឃ ព្រោះថាការរៀបចំពិធីបុណ្យសពគឺចំណាយធនធានច្រើន។ ដូច្នេះពុទ្ធបរិស័ទ​ក៏បាន​ប្រមូល​គ្នាគាស់សពយកមកធ្វើបុណ្យជុំគ្នាតែម្ដង។ ព្រះតេជគុណមានសង្ឃដីកា​បន្ត​ថា ការមកចូលរួមនេះ គឺជាបុណ្យមហាសាមគ្គីក្នុងវត្ត ដែលជាប្រពៃណី តមកតាំងពី​បុរាណ។ តួយ៉ាង ព្រះសពព្រះតេជគុណ ខាំ ថន អតីតពីព្រះគ្រូចៅអធិការវត្តប្រាសាទ​លលៃ ដែលបានទទួលអនិច្ចធម្ម និងបានតម្កល់ទុករយៈពេល៩វស្សាមកហើយ។ តែពេល​នេះ មានការព្រមព្រៀងគ្នាពីសាច់ញាតិព្រះសព និងក្រុមគ្រួសារសពដទៃទៀត ទើបមូល​មតិគ្នា​រៀបចំពិធីបូជារំលាយព្រះសពនេះឡើង។



ក្នុងពិធីបុណ្យនេះ មានកិច្ចសំខាន់ៗមួយចំនួនដូចជា«កិច្ចលួចព្រះសព»។ កិច្ចនេះធ្វើឡើង​ក្នុងន័យ រំកិលព្រះសពពីទីតម្កល់ឬហោត្រៃ ក្នុងវត្តទៅកាន់កន្លែងមួយផ្សេងទៀត ដើម្បី​រៀបចំពិធី​ដង្ហែព្រះសពមកកាន់ព្រះមេរុ។ កិច្ចនេះតែងនិយមធ្វើឡើងនៅពេលយប់ស្ងាត់ ជួន​កាលពុំបានឱ្យបរិស័ទដឹងនោះទេ។ ការណ៍នេះ អាស្រ័យលើការរៀបចំរបស់​អាចារ្យ​នីមួយៗ​ដើម្បីឱ្យមានភាពភ្ញាក់ផ្អើល។ ម្យ៉ាងទៀតក៏ដើម្បីកៀរគរពុទ្ធបរិស័ទឱ្យមកចូលរួម​បានកាន់តែច្រើនផងដែរ។ នេះបើយោងតាមសង្ឃដីការបស់ព្រះតេជគុណ យឿម យានី មកកាន់សារព័ត៌មានឌីជីថលថ្មីៗ។
 


បន្ថែមពីនេះ កិច្ចសំខាន់មួយទៀតដែលមិនអាចខ្វះបាន​ក្នុងពិធីបុណ្យសពគឺ​«កិច្ចបំបួសមុខ​ភ្លើង​»។ ក្នុងពិធីបុណ្យសពទូទៅ ឃើញមានអ្នកបួសមុខភ្លើងតែម្នាក់ប៉ុណ្ណោះ។ ហើយអ្នក​ដែលបួសនេះ គឺត្រូវជាគ្រួសារសាច់ញាតិរបស់បុគ្គលដែលបានទទួលមរណកាល។ ដោយ​ឡែកក្នុងពិធីបុណ្យបូជារំលាយព្រះសពនេះ មានអ្នកចូលរួមបួសជាច្រើនអ្នក។ នេះដោយ​សារតែក្រៅពីគ្រួសារសាច់ញាតិរបស់ព្រះសពព្រះគ្រូចៅអធិការ ក៏មានសិស្សគណផ្សេង ទៀតចូលរួមបួសដើម្បីតបស្នងសងគុណដល់ព្រះសព។
 
ក្រៅពីនេះ នៅមានពិធីសំខាន់ៗផ្សេងទៀតដូចជាពិធីសូត្រមន្ត ការសម្ដែងព្រះធម៌ទេសនា ការស្មូតនានាធម្មសង្វេគ និងពិធីបូជាព្រះភ្លើងប្រគេនព្រះសពជាដើម៕














Tag:
 Thmeythmey
  thmeythmey25
  ពិធីបុណ្យបូជារំលាយព្រះសព
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com